ប្រទេសចិន៖ បើតាមការផ្សាយរបស់ផេងព្រះបរមរាជវាំងបានឱ្យដឹងថា នាវេលាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសស្តេចយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវការចំនួន ៣ថ្ងៃ នៅខេត្តសានសុី តបតាមសេចក្តីក្រាបបង្គំសូមយាង និងរៀបចំថ្វាយដោយ ឯកឧត្តមប្រធានាធិបតី Xi JinPing ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានជូន ឯកឧត្តម Liu Guozhong លេខាគណៈកម្មាធិការបក្សខេត្ត និង ឯកឧត្តម Zhao Yide អភិបាលខេត្ត អញ្ជើញចូលថ្វាយបង្គំគាល់ នៅទីក្រុងស៊ីអាន។
ឯកឧត្តម Liu Guozhong និងឯកឧត្តម Zhao Yide បានសំដែងការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ចំពោះព្រះរាជដំណើរយាងបំពេញទស្សនកិច្ចក្នុងឱកាសនេះ ។ ឯកឧត្តម មានប្រសាសន៍ថាប្រទេសចិន និងកម្ពុជា មានចំណងមិត្តភាពជាប្រពៃណីជាយូរលង់ណាស់មកហើយ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្រោមការជំរុញរួមគ្នារបស់ ឯកឧត្តមប្រធានាធិបតី Xi JinPing និងព្រះករុណា ព្រះមហាក្សត្រ បានធ្វើឲ្យភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរបានឈានដល់កម្រិតថ្មីមួយគួរឲ្យកត់សម្គាល់។ នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី ៥ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៩ នៃបក្សកុម្មុយនិស្តចិន ដែលទើបតែបញ្ចប់បានចង្អុលបង្ហាញថាការអភិវឌ្ឍរបស់ប្រទេសចិននៅតែស្ថិតក្នុងដំណាក់កាលសំខាន់នៃឱកាសយុទ្ធសាស្ត្រនាពេលបច្ចុប្បន្ន និងក្នុងរយៈពេលមួយនាពេលអនាគត។ លំនាំអភិវឌ្ឍន៍ និងការរៀបចំយុទ្ធសាស្ត្រផ្សេងទៀតបានផ្តល់នូវទស្សនវិស័យទូលំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែស៊ីជម្រៅ។ ក្នុងនាមជាសមាជិកសំខាន់របស់អាស៊ាន និងជាប្រទេសសំខាន់មួយនៅតាមបណ្តោយ“ ខ្សែក្រវាត់និងផ្លូវ” ប្រទេសកម្ពុជា មានមូលដ្ឋានរឹងមាំ និងសក្តានុពលដ៏អស្ចារ្យសម្រាប់កិច្ចសហប្រតិបត្តិការ។ ឯកឧត្តមបានបន្តថា ព្រះរាជដំណើរទស្សនកិច្ច របស់ព្រះអង្គលើកនេះ ជាឱកាសមួយដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការប្រកបដោយភាពស៊ីជម្រៅលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម វប្បធម៌ និងការអប់រំ ពង្រឹងការផ្លាស់ប្តូររវាងខេត្ត និងរដ្ឋជាមិត្ត និងចូលរួមវិភាគទានដល់ការបង្កើតសហគមន៍ចិន – កម្ពុជារួមគ្នាជាមួយអនាគតរួមគ្នា។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានព្រះរាជបន្ទូលសំណេះសំណាលក្នុងឱកាសនោះថា ព្រះអង្គពិតជាមានព្រះរាជហឫទ័យរីករាយដែលបានយាងមកទស្សនានៅខេត្ត សានសុី ជាថ្មីម្តងទៀត ព្រមទាំងបានកោតសរសើរអំពីភាពរីកចម្រើនដ៏អស្ចារ្យនៅក្នុងខេត្តផងដែរ។ ព្រះអង្គ សង្ឃឹមថាតាមរយៈដំណើរព្រះរាជទស្សនកិច្ចនេះ យើងនឹងបន្តបាននូវចំណងមិត្តភាពជាប្រពៃណីរវាងប្រជាជនទាំងពីរ ជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជាចិន និងខេត្តសានសុី លើវិស័យផ្សេងៗគ្នា និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនទាំងពីរ៕ ដោយ៖បញ្ញាស័ក្តិ