Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការបរទេស បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងចិន ស្ដីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ឯកឧត្ដម វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ន ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំត្រីភាគី នៃរដ្ឋមន្ត្រីការបរទេសនិងមន្ត្រីយោធាជាន់ខ្ពស់ នៃកម្ពុជា ថៃ និងចិន ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅបឹងហ្វូសៀន (Fuxian Lake) ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន។

នេះជាលើកទីបីហើយ ដែលប្រទេសចិនបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងចិន ដែលជាការគូសបញ្ជាក់អំពីតួនាទីសកម្ម និងដោយស្ថាបនារបស់ចិន ក្នុងការលើកកម្ពស់កិច្ចសន្ទនា និងការ ទាក់ទងគ្នាផ្ទាល់ ដើម្បីជួយកាត់បន្ថយកំដៅជម្លោះព្រំដែនកម្ពុជា-ថៃ និងនាំស្ថានការណ៍ឆ្ពោះទៅរកសន្តិភាព។

កិច្ចប្រជុំនេះបានធ្វើឡើងភ្លាមៗ បន្ទាប់ពីកម្ពុជានិងថៃបាន់ចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមនៃកិច្ច ប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) លើកទី៣ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយមាន ការព្រមព្រៀងរវាងភាគីទាំងពីរ លើបទឈប់បាញ់ដែលបានចូលជាធរមាននៅពេលថ្ងៃ នៃថ្ងៃដដែល។

កិច្ចប្រជុំបានគូសបញ្ជាក់ថា អាទិភាពជាបន្ទាន់គឺការធានាឱ្យបានរឹងមាំនូវបទឈប់បាញ់ និងការធានា នូវការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។ ភាគីចិនបានសម្តែងការគាំទ្រចំពោះការប្តេជ្ញា ចិត្តរបស់កម្ពុជា និងថៃ ថានឹងខិតខំប្រឹងប្រែងជាអតិបរិមា ក្នុងគោលដៅធានាបទឈប់បាញឱ្យបានគ្រប់ ជ្រុងជ្រោយ និងខ្ជាប់ខ្ជួន សំដៅឈានទៅសន្តិភាពចីរកាល។ កិច្ចប្រជុំបានសង្កត់ធ្ងន់ថា សេចក្ដីថ្លែងការណ៍រួម នៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅលើកទី៣ បម្រើដល់ផលប្រយោជន៍ជាមូលដ្ឋាន និងយូរ អង្វែង របស់ប្រជាជននៃប្រទេសទាំងពីរ ហើយរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

ភាគីទាំងបីគាំទ្រដល់ការងាររបស់គណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែន ស្របតាមសេចក្តីថ្លែងការណ៍ រួមនៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅលើកទី៣។ កិច្ចប្រជុំបានសង្កត់ធ្ងន់ដល់កិច្ចខិតខំប្រឹង ប្រែងដើម្បីជួយសម្រួលដល់ការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ និងការស្ដារជីវភាពរស់នៅ នៅតាម ១ តំបន់ព្រំដែនដែលរងផលប៉ះពាល់។ ក្នុងន័យនេះ ភាគីចិនបានបង្ហាញពីការត្រៀមខ្លួនក្នុងការផ្តល់ជំនួយ ចាំបាច់ដល់កម្ពុជា និងថៃ ក្នុងការជំរុញការដោះមីនមនុស្សធម៌ តាមរយៈក្រុមការងារចម្រុះសម្របសម្រួល (JCTF) ការដោះមីន, ផ្តល់ជំនួយមនុស្សធម៌ដល់ជនភៀសសឹកនៅតាមតំបន់ព្រំដែនដែលរងផលប៉ះពាល់ និងផ្ដល់ការគាំទ្រជាសារវន្ត ដើម្បីធានាដល់ដំណើរការប្រកបដោយប្រសិទ្ធភាពរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ ប្រទេសទាំងបីក៏បានព្រមព្រៀងគ្នាក្នុងការចាត់វិធានការឱ្យកាន់តែមានប្រសិទ្ធភាពក្នុង ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន មានដូចជាឧក្រិដ្ឋកម្មតាមបណ្ដាញទូរគមនាគមន៍ និងការបោក ប្រាស់តាមបច្ចេកវិទ្យា ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនក្នុងតំបន់។
ភាគីទាំងបីបានបញ្ជាក់ជាថ្មីនូវការទទួលខុសត្រូវរួមរបស់ខ្លួន ក្នុងការការពារសន្តិភាព និងស្ថិរភាព ក្នុងតំបន់ ដោយកម្ពុជា និងថៃ បានអះអាងឡើងវិញនូវការប្តេជ្ញាចិត្ត ក្នុងការដោះស្រាយវិវាទដោយសន្តិវិធី នឹងធ្វើកិច្ចសហប្រតិបត្តិការដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់ ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។ ភាគីចិនក៏បានអះអាង សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបន្តសម្របសម្រួលការកសាងទំនុកចិត្ត និងសន្តិភាពចីរកាល ជាមួយនឹងគោលដៅកសាងសហគមន៍ដែលមានអនាគតរួមគ្នា ក្នុងចំណោមប្រទេសជិតខាង។

នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងការកោតសរសើរដ៏ជ្រាលជ ចំពោះតួនាទីសកម្មរបស់ប្រទេសចិន ជាពិសេសការដឹកនាំដ៏ច្បាស់លាស់ និងកិច្ចប្រឹងប្រែងផ្ទាល់ខ្លួន របស់ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ក្នុងការសម្របសម្រួលកិច្ចសន្ទនា និងការពិគ្រោះយោបល់ ដែល បានរួមចំណែកដល់បទឈប់បាញ់ និងលិទ្ធផលនៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅលើក ទី៣ នាពេលថ្មីៗនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា អាទិភាពទីមួយគឺការគោរពពេញ លេញ និងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃបទឈប់បាញ់ ដោយសុឆន្ទៈ និងស្មោះត្រង់ ដើម្បីធានា បាននូវភាពឋិតថេរនៃបទឈប់បាញ់នេះ ដែលនឹងជួយកសាងទំនុកចិត្ត កាត់បន្ថយភាពតានតឹង និងការ វិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអះអាងជាថ្មីអំពីជំហរ និងការ ប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការរក្សាបទឈប់បាញ់ ដើម្បីឱ្យភាគីទាំងពីរអាចឈានឆ្ពោះទៅរក សន្តិភាពចីរកាល កិច្ចសហប្រតិបត្តិការ និងភាពជាអ្នកជិតខាងដ៏ល្អ។

