ខេត្តសៀមរាប ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងយូនីសេហ្វ បានរួមគ្នាធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីវាយតម្លៃពីវឌ្ឍនភាពរបស់សាលារៀននៅកម្ពុជា នៅក្នុងដំណើរការបើកសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព។
គណៈប្រតិភូបានទទួលស្វាគមន៍ពីសំណាក់ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប និងបុគ្គលិកសិក្សានៅវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន អង្គរធំ។ ព្រឹត្តិការណ៍នេះគូសបញ្ជាក់ពីការបន្តការប្ដេជ្ញាចិត្តរួមគ្នារបស់ស្ថាប័នទាំងបី ក្នុងការការពារសិទ្ធិទទួលបានការអប់រំរបស់កុមារ បើទោះជាមានបញ្ហាប្រឈមថ្មីៗដ៏សែនពិបាកបង្កដោយវិបត្តិសកលនៃជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ។
សហភាពអឺរ៉ុបបានផ្ដល់ថវិកាចំនួន២លានអឺរ៉ូដល់ដំណើរការបើកសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព និងការបន្តផ្ដល់សេវាអប់រំដល់កុមារដែលជាផ្នែកមួយនៃការគាំទ្រក្នុងការឆ្លើយតបនិងការស្ដារឡើងវិញពីជំងឺកូវីដ១៩។ តាមរយៈការគាំទ្រនេះ យុទ្ធនាការត្រឡប់ចូលរៀនវិញនៅទូទាំងប្រទេសត្រូវបានអនុវត្តដោយក្រសួងអប់រំ យុវជន និងកីឡា និងយូនីសេហ្វ ដើម្បីផ្ដល់ការណែនាំដល់កុមារ មាតាបិតា លោកគ្រូអ្នកគ្រូ និងបុគ្គលិកសាលារៀនអំពីរបៀបធ្វើឱ្យសាលារៀនមានសុវត្ថិភាពបំផុត និងកាត់បន្ថយហានិភ័យនៃការចម្លងជំងឺកូវីដ១៩។ យុទ្ធនាការនេះនឹងបន្តរហូតដល់ឆ្នាំ២០២១ និងអាចពង្រីកវិសាលភាពបន្ថែមទៀត ដើម្បីបញ្ចូលព័ត៌មានដ៏មានតម្លៃ និងផ្ដល់ការលើកទឹកចិត្តផ្សេងៗ មិនត្រឹមតែដើម្បីធ្វើឱ្យសាលារៀនមានសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតនូវបរិយាកាសដ៏ល្អប្រសើរ និងផ្ដល់ការគាំទ្រដល់កុមារ ដើម្បីឱ្យពួកគេអាចរៀនសូត្របានចេះដឹង និងរីកចម្រើនផងដែរ។
លើសពីនេះ សម្ភារអនាម័យសំខាន់ៗក៏ត្រូវបានចែកជូនសាលាមត្តេយ្យ និងសាលាបឋមសិក្សាទាំង ១១.៥០០កន្លែងនៅទូទាំងប្រទេស។ ការរួមចំណែករបស់សហភាពអឺរ៉ុបក្នុងកិច្ចខិតខំប្រឹងប្រែងទាំងនេះ តាមរយៈ
មូលនិធិភាពជាដៃគូសំរាប់អភិវឌ្ឍសមត្ថភាពវិសយ័អប់រំ (CDPF) ដែលជាមូលនិធិទទួលបានថវិកាគាំទ្រពីអ្នកផ្ដល់ជំនួយជាច្រើន និងគ្រប់គ្រងដោយយូនីសេហ្វ ព្រមទាំងមានការបំពេញបន្ថែមពីដៃគូ CDPF ដទៃទៀត ដូចជាប្រទេសស៊ុយអែត ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ និងភាពជាដៃគូសកលសម្រាប់ការអប់រំ។ ដៃគូទាំងនេះកំពុងរួមចំណែកផ្ដល់សម្ភារអនាម័យដល់សាលាមធ្យមសិក្សាទាំង ១.៧៧១ កន្លែងក្នុងប្រទេសកម្ពុជា។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា៖“យើងសូមស្វាគមន៍ចំពោះការឧបត្ថម្ភបន្ថែមពីសហភាពអឺរ៉ុបដល់សាលារៀន និងសិស្សានុសិស្សនៅទូទាំងប្រទេសក្នុងពេលដ៏សែនពិបាកនេះ។ ការគាំទ្រនេះនឹងជួយឱ្យយើងធានាថា កុមារនៅតែអាចបន្តទទួលឱកាសរៀនសូត្រ បើទោះជាកំពុងប្រឈមនឹងបញ្ហាលំបាកៗដែលបង្កឡើងដោយសារជំងឺកូវីដ១៩ក៏ដោយ។ ជំនួយគាំទ្រសម្រាប់ការបើកទ្វារសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាពពីសហភាពអឺរ៉ុប និងដៃគូ CDPF ដទៃទៀត នឹងធ្វើឱ្យសហគមន៍មានទំនុកចិត្តថា សិស្សានុសិស្សដែលជាកូនចៅរបស់ពួកគាត់នឹងអាចវិលត្រឡប់ទៅសាលារៀនវិញក្នុងបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព និងមានការគាំទ្រ”។
