Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​ពិភាក្សា​លើ​ការរៀបចំ​សេចក្តីព្រាងច្បាប់​ស្ដីពី​កំពង់ផែ​

​ភ្នំពេញ​៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ស្ដីពី​កំពង់ផែ ដើម្បី​ពិនិត្យ និង​កំណត់​យក ឃ្លា ប្រយោគ និង​និយមន័យ ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ស៊ីជម្រៅ​បន្ថែមទៀត​។

​ច្បាប់​នេះ​មាន​គោលបំណង​គ្រប់គ្រង និង​អភិវឌ្ឍ​កំពង់ផែ ជំរុញ​ពាណិជ្ជកម្ម​ជាតិ និង​អន្តរជាតិ ដើម្បី​ទ្រទ្រង់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​រក្សាបាន​នូវ​សណ្ដាប់ធ្នាប់​សម្រាប់​ការអភិវឌ្ឍ​កំពង់ផែ ផ្ដល់​ភាពងាយស្រួល​ដល់​អ្នកប្រើប្រាស់​សេវា​កំពង់ផែ ផ្តល់​កាលានុវត្តភាព​ដល់​ការវិនិយោគ ប្រកួតប្រជែង​ប្រកបដោយ​សមធម៌ ធានា​សុវត្ថិភាព សន្តិសុខ​កំពង់ផែ និង​រួមចំណែក​ការពារ​បរិស្ថាន​។​

​លោក​រដ្ឋមន្ត្រី​ប្រធាន​អង្គប្រជុំ​បានស្នើ​ឱ្យ​ក្រុមការងារ​ជំនាញ​បច្ចេកទេស​ពិនិត្យ​បន្ថែម និង​សិក្សា​ពាក្យ ឃ្លា ប្រយោគ​ឱ្យបាន​ល្អិតល្អន់​ស៊ីជម្រៅ ជាពិសេស​ឯកសារ​គតិ​យុត្ត​ពាក់ព័ន្ធ​ទាំងឡាយ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​សិក្សា​គំរូ​ច្បាប់​របស់​ប្រទេស​នានា និង​ថ្លឹងថ្លែង​ប្រៀបធៀប​ដើម្បី​ជា​មាគ៌ា​ក្នុង​ការរៀបចំ​សេចក្តីព្រាង​ច្បាប់​នេះ​ឱ្យមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​ផងដែរ​។​

​ជាមួយគ្នា​នោះ​ផងដែរ លោក​រដ្ឋមន្ត្រី បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​ក្រុមការងារ​បច្ចេកទេស​ជំនាញ ពាក់ព័ន្ធ​ខិតខំ​ប្រឹងប្រែង​ព​ន្លឿ​ន​ការរៀបចំ​សេចក្តីព្រាងច្បាប់​នេះ​ឲ្យ​បាន​ឆាប់​តាមតែ​អាចធ្វើ​ទៅបាន​ដើម្បី ដាក់ជូន​គណៈរដ្ឋមន្ត្រី​ប្រជុំពិភាក្សា​បន្ត​។ លើសពីនេះ​ទៀត លោក បាន​ណែនាំ​ឲ្យ​ក្រុមការងារ​ជំនាញ​ពិនិត្យមើល​ខ្លឹមសារ​នៃ​ច្បាប់​ធ្វើយ៉ាងណា​កុំ​ឲ្យ​ច្បាប់​ស្ដីពី​កំពង់ផែ​នេះ​ប្រាស់ចាក​ពី​ខ្លឹមសារ​ច្បាប់​អន្តរជាតិ និង​ច្បាប់​របស់​បណ្តា​ប្រទេស ផ្សេងទៀត​ផងដែរ​។​

​សូមជម្រាបថា​កម្ពុ​ជាមាន​កំពង់ផែ​ទន្លេ​មាន​សរុប​ទាំងអស់​ចំនួន​៧៨​កំពង់ផែ ឋិត​នៅតាម​ដង​ទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ និង​បណ្ដា​ខេត្ត​នានា ដោយឡែក​កំពង់ផែ​សមុទ្រ​មាន ចំនួន​២៧​។ មុខងារ​កំពង់ផែ​ទាំងនោះ​ត្រូវបាន​បែង​ចែកចេញជា​កំពង់ផែ​ពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ និង​ផែ​ប្រេង​ជាដើម ហើយ​ត្រូវបាន​គ្រប់គ្រង​ដោយ​រដ្ឋ​ផង និង​ឯកជន​ផង​។ កំពង់ផែ​ទាំងនោះ មាន​តួនាទី​សំខាន់​ណាស់​នៅក្នុង​ការជំរុញ​សកម្មភាព​ពាណិជ្ជកម្ម​គ្រ​ប់​ប្រភេទ ក្នុង​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ តំបន់ និង​អន្តរជាតិ​៕
ដោយ​៖CEN​

×