ស្ទឹងត្រែង៖ មេបញ្ជាការរងយោធាស្រុកបុរីអូរស្វាយសែនជ័យ ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានខេត្តស្ទឹងត្រែង ឃាត់ខ្លួនជាមួយថ្នាំញៀន ២ គីឡូក្រាម នៅចំណុចអាហារដ្ឋានម្លប់ត្នោត ស្ថិតក្នុងភូមិស្ពានថ្ម សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង វេលាម៉ោង៩ យប់ថ្ងៃទី ៣០ ខែតុលាឆ្នាំ ២០២០។
សូមរំលឹកថា កន្លងទៅថ្មីៗនេះ ត្រូវគេរាយការណ៍ថាយោធាម្នាក់ ល្បាតនៅតំបន់ព្រំដែនកម្ពុជាឡាវ ក្បែរបន្ទាយរបស់ខ្លួន ស្ថិតនៅក្នុងភូមិសាស្ត្រឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។
យោធាដើរល្បាតបានប្រទះឃើញជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿងដឹកគ្រឿងញៀនចំនួន២ការ៉ុង ស្មើនឹង៤២កញ្ចប់ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២០។ ពេលនោះជនសង្ស័យបានជិះម៉ូតូដួល ហើយទុកចោលរួចគេចខ្លួនអ្នកឃើញម៉ូតូ និងការ៉ុងច្រកថ្នាំញៀនដ៏ច្រើនសន្ធឹកសន្ធាប់ បន្ទាប់មកគាត់រាយការណ៍ជូនថ្នាក់លើចំនួន ៤២ដុំ និងម៉ូតូមួយគ្រឿង។
ក្រោយមកទៀតគ្រឿងញៀនទាំងអស់នោះ ក៏បានប្រគល់ឲ្យទៅកងរាជអាវុធហត្ថខេត្ត និងមានការចូលរួមពីតំណាងអយ្យការអមសាលាដំបូងខេត្តផង។
ពេលនោះសមត្ថកិច្ចបានបញ្ជាក់ថា គ្រឿងញៀនចំនួន ៤២ កញ្ចប់មានទម្ងន់ប្រមាណជាង ៤១គីឡូក្រាម ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់ ។ ក្រោយពេលមានករណីខាងលើកើតឡើង សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគបាលខេត្ត ធ្វើការស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយវត្ថុតាងថ្នាំញៀន ចំនួន២កញ្ចប់ធំប្រភេទកេតតាមីនទំនងជាសុទ្ធ។ រីឯជនសង្ស័យខាងលើនេះ គឺជាមេបញ្ជាការរងយោធាស្រុកបុរីអូរស្វាយសែនជ័យ ដែលបានដឹងហេតុការណ៍គ្រឿងញៀនមុនគេ។
លោកចែម ផានិត នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញប្រតិបត្តិការ បង្ក្រាបឃាត់ខ្លួនមេខ្លោងជួញដូរថ្នាំញៀនម្នាក់ និងថ្នាំចំនួន ២កញ្ចប់ធំ ប្រភេទកេតមីន។
ជនសង្ស័យគឺជាមេបញ្ជាការរងយោធាស្រុកបុរីអូរស្វាយសែនជ័យឈ្មោះអ៊ុក ដំកើង ភេទប្រុស អាយុ៤៤ឆ្នាំ បានរក្សាទុកគ្រឿងញៀនចំនួន ២ ដុំមានទម្ងន់២គីឡូក្រាម ដែលបានដកចេញក្នុងចំណោមគ្រឿងញៀន ៤២ ដុំ។ សរុបមកកម្លាំងយោធាល្បាត រើសបានថ្នាំញៀន៤២កញ្ចក់ធំ ហើយបានប្រគល់ទៅឲ្យកម្លាំងកងរាជអាវុធហត្ថខេត្តកន្លងមក បែរជាមេបញ្ជាការរងស្រុកបុរីអូរស្វាយសែនជ័យ លាក់ទុកចំនួន ២កញ្ចប់ធំ ស្វែងរកទីផ្សារងងឹតត្រូវកម្លាំងនគរបាលខេត្តឃាត់ខ្លួនតែម្ដង៕ដោយ៖សុខុម