Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

CDC សម្រេច​អនុម័ត​គម្រោង​វិនិយោគ​ថ្មី​ចំនួន​៦ បន្ថែមទៀត ក្នុង​ទុនវិនិយោគ​សរុប​ជិត​៤០០​លាន​ដុល្លារ​

​ភ្នំពេញ​៖ តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ចំនួន​៦ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា(CDC) អនុម័ត​គម្រោង​វិនិយោគ​ថ្មី​ទាំងនេះ ក្នុង​ទុនវិនិយោគ​សរុប ៣៩៣.៣ លាន​ដុល្លារ​។

​ក្រុមហ៊ុន​ទាំង​៦ ដែល​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​នេះ មានដូចជា​៖

១- ក្រុមហ៊ុន LUENTEC TEXTILE SOLUTIONS CO., LTD គម្រោង​បង្កើត​រោងចក្រ​បោកគក់ ជ្រលក់​ពណ៌ និង​បោះពុម្ព​ដែលមាន​ទីតាំង​វិនិយោគ ស្ថិតនៅ​ផ្លូវជាតិ​លេខ​៣ ភូមិ​ក្រាំង​ទ្រា សង្កាត់​ព្រះ​និ​ព្វា​ន្ត ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ​៣.៦​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ បាន​ចំនួន​២៦៨​កន្លែង​។

២- ក្រុមហ៊ុន LECROWN SHOES INDUSTRY CO., LTD គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង និង​គ្រឿង​បន្សំ​ស្បែកជើង ដែលមាន​ទីតាំង​វិនិយោគ ស្ថិតនៅ​ផ្លូវជាតិ លេខ​៦ ភូមិ​រវាង ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម មាន​ទុនវិនិយោគ​ប្រមាណ ២២.៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៤,២៤៣​កន្លែង​។

៣- ក្រុមហ៊ុន C.F.C GARMENT PTY CO., LTD គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​សួន​ឧស្សាហកម្ម​វៀល​ស៊ុន អគារ B ផ្លូវជាតិ​លេខ​៤ ភូមិ​ផ្សារ​កំបូល សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ​៥.១​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១,៦៧២​កន្លែង​។

៤- ក្រុមហ៊ុន ODDORMEANCHEY POWER INDUSTRIAL CO., LTD គម្រោង​សាងសង់​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម អានុភាព​២៦៥​មេ​ហ្កា​វ៉ា​ត់ ដែលមាន​ទីតាំង​វិនិយោគ ស្ថិតនៅ​ភូមិ​ពាម​ក្នុង និង​ភូមិ​ឈើទាល​ជ្រុំ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​ទុនវិនិយោគ​ចំនួន​២៩៤.៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ បាន​ចំនួន​២២០​កន្លែង​។

៥- ក្រុមហ៊ុន ODM POWER LINE COMPANY LIMITED គម្រោង​សាងសង់​ខ្សែបណ្តាញ​បញ្ជូន​អគ្គិសនី តង់ស្យុង ២៣០​គីឡូវ៉ុល ត​ភ្ជាប់​ពី​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម ខេត្ត​ឧ​ត្ត​រ​មានជ័យ មក​អនុ​ស្ថានីយ​សៀមរាប​ខាងកើត ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្តសៀមរាប មាន​ទុនវិនិយោគ​ប្រមាណ ៦១.៤​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​៤៩​កន្លែង​។

៦- ក្រុមហ៊ុន SUNENERGY TECHNOLOY (CAMBODIA) CO., LTD គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​បន្ទះ​សូ​ឡា ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​បុរី​សង្ឃឹម​ថ្មី ភូមិ​តា​នួន សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ​៦.៦​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ បាន​ចំនួន​១៥៥​កន្លែង​៕ ដោយ ៖ CEN

×