ខេត្តព្រះសីហនុ៖ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នឹងសម្ពោធជាផ្លូវការនៅរង្វង់ខែ តុលា ឆ្នាំ២០២២ នូវផ្លូវរត់សម្រាប់ការហោះឡើង និងចុះចត យន្តហោះ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពេលវេលាដ៏សមគួរណាមួយ។
នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ក្នុងពិធីសូត្រមន្ត បញ្ចប់ការងារពង្រីក និងជួសជុលផ្លូវរត់ (Runway) នៅអាកាសយាន្តដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ដើម្បីបង្កើនសមត្ថភាពឆ្លើយតបទៅនឹងតម្រូវការ អាកាសយានដ្ឋានផ្លូវយន្តហោះឡើងនិងចុះ (airstrip) បច្ចុប្បន្ន នៅក្នុងរយៈពេល៥ឆ្នាំចុង ក្រោយនេះ ខេត្តព្រះសីហនុ បានក្លាយជាទិសដៅគួរឱ្យទាក់ទាញ តាមរយៈកំពង់ផែសមុទ្រទឹកជ្រៅ ដែលស្ថិតនៅក្រោមដំណើរការអភិវឌ្ឍ និងឆ្នេរសមុទ្រធម្មជាតិយ៉ាងស្រស់ស្អាត និងឆ្នេរកោះ ដែលបានទាក់ទាញវិនិយោគិន ធុរកិច្ច និងភ្ញៀវទេសចរជាតិ អន្តរជាតិជាច្រើន មកបណ្ដាក់ទុន និងដំណើរកម្សាន្តទេសចរណ៍នៅកម្ពុជា។
ឯកឧត្តមបានបន្តថា ដើម្បីប្រើប្រាស់សក្តានុពលសម្បូរបែបរបស់ខេត្តព្រះសីហនុ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់អាទិភាពទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍបណ្តាញតភ្ជាប់ផ្លូវអាកាស និងដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែង អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានជង្រីកផ្លូវរត់បន្ថែមពី ២.៥០០ម៉ែត្រ ឱ្យដល់ ៣.៣០០ម៉ែត្រ បន្ថែមពីលើការពង្រឹងផ្លូវយន្តហោះឡើងនិងចុះ (airstrip) បច្ចុប្បន្ន និងមានប្រវែងវែងជាងគេនៅក្នុងប្រទេសកម្ពុជា។ហើយផ្លូវរត់យន្តហោះនេះក្រោមការវិនិយោគដែលមានទឹកប្រាក់ចំនួន៥៨ លានដុល្លារអាមេរិក និងត្រូវបានគ្រោងដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២២ ខាងមុខនេះ។
ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់ថា ចំពោះការបើកដំណើរការ ស្ថាបនាពង្រីក ជួសជុល គឺចាប់ពីខែកក្កដា ឆ្នាំ២០១៨ កន្លងទៅគម្រោងពង្រីកផ្លូវរត់នេះ បានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងសន្ទុះកំណើនអ្នកដំណើរយ៉ាងខ្លាំង និងដោយមានគោលបំណងទទួលការចុះចតរបស់យន្តហោះធំៗ (កូដ E) ដូចជាយន្តហោះB-777-300ER ឬយន្តហោះA-350-1000 ដែលធ្វើប្រតិបត្តិការហោះហើរត្រង់រយៈចម្ងាយឆ្ងាយទៅ/មកពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ៕
ដោយ៖CEN