ភ្នំពេញ៖ បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿនបត់មិនប្រយ័ត្ន បណ្ដាលឱ្យទៅបុកស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា បាក់មួយដើម រួចព្យាយាមបើករត់ តែត្រូវសមត្ថកិច្ចតាមឃាត់បាន។ ចំណែកឯតៃកុងរត់យន្តក៏បើកទ្វារត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ៤ និង៣០ នាទីទៀបភ្លឺ ឈានចូលថ្ងៃអង្គារទី៣ ខែវិច្ឆិកា ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តម៉ាកព្រូស មួយគ្រឿង ដែលពាក់ផ្លាកលេខ ភ្នំពេញ 2R 0243 ធ្វើដំណើក្នុងទិសដៅលិចមកកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុបម្រុងបត់ឆ្វេង មិនប្រយ័ត្នជ្រុលទៅបុកស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា បាក់មួយដើម រួចបន្តបើកទៅមុខទៀត តែសំណាងមិនល្អរថយន្តបាក់កង់ខាងមុខទើរនៅត្រឹមនឹង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញ ចុះមកដល់ធ្វើកំណត់ហេតុ និងវាស់វែងយករថយន្តទៅរក្សាទុក នៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ រង់ចាំដោះស្រាយនៅពេលក្រោយ ៕ ដោយ៖សា មេត