មណ្ឌលគិរី ៖ គោព្រៃគឺជាប្រភេទសត្វដ៏កម្របំផុតលើពិភពលោក ឬអាចវិវត្តន៍ទៅដល់ការផុតពូជពីភពផែនដីនេះបាត់ទៅហើយ ព្រោះនៅរយៈពេលជិត ១០០ឆ្នាំចុងក្រោយនេះ គេពុំបានប្រទះឃើញវត្តមានសត្វគោព្រៃនៅលើផែនដីនេះទៀតទេ។ ប៉ុន្តែសម្រាប់នៅប្រទេសកម្ពុជាត្រូវបានអ្នកជំនាញអះអាងថា ធ្លាប់ឃើញមានវត្តមានសត្វគោព្រៃរស់នៅ។ មិនតែប៉ុណ្ណោះនៅខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា បានយករូបសំណាកគោព្រៃ មកដាក់តាំងនៅតាមផ្លូវសាធារណៈត្រង់រង្វង់មូល ដែលតំណាងអោយខេត្តមណ្ឌលគីរីថែមទៀតផង។ រង្វលមូលខាងលើនេះ មានទីតាំងនៅចំកណ្ដាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីតែម្តង។
រង្វង់មូលរូបគោព្រៃ នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មិនត្រឹមតែជាអត្តសញ្ញាណរបស់ខេត្តមណ្ឌលគិរី នោះទេ រូបសំណាក់គោព្រៃនេះ ក៏ជាផ្នែកទាក់ទាញ់ចំណាប់អារម្មណ៍ របស់ភ្ញៀវទេសចរជាតិអន្តរជាតិផងដែរ ដោយពួកគាត់ចូលចិត្ត ថតរូបភាពអនុស្សារីវយ៍ជាមួយរូបសំណាកត្រង់រង្វង់មូលគោព្រៃនេះ ។ ហើយជាមួយគ្នានេះដែរ មានចម្ងល់ជាច្រើនបាន លើកឡើងថា មូលហេតុអ្វីបានជាខេត្តមណ្ឌលគិរី លើកយករូបសត្វគោព្រៃមកធ្វើជារូបតំណាងឲ្យខេត្ត ហើយសត្វគោព្រៃ ពិតជាមានវត្តមានរស់នៅក្នុងព្រៃខេត្តមណ្ឌលគិរីមែនដែរឬទេ?
អភិបាលក្រុងសែនមនោរម្យ លោក ឡុង វិបុល បានឲ្យដឹងថា ការសាងសង់រូបសំណាក់គោព្រៃ និងយកសត្វមួយនេះ ជាអត្តសញ្ញាណរបស់ខេត្តមណ្ឌលគិរី គឺជាការប្រសិទ្ធនាម របស់ថ្នាក់ដឹកនាំប្រទេសកម្ពុជា និងបានសាងសង់រូប សំណាករង្វង់មូលគោព្រៃនេះឡើងនៅឆ្នាំ២០០៤ ព្រោះតែខេត្តមណ្ឌលគិរី ជាខេត្តមួយមានគំរបព្រៃឈើក្រាស់ មានសក្ដានុពលធនធានធម្មជាតិសំបូរបែប ជាពិសេសគឺសំបូរទៅដោយប្រភេទសត្វព្រៃជាច្រើនប្រភេទ ហើយក្នុងនោះសត្វ គោព្រៃ គឺជាសត្វតំណាងឲ្យជីវចម្រុះទាំងនោះ ព្រោះតែសត្វមួយនេះជាសត្វដែលកម្របំផុត។
លោកបន្តថា ទោះជាយ៉ាង ពុំមាននរណាម្នាក់បានអះអាងថា ធ្លាប់បានឃើញវត្តមានសត្វគោព្រៃនោះទេ ក្នុងព្រៃខេត្តមណ្ឌលគិរីនាពេលបច្ចុប្បន្ននេះទេ ដោយពុំអាចដឹងថា តើសត្វក្រមមួយនេះនៅសេសសល់ ឬផុតពូជទៅហើយនោះ។
