ភ្នំពេញ៖ ករណីក្មេងទំនើងបង្កភាពអសន្តិសុខក្នុងសង្គម បើទោះជាសមត្ថកិច្ចធ្វើការបង្ក្រាបយ៉ាងណា ក៏ទង្វើដ៏គ្មានខ្លាចរអារបស់ពួកគេ គឺនៅតែកើតមានឡើងនៅស្ទើរគ្រប់ទីកន្លែង ក្នុងនោះមានទាំងការបើកម៉ូតូលឿនៗជ្រេឆ្វេតឆ្វាច និងការបង្ហោះនៅលើដងផ្លូវ ខណៈចរាចរណ៍កំពុងមមាញឹក និងជាពិសេសគឺនៅតំបន់ដើរលេងកម្សាន្តនានាជាដើម។
តែយ៉ាងណា ថ្មីៗនេះ ពួកក្មេងឈាមរាវមួយក្រុម ដែលបានបង្ហោះម៉ូតូយ៉ាងសាហាវៗ ផ្អើលអ្នកដំណើរ និងក៏ដូចអ្នកដើរលំហែកាយ នៅចំណុចមហាវិថី OCIC ក្នុងសង្កាត់ជ្រោយចង្វា ត្រូវបានកម្លាំងសន្តិសុខក្រុមហ៊ុន OCIC ធ្វើការបង្ក្រាបចាប់បានកាលពីវេលាម៉ោងប្រមាណជា ៦ ល្ងាច ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។
លទ្ធផលនៃការបង្ក្រាបនេះ សមត្ថកិច្ចឃាត់ខ្លួនបានយុវជនឈាមរាវចំនួន ៨ នាក់ និងម៉ូតូ ៥ គ្រឿង។
យ៉ាងណាមិញ ដើម្បីជាការដាក់ទណ្ឌកម្ម សមត្ថកិច្ចបានធ្វើការដោះកង់មុខម៉ូតូចេញទាំងអស់ហើយបន្ទាប់មក ក៏បានអប់រំណែនាំពួកគេកុំឲ្យជិះម៉ូតូបង្ហោះឆ្វេតឆ្វាចបន្តទៀតព្រោះថាប្រសិនបើភ្លាត់ឆ្នៀត នោះពុំត្រឹមតែបង្កគ្រោះថ្នាក់ដល់ខ្លួនឯងប៉ុណ្ណោះទេ គឺអាចនឹងប៉ះពាល់ដល់អ្នកដទៃដែលកំពុងធ្វើដំណើរទៀតផង។ លើសពីនេះ សមត្ថកិច្ចក៏បានធ្វើការព្រមានថា បើថ្ងៃក្រោយចាប់បាន នឹងដាក់ធ្ងន់ជាងនេះ៕ ដោយ៖ លឹម ហុង