Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការការពារ​សត្វ​ផ្សោត​ទន្លេមេគង្គ កុំឱ្យ​ផុត​ពូជ​ទាមទារ ឲ្យ​មាន​កិច្ចសហការ​ពហុភាគី​ខ្លាំងក្លា​ជាង​មុន​

​ភ្នំពេញ​៖ កិច្ចប្រជុំ​ផ្សព្វផ្សាយ​ថ្នាក់​ខេត្ត​ដើម្បី​បង្កើន​ការយល់ដឹង​របស់​សាធារណជន នា​ថ្ងៃនេះ​បានបញ្ចប់​ជាមួយនឹង​សេចក្តីសន្និដ្ឋាន​មួយ ស្តីពី​សេចក្តីត្រូវការ​ចាំបាច់​ប​ន្ទា​ន់​នូវ​វិធានការ និង​ការអនុវត្ត​សកម្មភាព​រួមគ្នា​ឲ្យ​កាន់តែខ្លាំង​ក្លា​ជាង​មុន ដើម្បី​សង្គ្រោះ​សត្វ​ផ្សោត​ទន្លេមេគង្គ​ពី​ការ​ផុត​ពូជ បន្ទាប់ពី​អ្ន​ន​ពាក់ព័ន្ធ​បាន​ផ្សព្វផ្សាយ​ខ្លឹមសារ នៃ​របាយការណ៍​នៃ​ការប៉ាន់ប្រមាណ​ចំនួន​សត្វ​ផ្សោត​ក្នុង​ឆ្នាំ​២០២០​នេះ​។

​វិធាន​ការរួម​ផ្តោត​សារសំខាន់ និង​ភាពចាំបាច់​ដែល​អ្នកពាក់ព័ន្ធ​ត្រូវ​លើកកម្ពស់​បន្ថែមទៀត​នូវ​ភាពជា​ដៃគូ​រវាង​តួអង្គ និង​ភាគី​សំខាន់ៗ​ទាំងអស់​សម្រាប់​ការអភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ​។ រដ្ឋបាល​ជលផល​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការ WWF កាលពី​សប្ដាហ៍​មុន​បានប្រកាស​ជា​ផ្លូវការ​ថា សត្វ​ផ្សោត​ទន្លេមេគង្គ​បច្ចុប្បន្ន​មាន​ចំនួន​ត្រឹមតែ ៨៩ ក្បាល​ប៉ុណ្ណោះ ដែល​ព័ត៌មាន​នេះ​បាន​បង្ហាញថា​ចំនួន​សត្វ​ផ្សោត​ស្ថិតនៅ​កម្រិត​ថេរ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ថ្មីៗ​នេះ គិត​ចាប់តាំងពី​របាយការណ៍​នៃ​ជំរឿន​សត្វ​ផ្សោត​ឆ្នាំ​២០១៧​មក​។​

​សិក្ខាសាលា​ផ្សព្វផ្សាយ​ថ្នាក់​ខេត្ត​ត្រូវបាន​រៀបចំឡើង ក្នុង​គោលបំណង​ធ្វើ​បច្ចុប្បន្នភាព​ជូន​ដល់​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ ស្ដីអំពី​ស្ថានភាព និង​ចំនួន​សត្វ​ផ្សោត​ទន្លេមេគង្គ ដោយ​ផ្អែកលើ​របាយការណ៍​នៃ​ការប៉ាន់ប្រមាណ​ចំនួន​សត្វ​ផ្សោត​ឆ្នាំ​២០២០ ដែល​ត្រូវអនុវត្ត និង​ចងក្រង​ដើម្បី​ផ្សព្វផ្សាយ​ដោយ​រដ្ឋបាល​ជលផល និង​អង្គការ WWF​។ អ្នកចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​មានដូចជា​មន្ដ្រីជាន់ខ្ពស់ និង​បុគ្គលិក​មកពី​រដ្ឋ​បាលជ​ល​ផល អង្គការ WWF ខណ្ឌ​រដ្ឋបាល​ជលផល​និង​អាជ្ញាធរខេត្ត​ក្រចេះ​និង​ស្ទឹងត្រែង ព្រមទាំង​សហគមន៍​មូលដ្ឋាន យុវជន តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ដៃគូ​នានា​។​

