ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ បានចូលរួមអបអរសាទរទិវាសន្សំអាស៊ាន (ASEAN Savings Day)។
ទិវាសន្សំអាស៊ានដែលនឹងប្រព្រឹត្តរៀងរាល់ឆ្នាំនៅថ្ងៃទី៣១ ខែតុលា ត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ជាសាធារណៈចំពោះសារសំខាន់នៃការសន្សំប្រាក់ ដែលស្របទៅនឹងការខិតខំរបស់ប្រទេសដែលជាសមាជិកអាស៊ាន ក្នុងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុក្នុងតំបន់អាស៊ាន និងនៅតាមប្រទេសជាសមាជិកអាស៊ាននីមួយៗ ដែលជាការងារអាទិភាពមួយដែលត្រូវបានយកចិត្តទុកដាក់ខ្ពស់។
ការសន្សំពិតជាមានសារសំខាន់សម្រាប់បំពេញតម្រូវការចាំបាច់ និងស្ថានភាពបន្ទាន់នៅពេលអនាគត លើសពីនេះ ទិវាសន្សំអាស៊ាន ក៏នឹងអាចជួយបង្កើនវប្បធម៌សន្សំ ដែលនឹងជួយដល់ការកៀរគរប្រាក់សន្សំ និងការគ្រប់គ្រងហិរញ្ញវត្ថុកាន់តែមានភាពប្រសើរឡើង។
ប្រទេសកម្ពុជា ក៏ដូចជាប្រទេសជាសមាជិកក្នុងតំបន់ បាននិងកំពុងជំរុញ និងលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ដោយបានរៀបចំជាយុទ្ធសាស្ត្រជាតិ ស្តីពីបរិយាប័ន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥៕
ដោយ៖CEN