ជឿជាក់ថា ប្រិយមិត្ត និងមហាជនជាច្រើនទទួលជ្រាប និងក៏សម្តែងនូវក្តីអាណិតអាសូរជាខ្លាំងផងដែរក្រោយពីបានឃើញស្ត្រីជនជាតិចិនម្នាក់ ដែលកាលពីប៉ុន្មានថ្ងៃមុននេះ បានដើរអូសវ៉ាលិសស្រែកយំឡាំប៉ានៅកណ្តាលផ្លូវ ជាប់រង្វង់សម្តេចជូនណាត ដោយសារនាងត្រូវចោរឆក់កាបូប និងទូរស័ព្ទ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងតែម្តង។
តែយ៉ាងណា អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនិងស្ទើរតែមិនគួរឲ្យជឿ គឺក្រោយរូបភាពដ៏គួរឲ្យអាណិតរបស់នាងត្រូវបានគេចែករំលែកពាសពេញបណ្តាញសង្គម ក៏ស្រាប់តែមានទំព័រហ្វេសប៊ុកមួយបបានទម្លាយចេញពីជីវិតពិតរបស់នាង កាលពីនាងរស់នៅក្នុងប្រទេសចិន ដែលតាមពិតនាងគឺជាតារាសម្តែងដ៏ល្បីឈ្មោះគួរសមមួយរូបនៅក្នុងវិស័យកម្សាន្តស្រុកចិន។
ទំព័រហ្វេសប៊ុកនោះបានរៀបរាប់ឱ្យដឹងដូច្នេះថា «មកមើលជីវិតស៊ីវីល័យរបស់គាត់កាលនៅប្រទេសចិនវិញ នៅចាំនារីម្នាក់នេះបានទេដែលមួយរយៈមុនយំឡាំប៉ាដោយសារតែមានចោរឆក់កាបូប និង ទូរស័ព្ទដៃរបស់គាត់ទៅបាត់ ពេលនេះគាត់មិនទាន់បានត្រឡប់ទៅប្រទេសចិនវិញទេ ល្ងាចមិញនាងខ្ញុំជិះឆ្លងកាត់ស្ថានទូតចិនបានឃើញគាត់រករត់ចូលឡាន ទើបចុះសួរនាំ ។
គាត់បានប្រាប់ថា គាត់ពិបាកចិត្តខ្លាំងណាស់មិនដឹងទៅវិញដោយរបៀបណាទេ គាត់បានប្រាប់បន្ថែមទៀតថា នៅប្រទេសចិនគាត់ជាតារាថតរឿងមួយរូបដែរ តែដោយសារគាត់មកដើរលេងប្រទេសកម្ពុជា ត្រូវបានវង្វេង និងត្រូវចោរឆក់កាបូបទូរស័ព្ទបាត់ទៀត ទើបមិនដឹងត្រូវទំនាក់ទំនងទៅអ្នកផ្ទះដោយវិធីណា តែមុននេះបន្តិចនាងខ្ញុំបានឱ្យគាត់ខ្ចីទូរស័ព្ទ ប្រើវីឆាត (Wchat) ទំនាក់ទំនងទៅបងប្រុសជីដូនមួយគាត់ហើយ សង្ឃឹមថាថ្ងៃស្អែកនឹងមានដំណឹងល្អចំពោះគាត់ តាមការគិតរបស់នាងខ្ញុំ គាត់មិនបានបែកថ្នាំទេ ព្រោះការចងចាំគាត់នៅល្អធម្មតា គាត់នៅចាំ ID វីឆាត និង លេខទូរស័ព្ទបងប្អូននៅប្រទេសចិនច្បាស់»៕ ដោយ៖ លឹមហុង