ជាជំហានឆ្ពោះទៅមុខ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីអាទិភាពសំខាន់ៗ ដែលរួម មានការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់ភាគីទាំងពីរ ចំពោះសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំពិសេស គណៈកម្មាធិការព្រំដែនទូទៅលើកទី៣ សន្ធិសញ្ញា និងអនុសញ្ញាដែលនៅជាធរមាន និងកិច្ចព្រមព្រៀង នានាដែលបានធ្វើកន្លងមក។ ឯកឧត្តមបានសង្កត់ធ្ងន់ជាពិសេសលើសារៈសំខាន់នៃការថែរក្សា និងគោរពបទ ឈប់បាញ់ ការធានាដល់ការដោះលែងយោធិនខ្មែរ ១៨នាក់ ដែលត្រូវបានចាប់ឃុំខ្លួន និងការធានាឱ្យ ប្រជាជនស៊ីវិលបានវិលត្រឡប់ទៅលំនៅឋានក្នុងតំបន់រងគ្រោះ និងប្រកបជីវភាពរស់នៅជាធម្មតា ដោយ សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមពីសារៈសំខាន់នៃការរៀបចំកិច្ចប្រជុំគណៈកម្មការ ចម្រុះខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់ ដើម្បីបន្តការងារវាស់វែង និងការបោះបង្គោលព្រំដែន, ការជំរុញកិច្ច សហប្រតិបត្តិការជាក់ស្ដែងក្នុងក្របខ័ណ្ឌដែលបានព្រមព្រៀងគ្នា, ការពង្រឹងការកសាងទំនុកចិត្តតាមរយៈ ការទំនាក់ទំនងផ្នែកយោធា និងការទូតឱ្យបានជាប់ប្រចាំ និងការពង្រឹងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍ អាស៊ាន។ ឯកឧត្តមក៏បានបញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដោយសង្កត់ធ្ងន់លើការទទួលខុស់ត្រូវរួមក្នុងនាមជាប្រទេសជិតខាង ខណៈ ដែលប្រទេសកម្ពុជា និងថៃ នៅតែជាអ្នកជិតខាងគ្នាអចិន្ត្រៃយ៍ ដើម្បីធានាសន្តិភាព និងស្ថិរភាពចីរកាល សម្រាប់ប្រជាជន់នៃប្រទេសទាំងពីរ សម្រាប់តំបន់ និងសម្រាប់គ្រួសារអាស៊ាន។ ឯកឧត្តមបានលើកទឹក ចិត្តចិនឱ្យបន្តតួនាទីស្ថាបនារបស់ខ្លួន ក្នុងការគាំទ្របទឈប់បាញ់ និងសម្របសម្រួលដំណោះស្រាយដ៏ ត្រឹមត្រូវ និងយូរអង្វែង។

ក្នុងឱកាសនៃកិច្ចប្រជុំត្រីភាគី នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បាន ជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម វ៉ាង យី។ រដ្ឋមន្ត្រីការបរទេសទាំងពីរបានអះអាងជាថ្មីនូវការ ប្តេជ្ញាចិត្តចំពោះមិត្តភាពដែកថែបកម្ពុជា-ចិន និងបានឯកភាពគ្នាពង្រឹងបន្ថែមទៀតនូវភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជំរុញការកសាងសហគមន៍កម្ពុជា-ចិនគ្រប់រដូវកាលជាមួយនឹងអនាគតរួមគ្ន ក្នុងយុគសម័យថ្មី។ ភាគីទាំងពីរបានប្តេជ្ញាពង្រឹងការប្រាស្រ័យទាក់ទងជាន់ខ្ពស់ជាទៀងទាត់ និងជំរុញឱ្យ កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើគ្រប់កម្រិត និងគ្រប់វិស័យ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់ ស្តីពីបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់រួមគ្នា ជាពិសេសការវិវត្តចុងក្រោយបំផុតពាក់ព័ន្ធ នឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរួមគ្នានៅក្នុងតំបន់។ ឯកឧត្តម វ៉ាង យី ក៏បានប្រកាស ពីការត្រៀមខ្លួនរបស់ចិន ក្នុងការផ្តល់ជំនួយមនុស្សធម៌សម្រាប់តម្រូវការចិញ្ចឹមជីវិតរបស់ជនភៀសសឹកនៅ តាមតំបន់ព្រំដែនដែលរង់ផលប៉ះពាល់ រួមទាំងជំនួយសង្គ្រោះបន្ទាន់ដែលមានតម្លៃ ២០លានយ័ន សម្រាប់ជនភៀសសឹកក្នុងប្រទេសកម្ពុជា ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃថ្មីៗនេះ។

នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានជួបពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្តម Sihasak Phuangketkeow រដ្ឋមន្ត្រីក្រសួងការបរទេសថៃ។ ភាគីទាំងពីរបានបញ្ជាក់ ជាថ្មីនូវការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ និងការអនុវត្តពេញលេញនូវសេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំ ពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) លើកទី៣ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយសង្កត់ ធ្ងន់ទៅលើភាពចាំបាច់នៃការលើកកម្ពស់ទំនាក់ទំនងជិតស្និទ្ធ ការជឿទុកចិត្តគ្នា នឹងការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីធានាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅតាមព្រំដែន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×