ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានបន្តផ្សព្វផ្សាយ និងប្រមូលផ្តុំចងក្រងនូវអត្តសញ្ញាណផលិតផលសក្តានុពលមួយចំនួននៅក្នុងខេត្តកំពត ដែលរួមមាន ធូរ៉េនកំពត ម្រេចកំពត អំបិលកំពត(អំបិលអឺយ៉ូដ) ទឹកត្រីកំពត គ្រឿងសមុទ្រ និងផលិតផលផ្សេងៗទៀតទូទាំងខេត្ត ដើម្បីជំរុញផលិតផលទាំងអស់នេះ ឱ្យក្លាយជាផលិតផលមានម៉ាកយីហោ (Brand) ច្បាស់លាស់ ហើយបន្តពង្រឹងផលិតផល ដែលមានម៉ាករួចជាស្រេចនេះ ដាក់លក់តាមបណ្តាផ្សារទំនើបនានា ដូចជា ផ្សារទំនើបឡាក់គី ផ្សារម៉ាក្រូ និងផ្សារអីអនម៉ល ជាដើម។
លោក តាន់ យុវរដ្ឋ អគ្គនាយករងនៃនាយកដ្ឋានជំរុញពាណិជ្ជកម្ម បានឱ្យដឹងថា ដើម្បីជំរុញផលិតផលក្នុងស្រុក ឱ្យឈានដល់ការនាំចេញទៅទីផ្សារអន្តរជាតិ គប្បីផលិតផលកម្ពុជា ត្រូវមានគុណភាព តម្លៃល្អ សុវត្ថិភាព ការវេចខ្ចប់ផលិតស្របតាមស្តង់ដារ មានម៉ាកយីហោ (BRAND) ត្រឹមត្រូវ មានលេខកូដ មានថ្ងៃខែឆ្នាំផលិត និងមានថ្ងៃខែឆ្នាំផុតកំណត់។ ដោយឡែកសព្វថ្ងៃនេះ ផលិតផលកម្ពុជា មិនទាន់មានម៉ាក ( BRAND) ឬពុំទាន់មានសមត្ថភាពបង្កើតម៉ាកបានដោយខ្លួនឯងនៅឡើយទេ ដោយសារកត្តាប្រឈមជាច្រើន ដែលជាឧបសគ្គមួយដ៏ធំ ចំពោះផលិតកម្មក្នុងស្រុក និងជាហេតុមិនអាចចូលរួមប្រកួតប្រជែងក្នុងវិស័យពាណិជ្ជកម្មបាន។
ខេត្តកំពត បានរៀបការផ្សព្វផ្សាយ និងបញ្ជូនផលិតផលសក្តានុពលកម្ពុជា សម្រាប់ទីផ្សារក្នុង និងក្រៅប្រទេស ក្នុងគោលបំណងដើម្បីជំរុញ និងបង្កើនការផលិត ការកែច្នៃ បង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល ជូនដល់បងប្អូនកសិករ ផលិតករ អាជីវករ ពាណិជ្ជករ សមាគម សហគ្រិនកម្ពុជា ក្នុងមូលដ្ឋានតាមបណ្តាភូមិ ឃុំ ក្រុង ស្រុក នៃខេត្តកំពតទាំងមូល។
គួរបញ្ជាក់ថា ដើម្បីឈានដល់ការប្រកួតប្រជែង និងជំរុញដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ក្រសួងពាណិជ្ជកម្ម បានយកចិត្តទុកដាក់ជំរុញឱ្យផលិតករ ពាណិជ្ជករ និងសេវាករក្នុងស្រុក បង្កើតម៉ាក (BRAND) ដោយខ្លួនឯង ឱ្យបានច្បាស់លាស់ ដោយមានភ្ជាប់លេខកូដ ថ្ងៃខែឆ្នាំផលិត និងផុតកំណត់ជាដើម៕
ដោយ៖CEN