ភ្នំពេញ៖ ស្ថិតិរបស់ការិយាល័យជំរឿនសហរដ្ឋអាមេរិក បានឲ្យដឹងថា គិតពីខែមករា ដល់ខែសីហា ឆ្នាំ២០២០ ពោលគឺ៨ខែឆ្នាំនេះ កម្ពុជា បាននាំចេញផលិតផលរបស់ខ្លួន ក្នុងតម្លៃ ៤០៩៦ លានដុល្លារអាមេរិក ទៅកាន់ទីផ្សារប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោក។ ចំនួននេះ បានកើនឡើងប្រមាណ ២២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩ កន្លងទៅ។
ក្នុងរយៈពេល ៨ខែ ឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក បានកើនឡើងដល់ ៤២៩៤លានដុល្លារ ពោលគឺបានកើនឡើង ១៥,៦ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ កាលពីឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មទ្វេភាគី បានឈានដល់ទំហំទឹកប្រាក់ចំនួន ៥,៨ ពាន់លានដុល្លារ កើនឡើង ៣៧ភាគរយ បើប្រៀបធៀបពីមួយឆ្នាំទៅមួយឆ្នាំ។
ប្រទេសកម្ពុជា បាននាំចូលទំនិញ ក្នុងទឹកប្រាក់សរុប ៣៥៥លានដុល្លារ ពីសហរដ្ឋអាមេរិក ពោលគឺធ្លាក់ចុះ ៤៤ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ទំនិញដែលបាននាំចូលពីសហរដ្ឋអាមេរិកមកកាន់កម្ពុជាវិញ មានដូចជា យានយន្ត ចំណីសត្វ និងគ្រឿងម៉ាស៊ីន ជាដើម។ ដោយឡែក កម្ពុជាបាននាំចេញនូវផលិតផល វាយនភណ្ឌជាច្រើន ដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូប សម្ភារធ្វើដំណើរ និងផលិតផលកសិកម្ម ទៅកាន់ទីផ្សារអាមេរិក។
សូមជម្រាបជូនផងដែរថា គ្រាន់តែក្នុងខែសីហាមួយប៉ុណ្ណោះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិក មានតម្លៃ ៧២៣,៧ លានដុល្លារ កើនឡើង ៩ភាគរយ បើប្រៀបធៀបនឹងខែសីហាដូចគ្នាក្នុងឆ្នាំ២០១៩កន្លងទៅ។ ក្នុងចំណោមទិន្នន័យនេះ ទឹកប្រាក់ប្រមាណ ៦៩៥លានដុល្លារ គឺជាការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិក៕ ដោយ ៖ CEN