បន្ទាយមានជ័យ ៖ ដូចប្រិយមិត្ត ជនរួមជាតិបានជ្រាបហើយ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលតែងស្ថិតនៅក្បែរប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់បានចុះពិនិត្យមើលស្ថានភាពលិចលង់ផ្ទះសម្បែង និងសួរទុក្ខ ចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋ១ម៉ឺនគ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ។
ក្នុងនោះផងដែរ ក៏មានការវត្តមានរបស់លោកឧកញ៉ាវ័យក្មេងចិត្តធម៌ ឡេង ណាវ៉ាត្រា និងក្រុមគ្រួសារ Galaxy Navatra ទាំងអស់ ក៏កំពុងស្ថិតក្នុងកិច្ចការនាំយកនូវអង្ករ ៥០តោន និងគ្រឿងបរិភោគផ្សេងៗជាច្រើនសន្ធឹកសន្ធាប់ ដើម្បីចែកជូនបងប្អូនដែលរងគ្រោះដោយសារទឹកជំនន់នៅខេត្តបន្ទាយមានជ័យ។
យ៉ាងណាមិញ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ នៅក្នុងពិធីសំណេះសំណាលទៅកាន់បងប្អូនប្រជាពលរដ្ឋស្ថិតនៅទីកន្លែងសុវត្ថិភាព សម្តេចតេជោ ហ៊ុន សែនក៏បានលើកឡើងចំពោះសកម្មភាពដ៏ប្រពៃរបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា យ៉ាងដូច្នេះថា៖ «ឧកញ៉ាវ័យក្មេងរូបនេះ ជួយដល់ទៅ ៦០ម៉ឺនដុល្លារឯណោះ ហើយគេជួយអង្ករ ៥០ តោនទៀត មកចែកជូនប្រជាពលរដ្ឋនៅបន្ទាយមានជ័យ អរគុណខ្លាំងណាស់ សម្រាប់សកម្មភាពដ៏ល្អចេះជួយគ្នាក្នុងគ្រាមានអាសន្នបែបនេះ»។ ហើយទន្ទឹមនោះផងដែរលោកឧកញ៉ា ឡេង ណាវ៉ាត្រា បានលើកដៃសំពះសម្តេច ព្រោះតែអារម្មណ៍រំភើបជាខ្លាំង ដែលសម្តេចបានពោលពាក្យបែបនេះទៅកាន់លោក និងក្រុមការងាររបស់លោក។
ទោះយ៉ាងណា ជាមួយគ្នានោះផងដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងកោតសរសើរដល់សប្បុរសជនជាច្រើនទៀត ដែលបានចូលរួមក្នុងកិច្ចការងារនេះ ក្នុងគ្រាដែលប្រជាពលរដ្ឋកំពុងជួបទុក្ខលំបាកជាក់ស្តែង៕ ដោយ៖ លឹម ហុង