បាត់ដំបង ៖ លោកម៉ម ដារ៉េត ប្រធានក្រុមប្រឹក្សាសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកសំឡូត បានណែនាំឱ្យប្រជាពលរដ្ឋត្រូវគិតពីសុខភាពខ្លួនឱ្យបានល្អ បើទោះបីស្ថិតក្នុងស្ថានភាពរងគ្រោះនិងក្រោយរងគ្រោះដោយទឹកជំនន់យ៉ាងណាក្ដី។
ការលើកឡើងនេះ ក្នុងឱកាសដែលគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកសំឡូតនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគមនុស្សធម៌របស់ឯកឧត្តម ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបងនិងជំនួយរបស់សប្បុរសជនក្នុងនិងក្រៅប្រទេសតាមរយៈក្រុមការងារមូលនិធិ ក្ដីសង្ឃឹមថ្មី ចែកជូនប្រជាពលរដ្ឋចំនួន៥០គ្រួសារ ដែលបានទទួលរងគ្រោះដោយទឹកជំនន់ហូរមកពីលើភ្នំនិងជ្រលងភ្នំជាលើកទី២នៅក្នុងភូមិចម្លងរមាំងលើឃុំអូរសំរិលស្រុកសំឡូតខេត្តបាត់ដំបងនិងបានឧបត្ថម្ភដល់កងកម្លាំងចំនួន៧អង្គភាព ដែលបានធ្វើប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ដើម្បីជួយសម្រួលនូវការលំបាករបស់ពួកគាត់បានមួយផ្នែកផងដែរ ក៏ដូចជាការលើកទឹកចិត្តដល់កងកម្លាំងទាំងអស់ដែលបានជួយសង្គ្រោះប្រជាពលរដ្ឋមករកទីទួលសុវត្ថិភាពដោយជោគជ័យ។អំណោយដែលចែកជូនដូចជា ទី១. កងកម្លាំងជួយសង្គ្រោះចំនួន ៧ក្រុម ក្នុង១ក្រុមៗទទួលបាន មីចំនួន៤កេស ទឹកស៊ីអ៉ីវចំនួន ៤យួរ ទឹកសុទ្ធចំនួន៤យួរ ភេសជ្ជៈចំនួន៣កេសនិងថវិកាចំនួន ៤សែនរៀល។ទី២. សម្រាប់ប្រជាពលរដ្ឋ ក្នុងមួយគ្រសារៗទទួលបានអង្ករ២០គីឡូ ក្រាម មីចំនួន១កេស ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ អំបិល១គីឡូក្រាម ស្ករ ១គីឡូក្រាម ទឹកសុទ្ធ ២យួរ និងថវិកាចំនួន ២ម៉ឺនរៀល។ក្នុងនោះក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកសំឡូត បានជួយឧបត្ថម្ភថវិកាចំនួន១៤០ដុល្លារ សម្រាប់ទិញអាវពោងសុវត្តិភាព ដើម្បីពាក់ក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋពេលមានទឹកជំនន់ផងដែរ៕ដោយ៖អ៊ុងសារុំ