​ក្រៅពី​ស្តាប់​ការបង្ហាញ​អំពី​លទ្ធផល​នៃ​ការអភិរក្ស ការចែករំលែក​នូវ​មេរៀន​និង​បទពិសោធន៍​ដែល​ទទួលបាន​ពី​ការអភិរក្ស នាពេល​កន្លងមក ក៏ដូចជា​លើកឡើង​នូវ​គំនិត​ថ្មីៗ​សម្រាប់​ជាការ​ឆ្លើយតប​ទៅនឹង​តម្រូវការ​បន្ទាន់​ក្នុងការ​ការពារ​សត្វ​ផ្សោត ក្នុង​កិច្ចប្រជុំ​នេះ​គេ​ក៏បាន​ពិភាក្សា​ផងដែរ​អំពី​តួនាទី​របស់​យុវជន និង​សហគមន៍​មូលដ្ឋាន​ក្នុងការ​រួមចំណែក​ដល់​ការការពារ​សត្វ​ផ្សោត​ទន្លេមេគង្គ​នៅក្នុង​ទីជម្រក​ធម្មជាតិ​របស់​ពួកវា​ឲ្យ​នៅ​គង់វង្ស​។​

​មាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​ថ្ងៃនេះ​ដែរ កញ្ញា នុត ពិសិដ្ឋ​រចនា ជា​និស្សិត​ឆ្នាំ​ទី​៣ នៃ​ដេ​ប៉ា​តេ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ទំនាក់ទំនង (DMC) នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​និយាយថា​៖ “​ការចូលរួមចំណែក​ធានា​ការរស់រានមានជីវិត​របស់​សត្វ​ផ្សោត​ទន្លេមេគង្គ ជា​កាតព្វកិច្ច​របស់​យើងទាំងអស់គ្នា​ក្នុងនាម​ជា​ពលរដ្ឋ​កម្ពុជា​។​” កញ្ញា​ជា​សមាជិក​ម្នាក់​ក្នុងចំណោម​ក្រុមយុវជន​អេកូ​យុវ​ទូត​ចំនួន ១៥ នាក់ ដែល​បានធ្វើ​ទស្សនកិច្ច​សិក្សា​នៅក្នុង​តំបន់​ជម្រក​សត្វ​ផ្សោត​កាំ​ពី ក្នុង​គោលបំណង​ស្វែងយល់​ដោយផ្ទាល់​អំពី​ការអភិរក្ស​សត្វ​ផ្សោត ស្រប​ពេលដែល​ពិភពលោក​បាន​កំពុង​ប្រារព្ធ​ទិវា​អន្តរជាតិ​នៃ​សត្វ​ផ្សោត​ទឹកសាប​ថ្ងៃទី ២៤ ខែតុលា​។ ទស្សនកិច្ច​សិក្សា​ដែល​ត្រូវបាន​រៀបចំឡើង​និង​សម្របសម្រួល​ដោយ​អង្គការ WWF ប្រចាំខេត្ត​ក្រចេះ បានបញ្ចប់​ហើយ​នា​ថ្ងៃនេះ​។​

​កញ្ញា​បាន​បន្ថែមទៀតថា​៖ “​តាមរយៈ​ការចែករំលែក​បន្ត និង​ផ្សព្វផ្សាយ​ដោយ​សំណេរ​តាម​ប្រព័ន្ធ​ឌីជីថល និង​ក្នុង​ក្របខ័ណ្ឌ​នៃ​កម្មវិធី​ឃោសនា​ផ្សេងទៀត អំពី​ចំណេះដឹង និង​បទពិសោធន៍​ដែល​យើងខ្ញុំ​បាន​ស្វែងយល់​និង​ទទួលបាន​ផ្ទា​ល់ពី​ដំណើរ​ទស្សនកិច្ច​នៅក្នុង​តំបន់​អភិរក្ស​សត្វ​ផ្សោត នាង​ខ្ញុំ​និង​សមាជិក​ក្រុមយុវជន​ទាំងអស់​អាចរួមចំណែក​ដល់​ការអភិរក្ស​សត្វ​ផ្សោត តាម​ការលើកកម្ពស់​កា​រ​យល់ដឹង​របស់​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​យុវជន អំពី​សារសំខាន់​របស់​សត្វ​ផ្សោត​ទន្លេមេគង្គ និង​ភាពចាំបាច់​នៃ​ការការពារ​សត្វ​ផ្សោត​ដើម្បី​ជាតិ​របស់​យើង និង​សម្រាប់​ការចូលរួម​ទ្រទ្រង់​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​យើង​។​”
​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ក្រុមយុវជន​មាន​សេចក្តីរំភើប​យ៉ាងខ្លាំង​ដែល​បាន​ទទួលបាន​បទពិសោធ​ន៍ ដោយផ្ទាល់​អំពី​ការតាមដាន​ការរស់នៅ​របស់​សត្វ​ផ្សោត ជាពិសេស​ពេល​ពួកគេ​បានឃើញ​សត្វ​ផ្សោត​កំពុង​ហែល​នៅក្នុង​ទីជម្រក​ធម្មជាតិ​ដោយ​សុខសាន្ត​។

