ភ្នំពេញ៖រឿងវេរលុយរហូតដល់ខ្ទង់លានដុល្លារមិនទាន់ចប់ស្រួលបួលផង ឥឡូវនេះជំទាវវ័យក្មេង ស៊ុន កណ្ណិកា ត្រូវនិស្សិតពេទ្យជាច្រើនរិះគន់សាជាថ្មី រឿងស្លៀកឯកសណ្ឋានពេទ្យទាំងគ្មានជំនាញ។
ក្រោយពីជំទាវ ស៊ុន កណ្ណិកា និងក្រុមបុគ្គលិកបានស្លៀកឯកសណ្ឋានក្រុមគ្រូពេទ្យឆ្នូតក្រហម បង្ហោះពីកម្មវិធីពិនិត្យស្បែកមុខ free ដោយនាងផ្ទាល់ ហើយអះអាងថាមានជំនាញក្នុងវិស័យ skin care រយៈពេលជាង៥ឆ្នាំមកហើយនោះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ជាពិសេសនិស្សិតពេទ្យបានបង្ហាញការហួសចិត្តជាខ្លាំងដែលជំទាវ ស៊ុន កណ្ណិកា ហ៊ានយកឯកសណ្ឋានក្រុមគ្រូពេទ្យមកស្លៀកបម្រើឲ្យផលប្រយោជន៍មុខរបរផ្ទាល់ខ្លួនទាំងដែលគ្មានជំនាញ និងការសិក្សាត្រឹមត្រូវ។
យោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chhit Kunthy បានរិះគន់ថា «ប្អូនស្រីប្រើជំនាញណាដែលប្អូនមានទៅ បងរៀន១៣ឆ្នាំណាអូន ពិនិត្យហើយយ៉ាងណាទៀតទៅ??? កុំដោយសារចង់បានលុយធ្វើហួសហេតុអីណាអូន អានុងបោកហើយអូន អាវឆ្នូតក្រហមទៀត ចេញពីសាលាណាទេ វេជ្ជបណ្ឌិតផង ទន្តបណ្ឌិតផង គេរៀនសាហាវមែនចុះក្រសួងដេកលក់អស់ហើយ???»។
បន្ថែមពីនោះក៏មានគណនីហ្វេសប៊ុកផ្សេងទៀតរិះគន់ថា «រៀនចប់ទី១២សោះ សរសេរអក្សរខ្មែរមិនទាន់ត្រូវជ្រុងផង ក្លាយជាអ្នកឯកទេសស្បែកមុខពីអង្កាល់ ខ្ញុំនិយាយនេះមិនបានរិះគន់ទេ តែមុននឹងពាក់អាវដុកទ័រ សូមគិតផងថាអាវនេះមុននឹងគេពាក់តើគេត្រូវរៀនអស់ប៉ុន្មានឆ្នាំ?»។
«សំខាន់ខ្ញុំគាំងនឹងម៉ាស៊ីននិងតែម្តង។ ខ្ញុំកូនពេទ្យស្បែកមុខ មើលជំងឺ និងវះកាត់ទូទៅ ទើបជួបម៉ាស៊ីនស្អីដូចចំហុយ ព្រោះនៅគ្លីនិកឯណេះគឺគ្មានម៉ាស៊ីនដូចក្នុងរូបគេបង្ហាញទេ»។
«ពេលខ្លះគាត់អំណួតលើសលប់ ពិនិត្យស្បែកមុខតែទិញសាប៊ូកក់សក់ ឬមួយដុកទ័រធ្មេញពិនិត្យធ្មេញហើយត្រូវទិញហ្វូមលាងមុខ? ប្លែកដល់ហើយគេ»។
គួរបញ្ជាក់ផងដែរថា មុននឹងគ្រូពេទ្យម្នាក់ៗអាចស្លៀកសម្លៀកបំពាក់ឆ្នូតពណ៌ក្រហមនេះបាន ទាមទារឲ្យសិក្សារយៈពេលសិក្សា ៥ទៅ១២ឆ្នាំ សម្រាប់តែនិស្សិតពេទ្យ ឬគ្រូពេទ្យកម្រិតឧត្តម ឬថ្នាក់បណ្ឌិត (ឬវេជ្ជបណ្ឌិតឯកទេស) ឱសថបណ្ឌិត ទន្តបណ្ឌិត ឱសថការីឧត្តម បរិញាបត្រជាន់ខ្ពស់ ជីវវេជ្ជសាស្ត្រ និងឱសថបណ្ឌិត ដូច្នេះអ្នកដែលមិនបានឆ្លងកាត់ការសិក្សាលើមុខជំនាញខាងលើឲ្យបានត្រឹមត្រូវនោះទេ មិនមានសិទ្ធិក្នុងការស្លៀកសម្លៀកបំពាក់នេះឡើយ៕ ដោយ៖ កូលាប ក្រហម