ជាការពិត យើងបានស្គាល់ពីចម្លាក់តំណាងឲ្យការរៀបអភិសេកព្រះនាងលក្ម្សី ឬលក្ម្សីភិសេកតាមរូបចម្លាក់ មួយចំនួននាសម័យទំនើប ហើយយើងក៏អាចមើលចម្លាក់នេះ ដែលគេបានឆ្លាក់នៅលើប្រាសាទបន្ទាយស្រីនា ស.វទី១០ ដែរ ដោយសារតែចម្លាក់នេះត្រូវបានខ្មែរចាត់ទុកថា ជាប្រផ្នូលនៃសិរីមង្គល ។
រូបភាព១-៣: ដីដុតអង្គរបុរីតំណាងពិធីអភិសេករបស់ព្រះនាងលក្ម្សី សារមន្ទីរជាតិពន្ធុវិទ្យាទួលគោក -ចម្លាក់បន្ទាយស្រី ស.វទី១០ និងគំនូរឥណ្ឌាសម័យទំនើប (ថតឆ្នាំ២០០០)
ប៉ុន្តែគ្មានអ្វីបញ្ជាក់ថា ខ្មែរបានស្គាល់រឿងនេះនាសម័យមុនៗសោះ ពោលគឺសម័យបុរេអង្គរ ពីព្រោះយើងពុំបានឃើញចម្លាក់ ឬ សិលាចារឹក ពិពណ៌នាឡើយ ។ មូលហេតុបណ្តាលមកពីរហូតដល់សព្វថ្ងៃនេះ ពុំទាន់មានការកំណាយសំខាន់ៗណាមួយ នៅតាមស្ថានីយដើម្បីស្វែងយល់ពី វប្បធម៌បុរេអង្គរ ។ ចំណុចអវិជ្ជមាននេះធ្វើឲ្យយើងស្ថិតក្នុងស្ថានភាពមួយមិនប្រាកដប្រជា ដោយគ្មានទិន្នន័យច្បាស់លាស់ ។
បើយោងតាមការរកឃើញនៅអង្គរបុរី ទើបយើងយល់ថា ដូនតាខ្មែរបានស្គាល់រឿងលក្ម្សីអភិសេក តាំងពីដើមសម័យ ប្រវត្តិសាស្ត្រដែលបានហូរចូលពីឥណ្ឌាម្ល៉េះ ។ ដូចនេះយើងជឿជាក់ថា ប្រវត្តិនៃពិធីអភិសេកព្រះនាងលក្ម្សី ជនជាតិខ្មែរយើង បានស្គាល់រួចស្រេចទៅហើយ តាំងតែសម័យនគរភ្នំមកម្ល៉េះ ថ្វីត្បិតតែគ្មានការចុះកាលបរិច្ឆេទច្បាស់លាស់ក្តី ហើយថែមទាំងបានឆ្លាក់រំលេចជាក្បាច់នៅលើហោជាងប្រាសាទ ឬវត្តអារាម ដើម្បីទុកជាទីសក្ការ:បូជា ៕ (ម.ត្រាណេ)