ភ្នំពេញ៖កងទ័ពមួកខៀវកម្ពុជា ដែលជាកម្លាំងចុងក្រោយចំនួន៤២នាក់ម(ស្ត្រីម្នាក់) នៃកងកម្លាំងកម្ទេចគ្រឿងផ្ទុះ(EOD) លេខ២៣១ បានបញ្ចប់បេសកកម្ម(UN) នៅសាធារណៈរដ្ឋម៉ាលី ហើយបានធ្វើមាតុភូមិនិវត្តន៍មកដល់ភ្នំពេញនៅល្ងាចទី២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិនិងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានថ្លែងក្នុងពេលអញ្ជើញទទួលកងកម្លាំងកម្ទេចគ្រឿងផ្ទុះ (EOD) ថា នៅក្នុងដំណាក់កាលរាតត្បាតជំងឺកូវីដ-១៩ ជាសកលនេះ មានកងទ័ពមួកខៀវកម្ពុជា ចំនួនជាង៣០០នាក់ ដែលក្នុងនោះមានស្ត្រីចំនួន២១នាក់ដែលបានបញ្ចប់បេសកកម្ម របស់ខ្លួនក្រោមឆត្រអង្គការសហប្រជាជាតិ ពីប្រទេសម៉ាលីចំនួន០៣លើក បានវិលត្រឡប់មក ដល់ប្រទេសកម្ពុជាដោយសុខសុវត្ថិភាព។
ឯកឧត្តមបញ្ជាក់ថា កម្លាំងទាំង៤២នាក់នេះ ក្រោយត្រឡប់មកដល់ព្រលានយន្តហោះភ្លាម មន្ត្រីក្រសួងសុខាភិបាលយកសំណាក និងបញ្ជូនមកធ្វើចត្តាឡីស័កតាមវិធានសុខាភិបាលរយៈពេល១៤ថ្ងៃ នៅវិទ្យាស្ថានហ្វឹកហ្វឺនបណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីន និងកាកសំណល់សង្គ្រាមក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកម្លាំង ៧.១២៣នាក់ ក្នុងនោះមានស្ត្រី ចំនួនជាង៤០០នាក់ ទៅចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ។ រហូតដល់ពេលនេះ កម្ពុជាមានកងកម្លាំង៥កងសរុបចំនួន៧៨៧នាក់ កំពុងបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ក្នុងនោះមានលីបង់, ស៊ូដង់ខាងត្បូង, ម៉ាលី និងអាហ្វ្រិកកណ្តាល ជា ដើម៕ ដោយ៖ CEN