ភ្នំពេញ៖ មន្ត្រីពន្លត់អគ្គិភ័យបានឲ្យដឹងថា៖ អគ្គិភ័យដែលបានឆាបឆេះហាងកុំព្យូទ័រមួយមានស្លាកយីហោ អេស ធី ស៊ី កុំព្យូទ័រ STC computer ស្ថិតនៅម្ដុំផ្សារតូច ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ នៅម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ បានបណ្ដាលឲ្យមនុស្ស៤នាក់ស្លាប់ នៅក្នុងអណ្តាតភ្លើងទាំងកណ្តាលរាត្រីសុទ្ធតែបុរសទាំងអស់។
មន្ត្រីពន្លត់អគ្គិភ័យបានប្រាប់ឲ្យដឹងទៀតថា៖ ជនរងគ្រោះទាំងអស់៤នាក់ ដែលបានស្លាប់ដោយសារ អគ្គិភ័យឆាបឆេះខាងលើនេះត្រូវបានយកសពចេញអស់ពីក្នុងហាងហើយ។ ចំណែកមូលហេតុនៃអគ្គីភ័យឆាបឆេះហាងកុំព្យូទ័រខាងលើនេះសមត្ថកិច្ចសង្ស័យថា អាចមកពីការឆ្លងចរន្តអគ្គិសនី។
គួរបញ្ជាក់ថា៖នៅកន្លែងកើតហេតុ ក្រៅពីវត្តមានសមត្ថកិច្ចពន្លត់អគ្គិភ័យគេក៏ឃើញមានវត្តមានរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងអភិបាលខណ្ឌនិងមន្ត្រីរដ្ឋបាលមួយចំនួនបានចុះទៅដឹកនាំជួយអន្តរាគមន៍ក្នុងហេតុការណ៍នោះដើម្បីគ្រប់គ្រងស្ថានការណ៍ មិនឲ្យភ្លើងបន្តឆាបឆេះបន្ថែមទៀត។ ក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យខាងលើប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យប្រមាណជិត១០គ្រឿង ត្រូវបានអន្តរាគមន៍ជួយពន្លត់រហូតអាចគ្រប់គ្រង ហើយភ្លើងរលត់អស់ទាំងស្រុង។ អគ្គិភ័យនេះបានឆាបឆេះតាំងពីម៉ោងជាង១១យប់ថ្ងៃ រហូតដល់ម៉ោង១៖២០នាទីយប់ឆ្លងចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ទើបពន្លត់ទាំងស្រុង និងជួយអន្តរាគមន៍យកសាកសពចេញពីខាងក្នុងផ្ទះ។ តែទោះបីជាយ៉ាងណាក៏ដោយគិតមកដល់ពេលនេះសមត្ថកិច្ចនៅមិនទាន់បញ្ជាក់ឱ្យដឹងពីទំហំនៃការខូចខាត ឬអត្តសញ្ញាណរបស់ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍អគ្គិភ័យនេះនៅឡើយទេ៕ដោយ៖កូឡាប