បុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកកណ្តាលស្ទឹង ធ្វើការឃាត់ខ្លួនភ្លាមៗ ក្រោយផឹកស្រាស្រវឹងប្រៀបដូចកំរោលចូល បានទាញញញូរវាយ និងយកដុំឥដ្ឋគប់ទៅលើរថយន្តម៉ាក Ford Ranger របស់គេ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍ដ៏ញាក់សាច់នេះ ត្រូវបានដឹងថាបានកើតឡើងកាលពីវេលាម៉ោងជាង ៤ រសៀល ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិ អំពៅព្រៃ ទី១ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ជនបង្កមានឈ្មោះ យឿន គឹមលៀង អាយុ ៣៦ ឆ្នាំ ភេទប្រុស មុខរបរលក់ដូរ។ ចំណែកម្ចាស់ឡានរងគ្រោះមានឈ្មោះ ជឹម សុខអេង ភេទប្រុស អាយុ ៣៣ ឆ្នាំ។ អ្នកទាំងពីរមានទីលំនៅរស់នៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នាផងដែរ។
បើតាមប្រភពបានឲ្យដឹងថា ម្ចាស់រថយន្តរងគ្រោះ Ford បានទុកឡានរបស់ខ្លួននៅក្នុងផ្ទះម្តាយជនបង្ក ហើយគាត់ទៅលេងបាល់ទះ នៅផ្ទះជិតខាង។ ប៉ុន្តែមិនដឹងមានមូលហេតុអ្វី ស្រាប់តែជនបង្កចេញមកពីផឹកផ្ទះបងរបស់ខ្លួន ទាញញញួរវាយ និងយកដុំឥដ្ឋគប់កញ្ចក់ឡានរបស់គាត់យ៉ាងសាហាវបែបនេះតែម្តង។
វត្ថុតាងត្រូវបានដកហូតរួមាន៖ ញញួរផ្លែដែកដងជរ័ ប្រវែង ៣០ សង់ទីម៉ែត្រ ចំនួន១ និងបំណែកដុំ ឥដ្ឋប្រហោងចំនួន១១ដុំ។ ចំណែករថយន្តម៉ាក Ford Ranger ស៊េរីឆ្នាំ២០១៩ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BC 0162 រងការខូចខាតរួមមាន៖ បែកប្រេះស្រាំកញ្ចក់មុខ១ផ្ទាំង បែកកញ្ចក់ទ្វារចំហៀងខាងឆ្វេង២ផ្ទាំង កំពិតគូថក្រោយ១កន្លែង និងកំពិតដំបូលផ្នែកខាងស្តាំ។
ដោយឡែក ក្រឡេកមកទិដ្ឋភាពនៃសកម្មភាពដ៏សាហាវស្តែងៗនេះវិញ គឺយើងពិតជាស្លុតចិត្តខ្លាំងណាស់ ជាពិសេសអាណិតទៅដល់ស្ត្រីជាប្រពន្ធ និងម្តាយយំអង្វរស្ទើរគាំងបេះដូង ក្រោយពីបានឃើញប្តីនិងកូនប្រុសរបស់ខ្លួន មិនគួរណាប្រព្រឹត្តទង្វើដ៏ធ្ងន់ធ្ងរបែបនេះ៕ ដោយ៖ លឹម ហុង