នារីម្នាក់នៅក្នុងប្រទេសចិន បានធ្វើការវាយទាត់ធាក់បុរសម្នាក់ឡើងទ្រោមផ្អើលពេញផ្លូវ បន្ទាប់ចោទប្រកាន់ថា បុរសកំហូចនោះបានលូកស្ទាបនាងទាំងកណ្តាលថ្ងៃ។ ហេតុការណ៍ដ៏ញាក់សាច់នេះ ត្រូវបានថតជាប់ដោយកាមេរ៉ាឃ្លាំមើល នៅលើដងផ្លូវនៃទីក្រុង Yichang ខេត្ត Hubei កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០។
បន្ទាប់ត្រូវបានបំពានកេរ្តិ៍ខ្មាស នារីរងគ្រោះឈ្មោះ Li បានដកទូរស័ព្ទថតបុរសកំហូចនោះ ដែលបន្ទាប់មក បានព្យាយាមបញ្ឈប់ការវាយប្រហាររបស់នាង។ នៅក្នុងវីដេអូ គេបានឃើញថា Li បានប្រើកណ្តាប់ដៃជើងក្នុងស្នៀតក្បាច់គុន ហើយបន្ទាប់មក បានតាមដេញធាក់បុរសនោះឲ្យដួលនៅលើថ្នល់តែម្តង។
ពុំមែនតែនាង Li ម្នាក់ទេ ដែលជាជនរងគ្រោះដោយសារអំពើដ៏ថោកទាបនេះ ព្រោះថាមានស្ត្រីដទៃទៀត ក៏បានធ្វើការអះអាងថា បុរសរូបនេះបានរំលោភបំពានមកលើខ្លួននៅក្នុងថ្ងៃនេះផងដែរ។
គេបានឲ្យដឹងថា ជនរងគ្រោះដំបូង ក៏បានវាយមកលើបុរសនេះ ដែលបានព្យាយាមរត់ទៅសម្ងំនៅក្នុងតំបន់ហើយបន្ទាប់មក ក៏បានធ្វើរឿងនេះមកលើ Li បន្ទាប់ទៀត។
ប៉ូលិសបានបើកការស៊ើបអង្កេត ហើយបានចាប់ខ្លួនជនសង្ស័យនៅថ្ងៃដដែល បន្ទាប់ពីទទួលបានរបាយការណ៍របស់ជនរងគ្រោះ។ ហើយទីបំផុត បុរសអាយុ ៤៨ ឆ្នាំដែលគ្មានការងារធ្វើរូបនេះ ត្រូវបានឃុំខ្លួនអស់រយៈពេល ១០ ថ្ងៃ រួចមកហើយ កាលពីថ្ងៃទី២១ ខែកញ្ញា ពីបទល្មើសស្រដៀងគ្នានេះ។
នាង Li បានបញ្ចេញអារម្មណ៍ថា៖ «ខ្ញុំគ្រាន់តែគិតថា ប្រសិនបើគាត់នៅតែបន្តធ្វើរឿងដូចគ្នានេះ នោះនឹងមានមនុស្សស្រីច្រើនទៀត កាន់តែឈឺចាប់ដូចខ្ញុំ»។
ជាមួយនឹងភាពក្លាហាននេះផងដែរ អ្នកប្រើប្រាស់បណ្តាញសង្គមបានសម្តែងការកោតសរសើរ Li យ៉ាងដូច្នេះថា៖ «ស្នៀតទាត់របស់នាង ពិតជាអាជីពណាស់ សុំសរសើរដោយស្មោះ ដែលនាងអាចធ្វើឲ្យបុរសនោះស្គាល់ថ្នាំខ្លាំងបែបនេះ»។ ខណៈអ្នកខ្លះទៀតក៏បានលើកឡើងថា៖ «នាងពិតជាពូកែខ្លាំងណាស់ តែក៏សូមប្រុងប្រយ័ត្នផង ប្រសិនបើបុរសនោះមានកាំបិត នោះនឹងអាចមានចុងបញ្ចប់ផ្សេងៗគ្នា»៕ ដោយ៖ លឹម ហុង