​ក្រុមយុវជន​ទាំងអស់​ពិតជា​សប្បាយចិត្ត​ណាស់​ដែល​បាន​ស្តាប់​នូវ​ការពន្យល់​ពី​មន្ត្រី​ជំនាញ និង​បាន​សួរ​សំណួរ​ជាច្រើន ពាក់ព័ន្ធ​នឹង​ជីវសាស្ត្រ​របស់​សត្វ​ផ្សោត កត្តា​គម្រាមកំហែង​ដល់​ការរស់នៅ​របស់​សត្វ​ផ្សោត តម្រូវការ​គុណភាព​បរិស្ថាន​ល្អ​ចាំបាច់​នានា​ដែល​គាំទ្រ​ដល់​ការរស់រាន​របស់​សត្វ​ផ្សោត ក៏ដូចជា​អំពី​កិច្ចការ​ទាក់ទង​នឹង​ការពង្រឹង​ការអនុវត្ត​ច្បាប់​ដោយ​រដ្ឋាភិបាល និង​អង្គការ WWF​។​

​ឯកឧត្តម ស្រ៊ុន លឹម​សុង អគ្គនាយករង​នៃ​រដ្ឋបាល​ជលផល បាន​មានប្រសាសន៍ថា​៖ “​ការងារ​អភិរក្ស​សត្វ​ផ្សោត​ត្រូវការ​ការចូលរួម​រប​ស់​យើងទាំងអស់គ្នា រួមទាំង​យុវជន​ផងដែរ​ដែលជា​អ្នកមាន​តួនាទី​សំខាន់​មួយ​ក្នុងការ​ផ្សព្វផ្សាយ និង បញ្ជៀប​ការយល់ដឹង​អំពី​ការការពារ​សត្វ​ផ្សោត​នៅ​កម្ពុជា​។​” ឯកឧត្តម​បាន​មានប្រសាសន៍​បន្ថែមថា​៖ “​កម្រិត​នៃ​ការចូលរួម​របស់​យុវជន​នៅក្នុង​ព្រឹត្តិការណ៍​ផ្សព្វផ្សាយ អំពី​សត្វ​ផ្សោត​ទន្លេមេគង្គ​ក្នុងឆ្នាំនេះ បង្ហាញថា​យុវជន​កម្ពុជា​ច្រើនឡើងៗ​បាន​ផ្តោត​ចំណាប់អារម្មណ៍​លើ​ការចូលរួមចំណែក​ការពារ​សត្វ​ផ្សោត​ទន្លេមេគង្គ​។​”
​សត្វ​ផ្សោត​ទន្លេមេគង្គ​កម្ពុជា​ត្រូវបាន​ចាត់ថ្នាក់​ជា​ប្រភេទ​សត្វ​ទទួលរង​គ្រោះ​ជិត​ផុត​ពូជ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ដែលជា​បញ្ជី​អន្តរជាតិ​ថ្នាក់ខ្ពស់​បំផុត​នៃ​ការចាត់​ថ្នាក់​ប្រភេទ​សត្វ​រងគ្រោះ ហើយ​សត្វ​ផ្សោត​ទន្លេមេគង្គ​ជា​ប្រភេទ​សត្វ ដែល​ត្រូវបាន​ការពារ​យ៉ាង​ពេញលេញ ដោយ​ច្បាប់​ជលផល​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ ទោះជា​យ៉ាងណាក៏ដោយ សត្វ​ផ្សោត​នៅតែ​បន្ដ​ប្រឈម​នឹង​គ្រោះថ្នាក់​ដោយសារ​ការជាប់​មង​នេសាទ ការសាងសង់​ទំនប់​វា​រី​អគ្គីសនី​នៅ​ចរន្ដទឹក​ខាងលើ​មេគង្គ ការនេសាទ​ហួស​កម្រិត និង​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​ដូចជា​ការ​ឆក់​ជាដើម ក្នុងចំណោម​កត្តា​គំរាមកំហែង​ចំបងៗ​ផ្សេងទៀត​។​

