កាលពីម្សិលមិញនេះ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ មានរឿងភ្ញាក់ផ្អើលមួយ បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមមានការហួសចិត្តយ៉ាងខ្លាំងតែម្តងនៅពេលគណនីហ្វេសបុកមួយឈ្មោះ Sopheak Chan ដែលជាកងកម្លាំងចុះជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយគ្រោះជំនន់ទឹកភ្លៀង បានចែករំលែកឲ្យដឹងថា ហាងមួយនៅផ្សារព្រែកជ្រៃមានយីហោឈ្មោះ អាហរដ្ឋាន ម៉ាក់អាម៉ី លក់កាប់ថ្លៃដ៏ជ្រុលហួសហេតុ ដោយគុយទាវ១ចាន ៣ម៉ឺនរៀល ហើយអាហារពេលថ្ងៃ «ញុាំ១០នាក់ ស្ងោរម្រះ ស្ងោរជីឆាយ ចៀនជូរអែមត្រី ប្រហុកខ្ទីស អស់ ២៩ មុឺន»។
យ៉ាងណាមិញ ដោយសារតែឃើញរឿងនេះបានផ្ទុះឡើងៗកក្រើកបណ្តាញសង្គម ខណៈដែលមហាជនក៏នាំគ្នារិះគន់យ៉ាងចាស់ៗដៃផងនោះ នៅល្ងាចថ្ងៃម្សិលមិញនេះផងដែរ ម្ចាស់ហាងខាងលើដែលមានគណនីឈ្មោះ Nhim NaNa បានចេញមកពន្យល់តាមរយៈសាររៀបរាប់ថា៖ «កុំស្តាប់តែម្ខាងបង គុយទាវមួយចាន៣ម៉ឺនគឺគាត់កម្មង់គុយទាវសរសៃកែងឌុបដល់ទៅ២ដង ចានឌុបដងញុមលក់ពីរម៉ឺនទៅហើយ។រូបគុយទាវហ្នឹងមិនមែនហាងខ្ញុំទេ ហើយបាយម្ហូបគាត់កម្មង់ចំនួន៤មុខគឺ =នឹង៨ចានធំៗ ១ចាន៣ម៉ឺន បាយ៤ឆ្នាំធំៗ ចំនួន៤ឆ្នាំងគឺ៤ម៉ឺន គាត់កម្មង់ឱ្យដាក់ជាពិសេសសម្រាប់មេៗ ហើយនៅមានទឹកសុទ្ធ១០ដបទៀត។ ពីខ្ញុំម្ចាស់ហាងចេញបកស្រាយ» ។
ប៉ុន្តែ ដោយសារតែមិនអស់ចិត្ត ជាមួយនឹងការសារបង្ហោះខាងលើ ម្ចាស់ហាងក៏បានចេញមកបកស្រាយផ្ទាល់ជាថ្មី តាមរយៈវីដេអូ រួមជាមួយប្អូនស្រីរបស់ខ្លួន ដោយបានរៀបរាប់តាមវគ្គឃ្លាមួយៗឲ្យបងប្អូនអស់ចម្ងល់ថា៖ «គុយគាត់ធម្មតាគឺតម្លៃ ៧០០០ ពាន់គុយទាវសាច់គោតម្លៃ ៨០០០ ពាន់, មានតាមសាច់ បើសរសៃកែងតម្លៃ ១២០០០ រៀល។ តែដោយសារពួកគាត់ (បងៗកងទ័ព) មកដល់ដំបូង គាត់ហៅគុយសរសៃកែងឌុប ហើយឌុបពិសេសទៀត អ៊ីចឹងគុយទាវហ្នឹង ១ចាន ២ម៉ឺនរួចទៅហើយ។ ហេតុនេះ គុយទាវឡើងដល់១ចាន ៣ ម៉ឺន គឺដោយសារតែពួកគាត់ហៅថែមសាច់ ថែមក្រចកជើង ថែមប្រហិតទើបគុយទាវ១ចានហ្នឹងឡើងដល់៣ម៉ឺន។
ចំណែកបញ្ហារឿងបាយថ្ងៃត្រង់វិញ គាត់ក៏សូមបកស្រាយថា ពួកគាត់កងកម្លាំងបានកូម្ម៉ង់ម៉ាចាន ៣ ម៉ឺន ដល់ពេលគ្នា ១០ នាក់ ហូបម្ហូប៤មុខ ១ចាន៣ម៉ឺន ប៉ុន្តែ និយាយថាអស់ជិត៣០ម៉ឺន គឺជារឿងមិនពិតនោះទេ។ ព្រោះថា ពេលមកដល់ ពួកគាត់បានកូម្ម៉ង់ឲ្យគាត់ធ្វើម្ហូបពិសេសៗទុកឲ្យមេ ខណៈគាត់ជាម្ចាស់ហាងក៏បានប្រាប់ទៅវិញថា កន្លែងគាត់មានតែម្ហូបស្រាប់ទេ អត់មានម្ហូបកូម្ម៉ង់ទេ ប៉ុន្តែ ដោយពួកគាត់កងកម្លាំងសុំឲ្យជួយធ្វើ គាត់ក៏ធ្វើជូនទៅ។
ហេតុនេះ គាត់ក៏សូមបញ្ជាក់ឲ្យបងប្អូនមហាជនជ្រាបថា ម្ហូប១ចាន៣ម៉ឺនហ្នឹង មិនមែន៤ចានទេ គឺឡើងដល់ ៨ ឡាន (ចែករំលេក២តុ) ហើយបាយ៤ឆ្នាំងធំៗ ១ឆ្នាំងតម្លៃ១ម៉ឺនទៀត អ៊ីចឹងសរុបទៅគឺអស់ថ្លៃប៉ុណ្ណឹង»៕ ដោយ៖ លឹម ហុង