ភ្នំពេញ៖ បុរសម្នាក់ជាបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនអាហារ (Foodpanda) ត្រូវប្រជាពលរដ្ឋនិងកម្លាំងនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនបាន ចំណែកបក្ខពួក៣នាក់ទៀត នាំគ្នាជិះគេចទៅបាត់អស់ស្រមោល បន្ទាប់ពីពួកគេចេញធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់ ដែលទើបនឹងចេញពីស៊ីការ បានសម្រេច ។
ម៉ូតូពួកគេចេញធ្វើសកម្មភាព ម៉ាកឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1GZ 2810 ដែលមានគ្នា៤នាក់ បានចេញឆក់ទូរស័ព្ទដៃពីបុរសម្នាក់បានសម្រេច ហើយនាំគ្នាជិះរត់គេចខ្លួន តែម្នាក់រត់មិនរួច ត្រូវបានម្ចាស់គេស្រែក ចោរៗ ផ្អើលឆោឡោដល់ប្រជាពលរដ្ឋនិងកម្លាំងនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនបានម្នាក់ នៅចំណុចមុខមន្ទីរពេទ្យរុស្ស៊ី តាមបណ្តោយផ្លូវ២៧១ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ កាលពីម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ។ បច្ចុប្បន្នជនសង្ស័យខាងលើកំពុងត្រូវបានសមត្ថកិច្ចសាកសួរ ចំណែកឯជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងមានជ័យទី២ផងដែរ ៕
ដោយ៖ ផាន់ណា មីដា