Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា ចូលរួម​កិច្ចប្រជុំតុមូល​ថ្នាក់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​និង​ទេសាភិបាល​ធនាគារកណ្តាល​អាស៊ាន ជាមួយ IMF

​ភ្នំពេញ​៖ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​ចូលរួម​កិច្ចប្រជុំតុមូល​ថ្នាក់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​និង​ទេសាភិបាល​ធនាគារកណ្តាល​អាស៊ាន ជាមួយ​លោកជំទាវ Kristalina Georgieva នាយិកា​គ្រប់គ្រង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) នាឱកាស​កិច្ចប្រជុំ​ប្រចាំឆ្នាំ​២០២០ របស់​ធនាគារពិភពលោក​និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ តាមរយៈ Video Conference​។​
​កិច្ចប្រជុំ​នេះ ត្រូវបាន​រៀបចំឡើង​នា​ថ្ងៃទី​២២​ខែតុលា ក្នុង​គោលបំណង​ផ្តល់ឱកាស​ដល់​ថ្នាក់ដឹកនាំ​វិស័យ​ហិរញ្ញវត្ថុ​អាស៊ាន​បាន​ផ្លាស់ប្តូរ​យោបល់​និង​ពិភាក្សា​ពី​បញ្ហា​ប្រឈម ការអនុវត្ត​គោលនយោបាយ ព្រមទាំង​ស្នើសុំ​ជំនួយ​ទៅ IMF​។​

​នៅ​ឆ្នាំ​២០២០​នេះ កិច្ច​ប្រជុំបាន​ពិភាក្សា​អំពី​ការអនុវត្ត​នយោបាយ​ចម្រុះ ក្នុងនោះ​រួមមាន​នយោបាយ​រូបិយវត្ថុ នយោបាយ​អត្រា​ប្តូរប្រាក់ នយោបាយ​ម៉ាក្រូ​ប្រុងប្រយ័ត្ន និង​វិធានការ​គ្រប់គ្រង​លំហូរ​មូលធន ជាដើម ដើម្បី​ទប់ទល់​នឹង​វិបត្តិ ក៏ដូចជា​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ ក្រោយពី​វិបត្តិ​កូ​វីដ​១៩​។

​តាមរយៈ​បទពិសោធន៍​ពី​ការអនុវត្ត​នយោបាយ​ចម្រុះ​កន្លងមក​នៅក្នុង​ប្រទេស​ចំនួន ៧ (​ប្រេ​ស៊ី​ល ឥណ្ឌូនេស៊ី សាធារណរដ្ឋ​កូរ៉េខាងត្បូង ម៉ិ​ក​ស៊ិ​ក ប៉េ​រូ ថៃ និង​ម៉ាឡេស៊ី​) មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​ចងក្រង​ជា​ឯកសារ​ស្រាវជ្រាវ​មួយ សម្រាប់​បម្រើ​ដល់​ការអនុវត្ត​នោ​យោ​បាយ​ចម្រុះ ឱ្យមាន​ប្រសិទ្ធិភាព ទៅតាម​ស្ថានភាព​ប្រទេស​នីមួយៗ​។​

​ជារួម រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង​ទេសាភិបាល​ធនាគារកណ្តាល​អាស៊ាន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធភាព​នៃ​ការស្រាវជ្រាវ​របស់​មូល​និ​ធិ​រូបិយវត្ថុ​អន្តរជាតិ និង​បាន​ស្នើឱ្យ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បន្ត​ជួយ​ប្រឹក្សា​លើ​ការអនុវត្ត​នយោបាយ ជាពិសេស​ការផ្តល់​ការសម្របសម្រួល​លើ​ការអនុវត្ត​នយោបាយ​ឆ្លង​ប្រទេស ដោយសារតែ​កន្លងមក​ការអនុវត្ត​នយោបាយ​នៅក្នុង​ប្រទេសមួយ​អាចមាន​ឥទ្ធិពល​ដល់​ប្រទេស​ដទៃទៀត ជាពិសេស​ពី​ប្រទេស​អភិវឌ្ឍន៍​ទៅ​ប្រទេស​កំពុង​លូតលាស់​។

​កិច្ចប្រជុំ​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការអនុវត្ត​នយោបាយ​វិត្ថារ​កម្ម​ទាំង​ផ្នែក​សារពើពន្ធ​និង​រូបិយវត្ថុ ដើម្បី​ជួយ​ជ្រោង​សកម្មភាព​សេដ្ឋកិច្ច​ឱ្យ​ងើបឡើង​វិញ​, គាំទ្រ​ឱ្យមាន​ការប្រើប្រាស់​នយោបាយ​ម៉ាក្រូ​ប្រុងប្រយ័ត្ន និង​វិធានការ​គ្រប់គ្រង​លំហូ​ង​មូលធន ក្នុង​គោលដៅ​ពង្រឹង​ស្ថិរភាព​ហិរញ្ញវត្ថុ និង​អត្រា​ប្តូរប្រាក់​ជាដើម​។

​លើសពីនេះ គោលនយោបាយ​ចម្រុះ​ទាំងនេះ ត្រូវអនុវត្ត​ឡើង​ដោយមាន​ការសម្របសម្រួល និង​ពេលវេលា​ច្បាស់លាស់ ជាពិសេស ការរក្សា​នូវ​ឯករាជ្យភាព​របស់​ធនាគារកណ្តាល​។​

​គួរ​បញ្ជាក់ថា មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​តែងតែ​ផ្តល់​ការគាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ធនាគារជាតិ​នៃ​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស ជួយ​តាមដាន​ស្ថានភាព​សេដ្ឋកិច្ច និង​ផ្តល់​ប្រឹក្សា​ផ្នែក​នយោបាយ​សេដ្ឋកិច្ច​។ ក្នុងនាម​ជា​តំណាង​កម្ពុជា ក្នុង​ក្រុមប្រឹក្សា​ទេសាភិបាល របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ឯកឧត្តម ជា ចាន់តូ បាន​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ហើយ​កន្លងមក ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ជា​បន្តបន្ទាប់ ជាពិសេស​ទស្សនកិច្ច​ថ្នាក់ដឹកនាំ​កំពូល​របស់ IMF៕
ដោយ​៖CEN​

×