កោះកុង៖ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានអញ្ជើញ ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យការសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង។ កម្មវិធីប្រព្រឹត្តទៅនៅថ្ងៃទី១០ ដល់ ១២ ខែតុលា ឆ្នាំ២០២០។
លោក ម៉ៅ ហាវណ្ណាល់ មានប្រសាសន៍ថា គោលបំណងនៃបេសកម្មចុះពិនិត្យការសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុងរួមមាន ពិនិត្យលើរបាយការណ៍នៃការសាងសង់ រាយកាណ៍ដោយក្រុមហ៊ុន Union Development Group, ការចុះពិនិត្យទីតាំងគម្រោងសាងសង់, ពិភាក្សា និងផ្លាស់ប្តូរព័ត៌មានរវាង រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមការងារអាកាសយានដ្ឋាន Union Development Group ស្តីពីវឌ្ឍនភាពគម្រោងសាងសង់អាកាសយានដ្ឋាន និង, បញ្ហាផ្សេងៗ។
បើយោងតាមគម្រោង ការរៀបចំពេលវេលាសំខាន់ៗរបស់គម្រោងសាងសង់អាកាសយានដ្ឋានរួមមាន៖ ការរៀបចំធ្វើ សុពលភាពហោះហើរ ( Flight Validation) នឹងគ្រោងបញ្ចប់នៅខែធ្នូ ឆ្នាំ ២០២០, បញ្ចប់ សុពលភាពហោះហើរ ( Flight Validation)នឹងធ្វើនៅខែ កុម្ភៈ ឆ្នាំ ២០២១, ទទួលបញ្ចប់គម្រោងសាងសង់អាកាសយានដ្ឋាន មុនថ្ងៃទី២០ ខែមិនា ឆ្នាំ២០២១, ការធ្វើការហោះហើរសាកល្បងនៅ មុនថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១, បំពេញទទួលបញ្ចប់គម្រោងអាកាសយានដ្ឋាន ផ្សេងៗទៀត មុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១, ទទួលគម្រោងអាកាសយានដ្ឋាន ដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មុនថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១, ការបំពេញលក្ខខណ្ឌប្រតិបត្តិការអាកាសយានដ្ឋាន (សុំវិញ្ញាបនបត្រប្រតិបត្តិការអាកាសយានដ្ឋាន) និងចាប់ផ្តើមប្រតិបត្តិការអាកាសយានដ្ឋាន នាពាក់កណ្តាលឆមាសទី០២ ឆ្នាំ២០២១៕
ដោយ៖CEN