ភ្នំពេញ ៖ ដោយហេតុថានៅឆ្នាំ២០១៨ ជាឆ្នាំដែលត្រូវដល់វដ្តនៃការរាតត្បាតធំម្តងទៀត ដូច្នេះមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំដល់គ្រប់ការិយាល័យសុខាភិបាល មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខាភាពទាំងអស់ដែលចំណុះឲ្យរាជធានីភ្នំពេញ ត្រៀមបង្ការ និងតាមដានការផ្ទុះឡើងវិញនៃជំងឺគ្រុនឈាម ក្នុងរាជធានីភ្នំពេញ ។
ក្នុងសេចក្តីណែនាំរបស់មន្ទីរសុខាភិបាល កាលពីថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០១៨ លោកវេជ្ជបណ្ឌិត ងឺ មានហេង ប្រធានសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា យោងតាមប្រព័ន្ធអង្កេតតាមដានជំងឺគ្រុនឈាមរបស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមឃើញថា ជំងឺគ្រុនឈាមឆ្នាំ២០១៧ បានថយចុះចំនួន១២០ភាគរយ បើប្រៀបធៀនឆ្នាំ២០១៦ ប៉ុន្តែតាមការវិភាគស៊ីជម្រៅឃើញថា ជំងឺគ្រុនឈាមមានការកើនឡើងលើមនុស្សពេញវ័យ និងមនុស្សចាស់ ក្នុងអំឡុងពេល៣ឆ្នាំចុងក្រោយពីឆ្នាំ២០១៥ដល់២០១៧ ។ លើសពីនេះទៀត តាមការវិភាពតាមបែបអេពីដេមីសាស្ត្រសម្គាល់ឃើញថា ស្ថានភាពនៃជំងឺគ្រុនឈាមនឹងមានការរាតត្បាតខ្លាំងម្តងទៀតនៅរៀងរាល់៥ទៅ៦ឆ្នាំម្តង បានន័យថា ការរាតត្បាតចុងក្រោយគឺនៅឆ្នាំ២០១២ ។ ហេតុនេះនៅឆ្នាំ២០១៨ គឺជាឆ្នាំដែលត្រូវដល់វដ្តនៃការរាតត្បាតធំម្តងទៀត។ ដើម្បីគ្រប់គ្រងហានិភ័យនៃការរាតត្បាតដោយជំងឺគ្រុនឈាមឆ្នាំ២០១៨នេះឲ្យបានទាន់ពេលវេលា មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់មន្ទីរ អង្គភាពពាក់ព័ន្ធ មណ្ឌលសុខភាព ត្រូវតាមដានករណីសង្ស័យ ជំងឺគ្រុនឈាមនៅគ្រប់មណ្ឌលសុខាភាព មន្ទីរពេទ្យបង្អែក និងសហគមន៍ ត្រូវរាយការណ៍គ្រប់ករណីសង្ស័យជំងឺគ្រុនឈាមមកថ្នាក់ដឹកនាំ គ្រប់មណ្ឌលសុខភាពត្រូវសហការជាមួយអាជ្ញាធរភូមិ សង្កាត់ ចុះអប់រំប្រជាពលរដ្ឋឲ្យលុបបំបាត់ជម្រកមូសខ្លានៅជុំវិញលំនៅដ្ឋានឲ្យបានមួយទៅពីរដងក្នុងមួយខែ ការិយាល័យស្រុកប្រតិបត្តិត្រូវធ្វើផែនការសកម្មភាពនៃការចុះអប់រំប្រជាពលរដ្ឋ ចូលរួមលុបបំបាត់ជម្រកមូលខ្លា គ្រប់មណ្ឌលសុខភាពត្រូវផ្តល់សេវាអប់រំសុខភាព ដោយអនុវត្តការងារអប់រំសុខភាពតាមសហគមន៍ សាលារៀន ទីប្រជុំជន និងទីវត្តអារាម ដោយប្រើប្រាស់លទ្ធភាពធនធានដែលមានស្រាប់ ដូចជាផ្ទាំងរូបភាព សារអប់រំស្តីពីអនាម័យលំនៅដ្ឋាន ការកម្ចាត់ជម្រកមូសខ្លា និងវិធានការការពារជំងឺគ្រុនឈាម ផ្សព្វផ្សាយតាមប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុក រថយន្តចល័ត ត្រូវពង្រឹងសេវាពិនិត្យ ធ្វើរោគវិនិច្ឆ័យ និងព្យាបាល ដោយក្តាប់ឲ្យបាននូវបច្ចុប្បន្នភាព សេវាថែទាំងសុខភា និងតម្រូវការទៅតាមស្ថានភាពជំងឺគ្រុនឈាមជាក់ស្តែង។
លោកប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គ្រប់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព សេវាថែទាំសុខភាព និងគ្រូពេទ្យព្យាបាលទាំងអស់ ត្រូវស្វែងយល់ពីគោលការណ៍ជាតិសម្រាប់ព្យាបាលជំងឺគ្រុនឈាម តាមដានស្ថានភាពជំងឺគ្រុនឈាម និងការកើនឡើងជំងឺគ្រុនឈាមលើមនុស្សពេញវ័យ និងមនុស្សចាស់៕ ដោយ៖បញ្ញាស័ក្តិ