ភ្នំពេញ៖ការធ្វើចត្តាឡីស័កនេះបន្ទាប់ពីក្រុមមួកខៀវកម្ពុជាលេខ៨៦១ ចំនួន៧៣នាក់ ក្នុងនោះមាននារី ១២នាក់ បានវិលត្រឡប់មកមាតុភូមិកម្ពុជាវិញ ពីម្សិលមិញ ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌រក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង ដោយជោគជ័យ និងបាននាំកិត្យានុភាពជូនជាតិកម្ពុជា។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អោក សៀង អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានថ្លែងថា ក្រោយត្រឡប់មកដល់ព្រលានយន្តហោះភ្លាមកងរាជអាវុធហត្ថទាំង ៧៣នាក់ ត្រូវមន្ត្រីក្រសួងសុខាភិបាលយកសំណាក និងបញ្ជូនមកធ្វើចត្តាឡីស័ក តាមវិធានសុខាភិបាលរយៈពេល១៤ថ្ងៃ នៅវិទ្យាស្ថានហ្វឹកហ្វឺនបណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាមក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ឯកឧត្តម បានបញ្ជាក់ថា ការបញ្ជូនកងរាជអាវុធហត្ថទៅធ្វើចត្តាឡីស័កតាមវិធានសុខាភិបាលនេះ គឺដើម្បីស្វែងរកជំងឺកូវីដ-១៩ បើទោះបីជាកងទ័ពរបស់យើងធ្វើតេស្តនៅប្រទេសដែលកំពុងបេសកកម្មរកមិន ឃើញមានវិជ្ជមានជំងឺកូវីដ-១៩ ក៏ដោយ ដែលចំណុចទាំងនេះគឺជាយកចិត្តទុកដាក់យ៉ាងធំធេងពី សុខភាពពីសំណាក់ថ្នាក់ដឹកនាំ៕ដោយ៖CEN