សៀមរាប ៖ ករណីអំពើបាញ់ប្រហារ ឬ ហិង្សាសាហាវៗ មកលើស្ត្រីៗ ពីសំណាក់បុរសជាប្តីឬ ត្រឹមជាសង្សារ ដែលគ្មានអ្វីក្រៅពីមូលហេតុដោយសារភ្លើងប្រច័ណ្ឌ ឃើញថាពុំទាន់បានស្ងប់ស្ងាត់បានប៉ុន្មានខែផង ឥឡូវនេះ បានកើតឡើងទៀតហើយ ដោយបុរសជាប្តីវ័យចំណាស់ម្នាក់ បានដកកាំភ្លើងបាញ់ប្រហារមកលើប្រពន្ធខ្លួនដែលព័ត៌មានបឋមបានសន្និដ្ឋានអាចជាភ្លើងប្រច័ណ្ឌ។ តែសំណាងណាស់ ដែលស្ត្រីរងគ្រោះពុំគ្រោះថ្នាក់ដល់អាយុជីវិត។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោងជាង ២ យប់ឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ មានករណីផ្ទុះអាវុធនៅចំណុចមុខសាលាបឋមសិក្សាសាមគ្គី ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។
ក្រោយហេតុការណ៍បានកើតឡើង ទើបគេដឹងថា ស្ត្រីជាប្រពន្ធម្នាក់ត្រូវបានប្តីរបស់ខ្លួនបាញ់១គ្រាប់ចំដើមទ្រូងខាងឆ្វេង (បៀមគ្រាប់) បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរគួរឲ្យអាសូរ។ ហើយក្រោយបាញ់ប៉ុនប៉ងសម្លាប់ប្រពន្ធរួច ភ្លាមៗនោះ បុរសជាប្តីដែលមានចិត្តសាហាវរូបនេះ ក៏ជិះរថយន្តគេចខ្លួនបាត់តែម្តង។
តែទោះយ៉ាងណា នៅរសៀលថ្ងៃទី២២ ខែតុលា នេះ ជនបង្កជាប្ដីអត់ខាន់ស្លា ឈ្មោះ ចាន់ ផល ហៅចាន់ ពៅ ឬ គុជ ផល្លី អាយុ ៥៧ ឆ្នាំ ដែលបានបាញ់ប៉ុនប៉ងសម្លាប់ប្រពន្ធព្រឹកមិញ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានហើយ និងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
ក្រោយពីបានឃើញបែបនេះ មហាជនបានបញ្ចេញកំហឹងដ៏ស្អប់ខ្ពើមបែបៗនេះថា៖ «អាប៉ិនេះ មុខអាក្រក់ហើយ ចិត្តសាហាវទៀត, មិនទាន់អស់បុណ្យនៅមានកម្ម ជីវិតត្រូវរស់បន្ដ អាអ្នកបាញ់នេះនឹងគុកទៀតហើយ»៕ ដោយ៖ លឹម ហុង