Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វគ្គ​បណ្ដុះបណ្ដាល​អ្វីមួយ​ដល់​សិក្ខាកាម​ជា​មន្ត្រីរាជការ​ ហើយ​ទទួល​ចំណេះដឹង​មិនបាន អនុវត្ត​ការងារ​អត់​ប្រសិទ្ធភាព​ធ្វើ​ឲ្យ​ខាតបង់​ពេលវេលា​និង​ថវិកា​

​បាត់ដំបង​៖​ ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានបង្ហាញ​ការព្រួយបារម្ភ​នៅពេល​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​អ្វីមួយ ទៅកាន់​សិក្ខាកាម​ជា​មន្ត្រីរាជការ ហើយ​ពួកគេ​ទទួលយក​ចំណេះដឹង​មិនបាន ដែល​បានធ្វើ​ឲ្យ​ខាតបង់​នូវ​ពេលវេលា​និង​ថវិកា ពេល​អនុវត្ត​ការងារ​អត់​មាន​ប្រសិទ្ធភាព​។

​ការលើកឡើង​នេះ ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្តីពី​នីតិវិធី​គ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ​និង​ការគ្រប់គ្រង​ចំណូល​មិនមែន​សារពើពន្ធ​នៅ​ខេត្តបាត់ដំបង​។

​ឯកឧត្តម ពេជ្រ សម្បត្តិ បាន​មានប្រសាសន៍ថា​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នានា​កន្លងមក ក្រសួង​មានការ​ព្រួយបារម្ភ​ខ្លាំងណាស់ ខ្លាច​ពេល​មក​រៀន សិក្ខាកាម​អត់​មានការ​យកចិត្តទុកដាក់ អត់​បាន​ចែករំលែក​បទពិសោធ​ទៅ​អ្នកធ្វើការ​ជាមួយ ដែល​បញ្ហា​នេះ ធ្វើ​ឲ្យ​ខាតបង់​ច្រើន​។​ជាក់ស្ដែង​ដូច​វគ្គ​បណ្ដុះបណ្ដាល​ដែល​ក្រសួង​បានរៀបចំ ជាមួយ​វិទ្យាស្ថាន​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ វា​ទាមទារ​ឲ្យ​សិក្ខាកាម​យកចិត្តទុកដាក់​ខ្ពស់បំផុត ព្រោះ​ជា​ចំណេះដឹង ដើម្បី​ឲ្យ​គ្រប់​អង្គភាព​រដ្ឋ ចេះ​គ្រប់គ្រង​ថវិកា ការទូទាត់​ថវិកា​ឲ្យ​មាន​ប្រសិទ្ធភាព ច្បាស់លាស់ ហើយ​រាល់​សិក្ខាកាម​ដែលមាន​ចម្ងល់ ត្រូវ​សួរ​គ្រូឧទ្ទេស វាគ្មិន​ឲ្យ​ពន្យល់​ឲ្យ​បាន​យល់ដឹង ចៀសវាង​ពេល​រៀន​ចប់​និង​ពេល​អនុវត្ត​ការងារ​ទៅ​អត់​មាន​ប្រសិទ្ធភាព ហើយ​រាល់​អ្នកគ្រប់គ្រង​ទ្រព្យ​ហិរញ្ញវត្ថុ ក៏ត្រូវ​រៀន​បន្ថែម​នូវ​ចំណេះដឹង​ថ្មីៗ ពិសេស​ត្រូវ​រៀន​កុំព្យូទ័រ​បន្ថែមទៀត​។

​លោក អ៊ុយ សុធាវី អភិបាលរង​ខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា​ការរៀបចំ​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្តីពី ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ និង​ការគ្រប់គ្រង​ចំណូល​មិនមែន​សារពើពន្ធ ក្នុង​គោលបំណង​ពង្រឹងពង្រីក​សមត្ថភាព​និង​លើកកម្ពស់​ការយល់ដឹង​ថែមទៀត​ជូន​មន្ត្រីរាជការ ដើម្បី​ចូលរួមចំណែក​លើកកម្ពស់​តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព​និង​ស័ក្តិ​សិទ្ធ​ភាព​នៃ​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ​និង​ចំណូល​មិនមែន​សារពើពន្ធ ឲ្យ​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​បច្ចេកទេស​និង​អនុលោម​តាមច្បាប់​ស្តីពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ​និង​ក្នុង​ក្របខណ្ឌ​នៃ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​របស់​រាជរដ្ឋាភិបាល​។​វគ្គ​បណ្ដុះបណ្ដាល​នេះ ពិត​ជាមាន​សារសំខាន់​និង​ឆ្លើយតប​ទៅនឹង​តម្រូវការ​ចាំបាច់​របស់​រដ្ឋបាល​រាជធានី​ខេត្ត​និង​ផ្ដល់ឱកាស​ឲ្យ​សិក្ខាកាម​គោលដៅ បាន​សិក្សា​ស្វែងយល់ ដើម្បី​ពង្រឹងពង្រីក​សមត្ថភាព រួមចំណែក​អនុវត្ត​ការងារ​កែទម្រង់ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់កាល​ទី​៣​និង​ត្រៀម​អនុវត្ត​ដំណាក់កាល​ទី​៤ ឲ្យ​ទទួលបាន​ជោគជ័យ ប្រកបដោយ​ប្រសិទ្ធភាព​និង​ចីរភាព​៕​ ដោយ៖​អ៊ុង​សា​រុំ​

×