ខេត្តមណ្ឌលគិរី៖ មន្ត្រីនៃរដ្ឋបាលខេត្តមណ្ឌលគីរី បានឲ្យដឹងថា គិតមកត្រឹមល្ងាចថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ រថយន្តពន្លត់អគ្គីភ័យ ឬឡានទឹកចំនួន ៤គ្រឿង នៅតែបន្តបូមទឹកយកទៅពន្លត់ ភ្នក់ភ្លើង ដែលឆេះផ្សារសែនមនោរម្យ កាលពីវេលារំលងអាធ្រាតយប់ដដែលនេះ ទោះបីជាអគ្គីភ័យបានរលត់ទាំងស្រុងទៅហើយក្ដី ប៉ុន្តែនៅតាមគំនរផេះ គឺនៅមានភ្លើង និងផ្សែងហុយចេញនៅឡើយ។ សមត្ថកិច្ចពន្លត់អគ្គីភ័យ ថ្លែងថា អគ្គីភ័យនេះ នៅតែជាបញ្ហាត្រូវព្រួយបារម្ភ ព្រោះខ្លាចឆេះរីករាលដាលជាថ្មីទៀត ដែលចាំបាច់ត្រូវពន្លត់ភ្លើងនេះឲ្យរលត់ទាំងស្រុង ដើម្បីបង្ការ។
ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត មណ្ឌលគីរី កាលពីល្ងាចថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ បានចុះសួរសុខទុក្ខក្រុមអាជីវករទាំង ២០៩គ្រសារ ដែលរងគ្រោះក្នុងអគ្គីភ័យមួយនេះ។ នាឱកាសនោះ លោកបាននាំយកការផ្តាំផ្ញើសួរសុខទុក្ខ និងការចូលរួមរំលែកទុក្ខ ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជាផងដែរ។
ក្នុងសកម្មភាពចុះសួរសុខទុក្ខនេះ ឯកឧត្តម ស្វាយ សំអ៊ាង បាននាំយកអំណោយរួម និងថវិកាមួយចំនួន រួមមាន៖ គ្រឿងឧបភោគ-បរិភោគ មុងភួយ តង់ ព្រមទាំងថវិកាមួយចំនួន យកទៅផ្ដល់ជូនជនរងគ្រោះ ដើម្បីជួយសំរាលទុក្ខលំបាក។ ចំណែកក្រុមគ្រួសារជនរងគ្រោះបាត់បង់ជីវិត ក្នុងឧបទ្ទវហេតុអគ្គីភ័យ ចំនួន ២គ្រួសារ បានទទួលបានទទួលថិវកាក្នុង ១គ្រួសារៗចំនួន ២លានរៀល និងអ្នករងរបួសទទួលបានថវិកាម្នាក់ៗ ១លានរៀល។ សរុបថវិកា ដែលកាកបាទក្រហមកម្ពុជា បានជួយដល់ជនរងគ្រោះក្នុងជំហ៊ានដំបូងនេះ មានចំនួនជាង ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
កាលពីវេលារំលងអាធ្រាត ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ មានមនុស្សចំនួន ២នាក់ បានស្លាប់ភ្លាមៗក្នុងភ្នក់ភ្លើង និងរបួសធ្ងន់៣នាក់ ដោយសារអគ្គីភ័យឆាបឆេះផ្សារសែនមនោរម្យ នាខេត្តមណ្ឌលគីរី។ អគ្គីភ័យនេះ សមត្ថកិច្ចនគរបាលខេត្តមណ្ឌលគីរី បានឲ្យដឹងថា បានធ្វើឲ្យមានការខូចខាត់ទ្រព្យសម្បតិ របស់ក្រុមអាជីវករខ្ទង់ទឹកប្រាក់រាប់លានដុល្លារសហរដ្ឋអាមេរិក និងបានឆេះតូប -ផ្ទះលក់ដូរចំនួន ២០៩ខ្នង បានឆាបឆេះទាំងស្រុង ក្នុងចំនួនសរុប ២២០តូប-ផ្ទះ។
លោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង ស្នងការខេត្តមណ្ឌលគីរី បានឲ្យដឹងថា ជនរងគ្រោះ ដល់អាយុជីវិតមានឈ្មោះ សេង ម៉ូ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ និង ឈ្មោះ ទូច ណាវីន ភេទប្រុស អាយុ១៣ ឆ្នាំ ជនជាតិខ្មែរ។ ចំណែក អ្នករងរបួសមានឈ្មោះ ងូវ ពិសី ភេទស្រី អាយុ២៣ ឆ្នាំ ជនជាតិខ្មែរ។ ឈ្មោះ ម៉ក់ សេង វ៉ុន ភេទប្រុស អាយុ ៥២ ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ម៉ក់ សុភក្ត្រ័ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខែ្មរ។
យ៉ាងណាក៏ដោយចុះ លោក អ៊ុក សំណាង មិនទាន់សន្និដ្ឋានទៅលើអគ្គីភ័យ ដែលបានឆាបឆេះផ្សារសែនមនោរម្យ កាលអាធ្រាតថ្ងៃទី១០ ខែកុម្ភៈ បណ្តាលមកពីមូលហេតុអ្វីឲ្យពិតប្រាកដនៅឡើយទេ ដោយបញ្ជាក់ខ្លីថា អគ្គីភ័យនេះ សមត្ថកិច្ចជំនាញមួយក្រុមកំពុងបើកការស៊ើបអង្កេត ស្រាវជ្រាវរកមូលហេតុពិត នាំឲ្យកើតមានភ្លើងឆេះផ្សារសែនមនោរម្យនេះឲ្យបានត្រឹមត្រូវជាមុនសិន ទើបប្រកាសឲ្យដឹងជាក្រោយ៕ ដោយ៖ សមុទ្រឈើ