​លោក សេង ទៀក នាយក​អង្គការ WWF បាន​មានប្រសាសន៍ថា​៖ “​ការអនុវត្ត​វិធានការ​អភិរក្ស​រួមគ្នា​នា​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ បានរួម​ចំណែក​បន្ថយ​អត្រា​នៃ​ការធ្លាក់ចុះ​នៃ​ចំនួន​សត្វ​ផ្សោត​បាន​មួយកម្រិត ប៉ុន្តែ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវតែ​រួមគ្នា​អនុវត្ត​វិធានការ​បន្ទាន់​បន្ថែមទៀត​ដើម្បី​ធានាថា​ស្ថានភាព និង​ចំនួន​សត្វ​ផ្សោត​អាច​ប្រសើរឡើង​បាន​។​”

​ការខិតខំ​ប្រឹងប្រែង​ក្នុងការ​អភិរក្ស​នាពេល​កន្លេង​មក​រហូតដល់​បច្ចុប្បន្ន​នេះ អាច​ដំណើរការ​ទៅបាន ដោយមាន​ការគាំទ្រ​ពី ជំនួយ​របស់​រដ្ឋាភិបាល​ប៊ែ​ល​ហ្ស៊ិ​ក (DGD), ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ (SDC), BMZ, អង្គការ WWF-​ប៊ែ​ល​ហ្ស៊ិ​ក​, WWF-​សុ​យ​អ៊ែត​, WWF-​ស្វី​ស​, WWF-​ហូ​ឡង់​, WWF-​សិង្ហ​បុរី​, WWF-​អាល្លឺម៉ង់​, H&M, The King Baudouin Foundation, ស្ថាប័ន​ស្រាវជ្រាវ និង​អភិរក្ស Zoo Nuremberg​។​

​រដ្ឋបាល​ជលផល និង​អង្គការ WWF បាន​ប្ដេជ្ញាចិត្ត​ក្នុង​ការបន្ដ​សហការ​ជិតស្និទ្ធ​ជាមួយនឹង​សហគមន៍​មូលដ្ឋាន និង​ដៃគូរ​ផ្សេងទៀត​ដើម្បី​ជម្រុញ​ការខិតខំ​បន្ថែម​រួមគ្នា​ក្នុងការ​អនុវត្ត​អនុសាសន៍​នានា​ដែល​បានចែង​ក្នុង​របាយការណ៍​នៃ​ការប៉ាន់ប្រមាណ​ចំនួន​សត្វ​ផ្សោត​ទន្លេមេគង្គ​ឆ្នាំ ២០២០​។​

​អនុសាសន៍​ទាំងនោះ​រួមមាន​ការពង្រឹង​ការអនុវត្ត​ច្បាប់​ជលផល និង​ការពង្រឹង​ការហាមឃាត់​ការប្រើប្រាស់​មង​នេសាទ​ខុសច្បាប់ ក្នុង​តំបន់​ការពារ​ជម្រក​សត្វ​ផ្សោត ការបន្ដ​ការតាមដាន​និង​ស្រាវជ្រាវ​ចំនួន​សត្វ​ផ្សោត​នៅក្នុង​ទន្លេមេគង្គ និង​ការគ្រប់គ្រង​តំបន់ “​រ៉ា​ម​សារ​” ក្នុង​ខេត្តស្ទឹងត្រែង ដើម្បី​បង្កើន​ទិន្នផល​ត្រី​សម្រាប់​ជា​ប្រភព​អាហារ​របស់​សហគមន៍​មូលដ្ឋាន និង​ជា​ចំណី​សម្រាប់​សត្វ​ផ្សោត​៕
​ដោយ​៖CEN​

×