ភ្នំពេញ ៖ អគ្គមហាសេនាបតី តេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សំដែងនូវកកញ្ញូតាធម៌និង កតវេទីតាធម៌ចំពោះ ព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់ព្រះក្សត្រ,ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដែលបានបំពេញចំពោះជាតិ និងប្រជានុរាស្ត្រខ្មែរកន្លងមក។
សម្តេច តេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសំដែងនូវកកញ្ញូតាធម៌និង កតវេទីតាធម៌ចំពោះ ព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់ព្រះមហាក្សត្រដែលបានបំពេញចំពោះជាតិនិងប្រជានុរាស្ត្រខ្មែរកន្លងមកក្នុងការលើកកម្ពស់កិត្យានុភាពជាតិនិងការជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឲ្យមានការរីកលូតលាស់លើគ្រប់វិស័យ។
នាឱកាសដ៏មហាសិរីមង្គលាភិរម្យថ្លៃថ្លាពោរពេញដោយសេចក្តីសោមនស្សរីករាយនៃព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហ្បតិ៍ ១៣ កើតខែកត្តិកឆ្នាំជូតទោស័កពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២៩ខែតុលាឆ្នាំ ២០២០ នេះ។
សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជានិងភរិយាតាំងនាមសមាជិកសមាជិកានៃរាជរដ្ឋាភិបាលកម្ពុជាមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេសបានថ្វាយសារលិខិតថ្វាយព្រះពរ ដោយបានសំដែងនូវអភិវន្ទថ្វាយនូវកតញ្ញូតាធម៌និងកតវេទីតាធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះរាជហឫទ័យឈ្វេងយល់ដ៍ឈ្លាសវៃនិងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លាប្រកបដោយទសពិធរាជធម៌ចំពោះជាតិមាតុភូមិនិងប្រជានុរាស្ត្រ។
ក្នុងសារថ្វាយព្រះពរបានរំលឹកពីព្រះរាជសកម្មភាព ព្រះអង្គ ហើយជាពិសេសព្រះអង្គតែងមានទឹកព្រះទ័យជ្រះថ្លាបរិសុទ្ធទ្រង់សព្វព្រះរាជហឫទ័យប្រោះព្រះរាជទានព្រះរាជទ្រព្យយ៉ាងច្រើនជួយក្នុងវិស័យមនុស្សធម៌សុខមាលភាពនិងជីវភាពរស់នៅរបស់ប្រជារាស្ត្រព្រមទាំងព្រះរាជសកម្មភាពនានាជាច្រើនទៀតដែលបានរួមចំណែកយ៉ាងថ្លៃថ្លាដល់ការលើកកម្ពស់កិត្យានុភាពជាតិនិងការជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងវប្បធម៌ឲ្យរឹតតែមានភាពរីកចំរើនខ្លាំងក្លានាពេលកន្លងមក។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចសូមព្រះបរមរាជានុញ្ញាត អភិវន្ទ លំឱនកាយ វាចាចិត្តក្រាបបង្គំសំដែងថ្វាយនូវមនោសញ្ជេតនាដ៍រំភើបរីករាយឥតឧបមានិងសូមចូលរួមថ្វាយនូវព្រះសព្វសាធុការពរជ័យសិរីមង្គលបវរមហាប្រសើរគ្រប់ប្រការចំពោះព្រះករុណាថ្លៃវិសេសជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិងសូមព្រះអង្គទ្រង់សូមប្រកបដោយព្រះរាជបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ព្រះកាយពលរឹងមាំព្រះរាជសុខភាពល្អបរិបូណ៌ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សាចាក់ផុតពីព្រះរោគាព្យាធិនានាដើម្បីព្រះអង្គទ្រង់គង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជសម្បត្តិបំពេញព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តមថ្លៃថ្លាជានិមិត្តរូបនៃឯកភាពជាតិនិងនិរន្តរភាពជាតិនិងជាព្រះម្លប់ដ៏ត្រជាក់ត្រជុំនិងសេចក្តីសុខក្សេមក្សាន្តចម្រុងចម្រើនរុងរឿងដល់ប្រជានុរាស្ត្ររបស់ព្រះអង្គជាអង្វែងតទៅ។
ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះសម្តេចតេជោហ៊ុនសែនក្នុងនាមមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធសូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យគុណកែវទាំងបីវត្ថុស័កសិទ្ធទាំងឡាយក្នុងលោកទេវតាថែរក្សាព្រះមហាស្វេតច្ឆត្របុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គជាពិសេសបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដីនិងឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋនិងទេវតាថែរក្សាឆ្នាំថ្មីឆ្នាំជូតទោស័កព្រះនាមគោរាគៈទេវីសូមព្រះអង្គតាមជួយថែរក្សាអភិបាលប្រោះព្រំនូវព្រះសព្វសាធុការពរជ័យគ្រប់ប្រការនិងសូមព្រះករុណាថ្លៃវិសេសព្រះអង្គទ្រង់សមប្រកបដោយព្រះពុទ្ធពរដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ទាំងបួនប្រការគឺអាយុវណ្ណៈសុខៈនិងពលៈជានិច្ចនិរន្តរ៍តរៀងទៅ៕ដោយ៖CEN