អ្នកជំនាញផ្នែកធនធានធម្មជាតិ និងជាប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក កែវ សុភគ៌ បានឲ្យដឹងដែរថា នាពេលបច្ចុប្បន្ននេះ លោកពុំអាចសន្និដ្ឋានថា នៅក្នុងព្រៃខេត្តមណ្ឌលគិរី នៅមានវត្តមានសត្វគោព្រៃរស់នៅឬយ៉ាងណានោះទេ តាមការសិក្សា របស់អ្នកជំនាញនៅពេលកន្លងមក គឺបានបង្ហាញថា សត្វគោព្រៃ គឺពិតជាធ្លាប់មានវត្តមានរស់នៅ ក្នុងព្រៃខេត្តមណ្ឌលគិរីប្រាកដមែន ប៉ុន្តែនៅពុំទាន់មាននរណាម្នាក់ បានឃើញរូបរាងសត្វគោព្រៃ ដោយផ្ទាល់នោះទេក្នុងព្រៃខេត្ត មណ្ឌលគិរី។
លោកបន្តថា នៅអំឡុងចុងទសវត្សរ៍ទី៩០ អ្នកជំនាញសត្វព្រៃធ្លាប់ បានប្រទះឃើញស្នែងរបស់វាបន្សល់ទុកក្នុងព្រៃខេត្តមណ្ឌលគិរី ដែលជាភស្តុតាងរួមផ្សំមួយបញ្ជាក់ថា ក្នុងព្រៃខេត្តមណ្ឌលគិរី ពិតជាធ្លាប់មានសត្វ គោព្រៃរស់នៅយ៉ាងជាក់ច្បាស់។ លោក កែវ សុភគ៌ បញ្ជាក់ថា សត្វគោព្រៃនាពេលបច្ចុប្បន្ននេះ ប្រហែលជាផុតពូជបាត់ទៅហើយ ព្រោះគេពុំដែលបានឃើញវារាប់សិបឆ្នាំមកហើយនៅលើពិភពលោក។ ហើយការប្រទះសត្វគោព្រៃលើកចុងក្រោយបង្អស់ គឺជនជាតិបារាំងម្នាក់បានឃើញវា នៅខេត្តព្រះវិហារ ប្រទេសកម្ពុជា នៅអំឡុងទសវត្សរ៍ទី៥០ បន្ទាប់មកគេ ពុំធ្លាប់បានឃើញសត្វគោព្រៃទៀតនោះទេ។
ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានសន្និដ្ឋានថា សត្វគោព្រៃនៅកម្ពុជា អាចផុតពូជ ព្រោះកត្តាសង្គ្រាម ការបរបាញ់ និងជាពិសេស គឺជម្ងឺរាតត្បាត។
លក្ខណៈនៃរូបរាង្គ របស់គោព្រៃ គឺស្រដៀងទៅនិងសត្វទន្សោង មានប៊ួរវែងធ្លាក់ចុះដល់ ជង្គង់ និងហៀរស្ទើរដល់ដីចំពោះគោឈ្មោល។ គោព្រៃមានប្រវែងដងខ្លួនពី ២,១ ទៅ ២,៣ម៉ែត្រ មានកម្ពស់ពី ១,៧ ទៅ១,៩ និងមានទម្ងន់ពី ៧០០ទៅ ៩០០គីឡូក្រាម។ ស្នែង របស់គោព្រៃឈ្មោលនិងញី មានលក្ខណៈខុសប្លែកគ្នាដោយស្នែងឈ្មោលធំជាង ដោយដុះចេញកោងទៅមុខ និងងើបឡើងលើព្រមទាំងមានព្រុយចុងស្នែង។ ស្នែងញីដុះមកខាងមុខរាងងើបបន្តិច ហើយគួចរមួលឡើងលើ។ ចាប់ពីជើងក្រោមជង្គង់ចុះមកមានពណ៌ស ឬប្រផេះ និងប្រផេះចាស់នៅពេលគោព្រៃ មានអាយុកាន់តែច្រើន៕ ដោយ៖ សមុទ្រឈើ