កាលពីវេលាយប់អាធ្រាត្រថ្ងៃតី២២ ខែតុលា ឆ្នាំ២០២០ មានករណីជនសង្ស័យជាចោរម្នាក់ បានឡើងលើដំបូលផ្ទះប្រជាពលរដ្ឋមួយ នៅភូមិស្ទឹងជ្រៅ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំងតែម្តង។
ដោយសារតែម្ចាស់ផ្ទះបានដឹងទាន់ ហើយធ្វើការឡោមព័ទ្ធ បុរសនោះក៏បានសម្ងំនៅលើដំបូលផ្ទះរហូតទល់ភ្លឺ។ ដោយឡែក នៅវេលាម៉ោងប្រមាណ ៨ ព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ដោយឃើញប្រជាពលរដ្ឋមកចោមរោមច្រើនកុះករ ជនសង្ស័យរូបនោះ ដែលមិនដឹងថាបែកថ្នាំ ឬ យ៉ាងណា ស្រាប់តែងើបឈរបែរខ្នង គំរាមលោតសម្លាប់ចុះមក។ មួយសន្ទុះក្រោយមក ដោយសារតែស៊ីជោរតាមការលើកទឹកចិត្តពីមនុស្សមួយចំនួននៅខាងក្រោមស្រែកថា «បើខ្លាំងលោតមក» នៅទីបំផុត បុរសចិត្តសឿងរូបនេះក៏បានលោតរឡាតខ្លួនថយក្រោយពីលើដំបូលផ្ទះកំពស់២ជាន់ស្តែងៗដូចនិនចារអ៊ីចឹង តែមិនដូចក្នុងរឿងកុន លទ្ធផលគឺថាដេកស្តូកស្តឹងតែម្តង។
ជុំវិញហេតុការណ៍ដ៏រន្ធត់ញាក់សាច់នេះផងដែរ បើតាមលោកអធិការនគរបាលក្រុងតាខ្មៅ បានប្រាប់ឲ្យដឹងថា ករណីនេះជនដែលលោតអាចមិនមែនជាចោរទេ ព្រោះជនរូបនេះ ពុំត្រូវបានរកឃើញភស្តុតាងមានឧបករណ៍សម្រាប់ធ្វើសកម្មភាពជាប់នឹងខ្លួននោះទេ។ ហេតុនេះ លោកក៏បានដាក់ការសន្និដ្ឋានថា នេះអាចជាករណីបែកថ្នាំច្រើនជាង។
យ៉ាងណាមិញ បើទោះជាជនសង្ស័យរូបនេះ ពុំស្លាប់ និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃយ៉ាងណា តែសម្រាប់របួសដ៏ធ្ងន់ធ្ងរបែបនេះ នោះមហាជនសង្ឃឹមតិចណាស់សម្រាប់លទ្ធភាពជួយសង្គ្រោះជីវិត៕ ដោយ៖ លឹម ហុង