Sunday, January 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការផ្ដល់ហិរញ្ញប្បទាន និងជំនួយផ្សេងៗរបស់មិត្តចិនដល់កម្ពុជា រួមទាំងនៅក្នុងកិច្ចសហប្រតិបត្តិការនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ បានជួយរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា

ស្វាយរៀង៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា ការផ្ដល់ហិរញ្ញប្បទាន និងជំនួយផ្សេងៗរបស់មិត្តចិនដល់កម្ពុជា រួមទាំងនៅក្នុងកិច្ចសហប្រតិបត្តិការនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលបានដាក់ចេញដោយ ឯកឧត្ដមប្រធានាធិបតីចិន ស៊ី ជីនពីង មិនត្រឹមតែបានជួយរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងជួយពង្រឹងឯករាជ្យភាព ខាងនយោបាយរបស់កម្ពុជាទៀតផង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញជាអធិបតីតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតសំបកកង់រថយន្តរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ (ខេមបូឌា) ឯ.ក ដោយមានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម WANG WENBIN ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ។

នៅក្នុងសុន្ទរកថាគន្លឹះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីទំនាក់ទំនងយ៉ាងស្អិតល្មួតរវាងកម្ពុជា និងមិត្តចិន ហើយនឹងបន្តរឹតបន្តឹងចំណងមិត្តភាពទំនាក់ទំនងការទូតមួយនេះ ឱ្យកាន់តែមានភាពល្អប្រសើរឡើង ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប រួមទាំងការសម្រេចឱ្យបាននូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ និងស្តង់ដារខ្ពស់ និងពង្រឹងទំនុកចិត្តផ្នែកនយោបាយ ដែលកសាងឡើងដោយថ្នាក់ដឹកនាំមុនៗ។ លើសពីនេះ ការផ្ដល់ហិរញ្ញប្បទាន និងជំនួយផ្សេងៗរបស់មិត្តចិនដល់កម្ពុជា រួមទាំងនៅក្នុងកិច្ចសហប្រតិបត្តិការនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលបានដាក់ចេញដោយ ឯកឧត្ដមប្រធានាធិបតីចិន ស៊ី ជីនពីង មិនត្រឹមតែបានជួយរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងជួយពង្រឹងឯករាជ្យភាព ខាងនយោបាយរបស់កម្ពុជាទៀតផង។

បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីតួលេខនៃការកើនឡើងរបស់គម្រោងវិនិយោគ ដែលបង្ហាញឱ្យឃើញពីការជឿទុកចិត្តរបស់វិនិយោគិនមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងកត្តាសំខាន់ៗដូចជា៖ (១)កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច (២)លក្ខខណ្ឌល្អប្រសើរនៃក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត និង (៣)ការបើកចំហសេដ្ឋកិច្ច ទទួលការវិនិយោគស្ទើរលើគ្រប់វិស័យ ជាពិសេសភាពអំណោយផលនៃលក្ខខណ្ឌ និងការលើកទឹកចិត្តវិនិយោគ ដូចមានចែងក្នុងច្បាប់ស្ដីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីការដាក់ឱ្យប្រើប្រាស់ជាសាធារណៈនូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (CDC Investment Project Management -cdcIPM) ជាថ្នាលបច្ចេកវិទ្យាដែលអនុញ្ញាតឱ្យវិនិយោគិនអាចដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមប្រព័ន្ធអនឡាញបានពីគ្រប់ទីកន្លែង ទាំងការដាក់ពាក្យ ការបង់កម្រៃសេវា និងការទទួលបាននូវវិញ្ញាបនបត្រចុះបញ្ជីគម្រោងជាទម្រង់ឌីជីថល ផងដែរ និងឈានទៅដល់ការតភ្ជាប់ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនាពេលខាងមុខ និងបានលើកទឹកចិត្តវិនិយោគិនទាំងអស់ដែលមានបំណងស្នើសុំដាក់ពាក្យចុះបញ្ជីគម្រោងវិនិយោគថ្មី ឬគម្រោងពង្រីកគម្រោងវិនិយោគរបស់ខ្លួនដែលបានចុះបញ្ជីស្រាប់នៅ ក.អ.ក.ប្រើប្រាស់ប្រព័ន្ធនេះ ដើម្បីភាពងាយស្រួល និងចំណេញពេលវេលា។

មុននឹងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្ត ដល់វិនិយោគិនទាំងអស់ បន្តចូលរួមផ្សព្វផ្សាយព័ត៌មាន ល្អៗ អំពីបរិយាកាសវិនិយោគនៅកម្ពុជា ទៅកាន់វិនិយោគិនផ្សេងៗទៀត ដើម្បីធ្វើការទាក់ទាញវិនិយោគិនមកបណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា ដើម្បីបង្កើតការងារបន្ថែមជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជា ជំរុញកំណើនសេដ្ឋកិច្ចជាតិដើម្បី ឆ្ពោះទៅសម្រេចបានចក្ខុវិស័យជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ស្ថាប័នពាក់ព័ន្ធ និងមន្ត្រីរាជការទាំងអស់ ក្នុងការជួយសម្រួលដល់នីតិវិធីរដ្ឋបាលចាំបាច់ដែលនាំទៅដល់ការបង្កើតរោងចក្រ របស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ នៅក្នុងខេត្តស្វាយរៀង ជាពិសេសការខិតខំប្រឹងប្រែងក្នុងការផ្តល់នូវកិច្ចសម្រួលគ្រប់បែបយ៉ាងដល់វិនិយោគិន និងសូមលើកទឹកចិត្តដល់មន្ត្រីរាជការ និងកម្មករនិយោជិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងអស់ ឱ្យខិតខំប្រឹងប្រែងបន្តធ្វើការងាររបស់ខ្លួន និងរក្សាឱ្យបាននូវអាកប្បកិរិយាវិជ្ជមានប្រកបដោយវិជ្ជាជីវៈ ដើម្បីធានាបាននូវភាពជោគជ័យនៃរោងចក្ររបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ និងរួមចំណែកដល់ការរក្សានូវរូបភាពវិជ្ជមានរបស់កម្ពុជា។

សូមជម្រាបជូនដែរថា៖ តំបន់សេដ្ឋកិច្ចពិសេស នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញ ការវិនិយោគនៅកម្ពុជា ដែលរហូតមកទល់ពេលបច្ចុប្បន្ន កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ៥២តំបន់ ដែលកំពុងដំណើរការមានចំនួន ២៨តំបន់ ដោយបានស្រូបយកគម្រោងវិនិយោគប្រមាណ ៨៣៥គម្រោង ក្នុងទំហំទឹកប្រាក់វិនិយោគជាង ១១,៧ពាន់លាន ដុល្លារអាម៉េរិក និងបានផ្តល់ការងារជូនបងប្អូនកម្មករនិយោជិតប្រមាណជាង ១៩,៥ម៉ឺនកន្លែង។ ដោយឡែក នៅក្នុងខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១២ ដែលកំពុងដំណើរការ ហើយបានស្រូបទាញគម្រោងវិនិយោគប្រមាណ ២៨០គម្រោង ក្នុងទុនវិនិយោគប្រមាណ ៣ពាន់លាន ដុល្លារអាម៉េរិក និងបានផ្តល់ការងារជូនបងប្អូនកម្មករនិយោជិតប្រមាណ ៩៨ ០០០កន្លែង។ សម្រាប់តំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត នេះ បានស្រូបយកគម្រោងវិនិយោគចំនួន ១១គម្រោង ហើយវិស័យដែលគួរឱ្យកត់សម្គាល់នោះគឺការផលិតសំបកកង់យានយន្ត ដែលជាឧស្សាហកម្មមួយថ្មី និងប្រើប្រាស់បច្ចេកវិទ្យាខ្ពស់មិនធ្លាប់មាននៅកម្ពុជា។ ក្នុងចំណោមគម្រោងវិនិយោគផលិតសំបកកង់យានយន្តចំនួន ៦ ដែលមានវត្តមាននៅកម្ពុជា ក្នុងនោះមានគម្រោងវិនិយោគផលិតសំបកកង់យានយន្តចំនួន ២ ដែលបោះទីតាំងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ក្នុងនោះមានគម្រោងវិនិយោគមួយ ដែលយើងកំពុងចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់រោងចក្ររបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ (ខេមបូឌា) ឯ.ក WANLI TIRE (CAMBODIA) CO., LTD. នាពេលនេះ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×