ស្ទឹងត្រែង៖រថយន្តប្រភេទសាំយ៉ុងដឹកឈើបន្តគ្នាចេញពីសិប្បកម្ម ក្នុងក្រុងស្ទឹងត្រែងរាល់យប់ ដោយឆ្លងកាត់ចំណុចអូរពងមាន់តាមផ្លូវជាតិលេខ 7 ឆ្ពោះទៅកាន់ខេត្តក្រចេះ។ សកម្មភាពនោះទំនងជាឈ្មួញស៊ុំគ្រលុំគ្នាជាមួយសមត្ថកិច្ច នៅតាមដងផ្លូវលាក់បាំងមិនឲ្យអភិបាលខេត្តស្ទឹងត្រែងដឹង។
តាមប្រភពព័ត៌មានបានឲ្យដឹងថា រាល់ទៀបភ្លឺគេតែងតែឃើញរថយន្តក្រុមផ្ដាច់ព្រលឹង បើកលឿនដូចព្យុះដឹកឈើចេញពីក្រុងស្ទឹងត្រែងឆ្លងកាត់អូរពងមាន់ទៅខេត្តក្រចេះបន្តគ្នា។ ពេលរថយន្តក្រុមនោះចេញដំណើរម្ដងៗ គ្មានសមត្ថកិច្ចណាហ៊ានឃាត់ត្រួតពិនិត្យឡើយ ទោះបីជាដាក់បង្កប់ឈើប្រណីតខុសច្បាប់យ៉ាងណាក៏ដោយ។
អ្នករកស៊ីឈើតូចតាចត្អូញត្អែថា បើសិនជាហ៊ានប្រកបមុខរបរដឹកឈើកែច្នៃទ្វាបង្អួចបន្តិចបន្តួច តាមផ្លូវជាតិលេខ 7 មិនបានប្រាប់សមត្ថកិច្ចតាមដងផ្លូវទេ ប្រាកដជាឃាត់រថយន្តដាក់ខ្នោះ ទាំងមនុស្ស យកទៅកន្លែងរបស់សមត្ថកិច្ចដោយដាក់បន្ទុកថា ដឹកជញ្ជូនឈើគ្មានការអនុញ្ញាតពីជំនាញរដ្ឋបាលព្រៃឈើ។ តែបើសិនជាត្រូវរ៉ូវគ្នាហើយគេមិនហ៊ានទៅក្បែររថយន្តដឹកឈើឡើយ។
ប្រភពមួយទម្លាយឱ្យដឹងថា សព្វថ្ងៃនេះមានឈ្មួញជាច្រើននាក់ ក្នុងនោះឈ្មួញចាស់វស្សាម្នាក់ឈ្មោះចែភ័ណ្ឌ។ នៅពេលរៀងរាល់ព្រលប់គេតែងឃើញរថយន្តសាំយ៉ុង 3 ទៅ 4 គ្រឿងដើរប្រមូលឈើគ្រឿងសង្ហារឹម ពីរោងសិប្បកម្មក្នុងខេត្តស្ទឹងត្រែង រួចហើយហើយទៅឈប់ថតនៅផ្ទះឈ្មោះចែភ័ណ្ឌ នៅផ្លូវខាងក្រោយវិទ្យាល័យព្រះរាជបូជនីយកិច្ច ស្ថិតក្នុងភូមិព្រែកសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
តាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងទៀតថា ក្រុមរថយន្តរបស់ឈ្មោះចែភ័ណ្ឌ បើកលឿនណាស់ត្រូវបានគេដាក់ឈ្មោះថា គឺជាក្រុមដាច់ព្រលឹងដែលដឹកឈើចេញពីក្រុងស្ទឹងត្រែង ឆ្លងកាត់ខេត្តក្រចេះបន្តកន្ទុយគ្នា ហើយគ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល់ឡើយ។ នៅខេត្តក្រចេះមាននគរបាលម្នាក់ នៅពីក្រោយខ្នងរត់ការរថយន្តដឹកឈើឈ្មោះចែភ័ណ្ឌនោះ។
ពេលក្រុមផ្ដាច់ព្រលឹងចេញដំណើរម្ដងៗ សូម្បីតែកម្លាំងនគរបាលចរាចរណ៍ខេត្តស្ទឹងត្រែង ឈរជើងលើកំណាត់ផ្លូវជាតិលេខ 7 ព្រំប្រទល់ស្ទឹងត្រែងក្រចេះក៏ពុំហ៊ានប៉ះពាល់ដែរ។
ឈើកែច្នៃដែលក្រុមផ្ដាច់ព្រលឹងដឹកជញ្ជូន គឺគ្មានច្បាប់អនុញ្ញាតពីមន្ត្រីជំនាញឡើយ។ រីឯប្រភពឈើត្រូវបានគេដឹកជញ្ជូនតាមម៉ូតូរ៉ឺម៉ក និងរថយន្ដជារៀងរាល់យប់ ចូលទៅកែច្នៃនៅក្នុងសិប្បកម្មក្នុងក្រុងស្ទឹងត្រែង រាប់សិបកន្លែងជាមុនសិន។ រួចហើយទើបគេដឹកជញ្ជូនចេញទៅក្រៅខេត្ត និងមានបង្កប់ឈើខុសច្បាប់ជាច្រើននៅពីក្រោម។
កន្លងមកក្រុមគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចុះពិនិត្យតាមសិប្បកម្មច្រើនកន្លែង ក្នុងក្រុងស្ទឹងត្រែងឃើញថា សិប្បកម្មទាំងអស់ភាគច្រើន មានការអនុញ្ញាតពីជំនាញរដ្ឋបាលព្រៃឈើ មន្ទីរកសិកម្មខេត្តស្ទឹងត្រែង អាជ្ញាធរពាក់ព័ន្ធ។ ប៉ុន្តែការដឹកប្រមូលឈើយកទៅកែច្នៃអាណាធិបតេយ្យ គ្មានប្រភពច្បាស់លាស់ឡើយ ធ្វើឲ្យរដ្ឋបាត់បង់ប្រាក់ចំណូលក៏មិនតិចដែរ។
ក្រោយពីមានការចុះពិនិត្យរបស់គណៈកម្មការមិនបានប៉ុន្មានផង សិប្បកម្មស្ទើរទាំងក្រុងស្ទឹងត្រែងត្រូវបានដំណើរការបន្លឺសំឡេង លាន់កងរំពងគ្រប់កន្លែង។ សូមថ្នាក់ជាតិចុះពិនិត្យមើលផង៕ដោយ៖សុខុម