ភ្នំពេញ៖ នៅក្នុងរយៈពេល៤ថ្ងៃ នាឱកាសឈប់សម្រាកព្រះរាជពិធី គ្រងព្រះបរមសិរីរាជ្យសម្បត្តិ និងព្រះរាជ្យពិធីបុណ្យអុំទូក បានចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ភ្ញៀវទេសចរផ្ទៃក្នុងសរុបជាង ៦៤ម៉ឺននាក់ បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេស។
ឯកឧត្តម ថោង ខុន បានបន្តថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តសៀមរាបជាង ១៦ម៉ឺន នាក់ ខេត្តកំពតជាង ៧ ម៉ឺននាក់ ខេត្តព្រះសីហនុជាង ៥ម៉ឺននាក់ ខេត្តកណ្តាលជាង ៥ម៉ឺននាក់។ ខេត្តកំពង់ស្ពឺជាង ៤ម៉ឺននាក់ ខេត្តកែបជិត ៤ម៉ឺននាក់ ខេត្តកោះកុងជិត៣ម៉ឺននាក់ ខេត្តមណ្ឌលគិរីជាង២ម៉ឺន នាក់។
បើយោងតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ធ្លាប់បានព្យាករណ៍ថា ភ្ញៀវទេសចរម្នាក់គិតជាមធ្យម ចំណាយប្រាក់ ៥០ដុល្លារក្នុងដំណើរកំសាន្តរបស់ពួកគេ ដូច្នេះអ្នកដើរកំសាន្តជាង៦៤ម៉ឺននាក់ មានន័យថា ពួកគេបានបញ្ចេញសាច់ប្រាក់ប្រមាណ៣២លានដុល្លារ ចូលក្នុងសសេដ្ឋកិច្ចជាតិ។
បើយោងតាមក្រសួងទេសចរណ៍ ដោយសារឆ្នាំនេះគ្រោះទឹកជំនន់ តំបន់ពាយព្យដែលធ្លាប់ទទួលភ្ញៀវបានច្រើន មានការថមថយ ប៉ុន្តែនៅសៀមរាម-អង្គរ តំបន់ឆ្នេរសមុទ្រ និងនៅតំបន់ឦសាន្ត ពិសេសខេត្តមណ្ឌលគិរី នៅទទួលបានភ្ញៀវច្រើន។ ដោយឡែករាជធានីភ្នំពេញ ទោះពុំមានការប្រារព្ធពិធីអុំទូក ក៏មានប្រជាពលរដ្ឋប្រមាណ ៤០ ម៉ឺននាក់នាក់ បានដើរកម្សាន្តនៅគោលដៅសំខាន់ៗ ពិសេសនៅតំបន់កោះពេជ្រ និងមុខព្រះបរមរាជវាំង។ ទោះយ៉ាងណា ប្រជាជននៅតាមមូលដ្ឋាន និងវិស័យឯកជន មានភាពសប្បាយរីករាយ ជាមួយចរន្តភ្ញៀវទេសចរក្នុងប្រទេស ដែលមាននៅគ្រប់គោលដៅទេសចរណ៍៕
ដោយ៖CEN