ភ្នំពេញ៖ និយាយដល់តារាចម្រៀងស្រីកូនកាត់ខ្មែរ-ចិន កញ្ញា លី អ៊ីវ៉ាធីណា បើទោះបាត់មុខពីសង្គមសិល្បៈអស់រយៈពេលជាច្រើនឆ្នាំយ៉ាងណាក្តី តែកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពរបស់នាងហាក់មិនមែនការប្រែប្រួលខ្លាំងនោះទេ ដោយរាល់បទចម្រៀងដ៏ពីរោះៗរបស់នាង គឺនៅតែដក់ជាប់ក្នុងដួងចិត្តមហាជនគ្រប់ស្រទាប់ ព្រោះតែទឹកដមសំឡេងផ្អែមស្រទន់ដ៏កម្ររបស់នាង ស្តាប់ទៅពីរោះខ្លាំងមិនចេះជិនណាយ។
យ៉ាងណាមិញ ការឃ្លាតឆ្ងាយ ហាក់លែងនឹកនាដល់សិល្បៈទៀតបើតាមកញ្ញា លី អ៊ីវ៉ាធីណា ផ្ទាល់បានប្រាប់ឲ្យដឹងថា ការបាត់មុខពីសិល្បៈអស់រយៈពេលជាង ៣ ឆ្នាំ មកនេះ គឺដោយសារតែកញ្ញាជាប់រវល់ខ្លាំងជាមួយមុខរបររកស៊ីផ្ទាល់ខ្លួន គឺបើកអាហារដ្ឋានទទួលទាំងភ្ញៀវខ្មែរនិងចិន។
ដោយឡែក ងាមកក្រមើលពីជីវិតឯកជនវិញ នៅពេលសួរថា វ័យជ្រេជាង ៣៦ ឆ្នាំ ទៅហើយ តើកាលណាទើបសម្រេចយកប្តី ស្រាប់តែស្រីស្អាតសម្រស់ចាំរាងតូចច្រឡឹងរូបនេះ បានឆ្លើយយ៉ាងរីករាយថា «រឿងហ្នឹង បងមិនបាច់សួរទេ និយាយពីថាភ្ញៀវចូលមកតែងតែសួរថា កាលហែងយកប្តីអាអូនក៏ឆ្លើយថា គូព្រេងអត់ទាន់កើត!»។ កញ្ញាបន្តទាំងអស់សំណើចទៀតថា ពេលអ៊ីមួយនោះសួរថា ហែងអាយុច្រើនហើយ ជាង៣០ឆ្នាំហើយ ហែងកុំរើសពេក កញ្ញា អ៊ីវ៉ាធីណា ក៏បានឆ្លើយថា «អ៊ីអើយ ខ្ញុំអត់រើសទេ គ្រាន់តែថាគូព្រេងអត់ទាន់ត្រូវចិត្ត…»។
តែយ៉ាងណា កញ្ញា លី អ៊ីវ៉ាធីណា ក៏បានលើកឡើងថា គូអនាគតគឺយើងមិនមែនចេះតែយកៗបានទេ គឺយើងត្រូវតែមើលឲ្យបានដិតដល់។ ហើយបុរសដែលកញ្ញាជ្រើសរើស គឺជាបុរសដែលត្រូវចេះសម្របខ្លួនយល់តាមចិត្តគ្នាទៅវិញមក ចេះជួយគ្នាទាំងសងខាង ពោលគឺមានចិត្តទូលាយ…។ ប៉ុន្តែ កញ្ញាក៏បានបង្ហើបថា កញ្ញាទទួលដឺម៉ង់តែកំលោះៗទេ ចំណែកពោះម៉ាយសុំ Cancel ហើយ៕ ដោយ៖ លឹម ហុង