បាត់ដំបង៖លោក សឿម ប៊ុនរិទ្ធិអភិបាលរងខេត្តបាត់ដំបង បានធ្វើការជំរុញនិងលើកទឹកចិត្តដល់មន្ត្រីជំនាញមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបង ត្រូវបន្តការគាំទ្របន្ថែមទៀតជួយដល់ប្រជាពលរដ្ឋ លើការងារដាំដុះដំណាំបន្លែគ្រប់ប្រភេទ ដើម្បីស្តារនិងប៉ះប៉ូវឡើងវិញនូវការខូចខាតផលដំណាំក្រោយទឹកជំនន់ស្រកអស់។
ការលើកឡើងបែបនេះ នៅក្នុងពិធីបើកអង្គវេទិកាស្តីពីការអនុវត្តកសិកម្មល្អតាមកិច្ចសន្យា និងការប្រើប្រាស់មូលនិធិរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណងបង្កើនចំនួនក្រុមអ្នកផលិតបន្លែសុវត្ថិភាព ស្របតាមការអនុវត្តកសិកម្មល្អនិងការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីធានាដល់ខ្សែសង្វាក់តម្លៃបន្លែក្នុងស្រុកនិងមានទីផ្សារជាក់លាក់ ក្នុងការលើកកម្ពស់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យមានភាពល្អប្រសើរឡើងវិញ បន្ទាប់ពីរងគ្រោះដោយគ្រោះទឹកជំនន់។
លោក សឿម ប៊ុនរិទ្ធិអភិបាលរងខេត្តបាត់ដំបង បានជំរុញដល់មន្ត្រីជំនាញគប្បីពិនិត្យឡើងវិញផងដែរទៅលើបន្លែ ផ្លែឈើដែលនាំចូលពីក្រៅប្រទេសហើយមានសារធាតុគីមីពុល បង្កការប៉ះពាល់ដល់សុខមាលភាពរបស់ប្រជាពលរដ្ឋ ជាអ្នកទទួលទាននិងបានក្រើនរំលឹកដល់សហគមន៍អ្នកផលិតបន្លែសុវត្ថិភាពទាំងអស់ ត្រូវផលិតដោយគិតគូរពីសុខភាពរបស់អ្នកប្រើប្រាស់ អ្នកទទួលចំណែក អ្នកទទួលទាន ត្រូវជំរុញការលើកទឹកចិត្តដល់អ្នកផលិតជៀសវាងបង្អាប់ទម្លាក់តម្លៃកសិផលរបស់កសិករ អ្នកផលិតនៅក្នុងស្រុក។ ក្រោយពីទឹកជំនន់បានស្រកអស់ បងប្អូនប្រជាពលរដ្ឋត្រូវតែបន្តខិតខំស្តារការងារបង្កបង្កើនផលឡើងវិញ ដើម្បីជំនួសនូវការបាត់បង់ ដោយសារគ្រោះធម្មជាតិកន្លងមក សំដៅធានាទ្រទ្រង់ជីវភាពរស់នៅរបស់ខ្លួនឲ្យបានប្រសើរឡើង។ បណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធ អង្គការជាដៃគូផ្សេងៗ ត្រូវបន្តជួយគាំទ្រដល់កសិករ ពិសេសកសិករដែលរងគ្រោះឲ្យមានលទ្ធភាពក្នុងការងារបង្កបង្កើនផល ដើម្បីពួកគាត់មានលទ្ធភាពប្រកបមុខរបរបន្តទៀត។
លោកសឿម ប៊ុនរិទ្ធិ បានបញ្ជាក់ថា បើទោះបីជាផលិតក្នុងស្រុកប្រមាណ៣០% បានមកពីវិស័យកសិកម្មយ៉ាងណាក្តី ផ្នែកជំនាញពាក់ព័ន្ធទាំងអស់ ត្រូវផ្តោតបន្ថែមទៀតលើការសិក្សាឡើងវិញ ដើម្បីពិសោធន៍នាំយកប្រភេទដំណាំណាដែលធន់និងអាកាសធាតុ ស្របពេលដែលអាកាសធាតុមានការប្រែប្រួលមិនទៀងទាត់ ហើយកែច្នៃធ្វើយ៉ាងណាឲ្យប្រជាកសិករបានដាំដុះទទួលបានទិន្នផលខ្ពស់ ពីវិស័យកសិកម្មចូលរួមចំណែកស្តារសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចសង្គមជាតិទាំងមូល។
លោក ប៉ែន សូនីតំណាងអង្គការដៃគូលើកកម្ពស់វិស័យកសិកម្មខេត្តបាត់ដំបង បានអះអាងបញ្ជាក់ថា ចំពោះមុខនេះការអនុវត្តបំពេញតួនាទីដល់ក្រុមអ្នកផលិតបន្លែក្នុងស្រុកនៅតែពង្រឹងបង្កើនការផលិតឲ្យបានច្រើនជាង៦០% ជាប្រភេទបន្លែសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារស្របតាមគោលការណ៍អនុវត្តកសិកម្មល្អនៅកម្ពុជា និងស្របតាមគោលការណ៍កសិកម្មតាមកិច្ចសន្យាធានាខ្សែក្រវ៉ាត់តម្លៃនិងមានទីផ្សារមុននិងផលិត៕ ដោយ៖អ៊ុងសារុំ