បាត់ដំបង៖ពលរដ្ឋជួបគ្រោះទឹកជំនន់ជាង ៣០០គ្រួសារនៅក្នុងឃុំឆ្នាល់មាន់និងឃុំហប់ ដែលកំពុងស្នាក់នៅទីទួលសុវត្ថិភាព បានទទួលអំណោយពីក្រុមការងារចុះជួយស្រុកគាស់ក្រឡមានឯកឧត្តម ឡាំ ជា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកគាស់ក្រឡនិងឯកឧត្តម ប៊ុន ហ៊ុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកគាស់ក្រឡរួមទាំងក្រុមការងារទាំងអស់ ដែលអំណោយទាំងអស់នេះ ជារបស់សប្បុរសជនជាតិចិននិងក្រុមការងារស្ម័គ្រចិត្តទឹកជំនន់ឆ្នាំ២០២០មានខ្មែរ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកគាស់ក្រឡ។
ឯកឧត្តម ប៊ុន ហ៊ុនប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកគាស់ក្រឡ បានមានប្រសាសន៍ថា ការផ្តល់ជូនអំណោយទាំងនេះ គឺកើតឡើងដោយសារទឹកចិត្តអាណិតស្រឡាញ់ក្នុងនាមជាប្រជាជាតិខ្មែរមិនប្រកាន់ឋានៈ បក្ខពួកឬនិន្នាការនយោបាយអ្វីទាំងអស់ ស្របទៅតាមអនុសាសន៍ណែនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ប៊ុន ហ៊ុន បានអំពាវនាវដល់ពលរដ្ឋជួបគ្រោះទឹកជំនន់នៅស្រុកគាស់ក្រឡនៅពេលទឹកស្រកទៅ សូមប្រញាប់ប្រញាល់នាំគ្នាដាំបន្លែបង្ការ សម្រាប់ហូបចុកខ្លួនឯងឬលក់ដូរ អាចបានប្រាក់ខ្លះ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។
ឯកឧត្តម ឡាំ ជា បានណែនាំដល់ពលរដ្ឋសូមបន្តប្រុងប្រយ័ត្ន ចំពោះបញ្ហាគ្រោះទឹកជំនន់ ដែលកំពុងកើតមាននៅក្នុងស្រុក រួមទាំងបណ្ដាស្រុកមួយចំនួនទៀតក្នុងខេត្តបាត់ដំបង ត្រូវស្ដាប់តាមការណែនាំរបស់អាជ្ញាធរ ចំពោះវិធានការផ្សេងៗ កុំឲ្យកើតមានគ្រោះថ្នាក់ជាយថាហេតុ ពីបញ្ហាទឹកជំនន់។
ពលរដ្ឋដែលទទួលបានអំណោយពីក្រុមការងារ បាននិយាយលើកឡើងថា ក្រោយពេលពួកគាត់ជួបបញ្ហាគ្រោះទឹកជំនន់ ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីអាជ្ញាធរ ក្រុមការងាររាជរដ្ឋាភិបាលនិងសប្បុរសជននានា តាមរយៈការផ្ដល់អំណោយ ការសង្គ្រោះមកកាន់ទីទួលសុវត្ថិភាពជាដើម។
គួរបញ្ជាក់ផងដែរថា ក្នុងថ្ងៃជាមួយគ្នានេះ ក្រុមការងារ បានចុះពិនិត្យការសាងសង់ទីស្នាក់ការកណ្ដាល សម្រាប់ស្នាក់នៅរបស់ក្រុមការងារចុះជួយស្រុកគាស់ក្រឡ រួមទាំងចុះពិនិត្យស្ថានភាពទឹកនៅក្នុងស្រះ ទឹកទំហំប្រមាណ ៣ហិកតា ជាអំណោយរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ដល់ជូនពលរដ្ឋនៅស្រុកគាស់ក្រឡ ទុកប្រើប្រាស់ប្រចាំថ្ងៃផងដែរ ៕ដោយ៖អ៊ុងសារុំ