សហភាពអឺរ៉ុប ក៏កំពុងធ្វើការងារជាមួយយូនីសេហ្វ និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពង្រឹង និងពង្រីកកម្មវិធីអាហារូបករណ៍នៅទូទាំងប្រទេសផងដែរ ដែលកម្មវិធីនេះគឺជាសសរស្ដម្ភមួយដ៏សំខាន់នៃប្រព័ន្ធគាំពារសង្គមរបស់កម្ពុជា។ កម្មវិធីនេះមានសារសំខាន់ក្នុងការជំរុញឱ្យមានការគោរពនូវសិទ្ធិទទួលបានការអប់រំរបស់កុមារ ដែលជួបការលំបាកជាងគេ ពោលគឺកុមារដែលប្រឈមនឹងការបោះបង់ចោលការសិក្សា ដោយសារតែផលប៉ះពាល់សង្គមសេដ្ឋកិច្ចបង្កដោយជំងឺកូវីដ១៩ មកលើក្រុមគ្រួសាររបស់ពួកគេ។
នៅក្នុងពិធីនេះតំណាងស្ថាប័នទាំងបី ក៏បានជួបជាមួយនឹងសិស្សអាហារូបករណ៍ ព្រមទាំងនាយក នាយិកាសាលារៀន ព្រមទាំងលោកគ្រូអ្នកគ្រូផងដែរ។
គណៈប្រតិភូក៏បានស្វែងយល់បន្ថែមទៀតអំពីអត្ថប្រយោជន៍ដែលកម្មវិធីអាហារូបករណ៍ផ្ដល់ដល់សិស្សានុសិស្ស និងលទ្ធផលវិជ្ជមានចេញពីការប្រើប្រាស់សម្ភារអនាម័យ និងការផ្សព្វផ្សាយសារសុវត្ថិភាពពីជំងឺកូវីដ១៩ នៅសាលារៀនផងដែរ។
លោកជំទាវ ខាមិន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ ”ការអប់រំគឺជាសិទ្ធិមនុស្សមូលដ្ឋាន និងជាសសរគ្រឹះមួយសម្រាប់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ នៅទូទាំងពិភពលោក ជំងឺកូវីដ១៩ កំពុងបង្អាក់នូវការទទួលបានឱកាសអប់រំរបស់កុមារ ហើយកត្តានេះអាចក្លាយជាឧបសគ្គសម្រាប់ការស្តារទ្បើងវិញនាពេលអនាគតរបស់យើង។ អស់រយៈពេលជាង១៥ឆ្នាំមកហើយ សហភាពអឺរ៉ុបគឺជាដៃគូដ៏រឹងមាំរបស់ក្រសួងអប់រំ យុវជន និងកីទ្បា ហើយយើងមានមោទនភាពក្នុងការគាំទ្រយុទ្ធនាការរបស់ក្រសួងដើម្បីបើកសាលារៀនទ្បើងវិញប្រកបដោយសុវត្ថិភាពនៅទូទាំងប្រទេស។ ជាផ្នែកនៃការគាំទ្ររបស់យើងឆ្លើយតបនឹងជំងឺ
កូវីដ១៩ និងកម្មវិធីស្តារទ្បើងវិញ យើងនឹងចូលរួមចំណែកបង្កើនចំនួនអាហារូបករណ៍សម្រាប់កុមារ និងគ្រួសារងាយរងគ្រោះជាងគេ ដែលទទួលរងប៉ះពាល់ខ្លាំងពីវិបត្តិនេះ។”
ជំងឺកូវីដ១៩ ដំបូងបង្កជាវិបត្តិដល់វិស័យសុខាភិបាល ប៉ុន្តែបច្ចុប្បន្ននេះវាក៏បណ្ដាលឱ្យមានវិបត្តិដល់វិស័យអប់រំ ដែលកំពុងបង្កការរំខានដល់ការសិក្សារបស់កុមារជាច្រើនលាននាក់។ ចាប់តាំងពីដំណាក់កាលដំបូងៗនៃជំងឺរាតត្បាតជាសកលនេះកើតមានឡើង យូនីសេហ្វបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីឱ្យកុមារអាចបន្តការរៀនសូត្ររបស់ពួកគេបាន បើទោះជាសាលារៀនត្រូវបិទទ្វារយ៉ាងណាក៏ដោយ និងបានត្រៀមលក្ខណៈដើម្បីបើកសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព។
លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “នៅគ្រប់វិបត្តិទាំងអស់សុទ្ធតែមានកាលានុវត្តភាពសម្រាប់យើងគិតសាជាថ្មី និងស្ថាបនាឡើងវិញឱ្យកាន់តែប្រសើរជាងមុន។
វាមានសារសំខាន់ណាស់ ដែលវិធានការឆ្លើយតបចំពោះជំងឺកូវីដ១៩ បានក្លាយជាកតាលីករសម្រាប់បើកដំណើរការសាលារៀនឡើងវិញឱ្យរឹតតែប្រសើរជាងមុន ដើម្បីធ្វើឱ្យសាលារៀនក្លាយជាកន្លែងដែលមានបរិយាបន្ន និងមានភាពធន់។ គោលដៅនេះអាចសម្រេចទៅបាន តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ដៃគូអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា”៕
ដោយ៖CEN