ភ្នំពេញ៖ ប្រទេសហុងគ្រី បានសម្លឹងឃើញប្រទេសកម្ពុជាជាដៃគូរ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដែលហុងគ្រី មានជំនាញខ្លាំងលើការការពារបរិស្ថាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍ សុវត្ថិភាពចំណីអាហារ និងការកែឆ្នៃចំណីអាហារ និងគ្រឿងចក្រកសិកម្ម ជាដើម ដែលជាវិស័យចាប់អារម្មណ៍ក្នុងការវិនិយោគ។
នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល១ថ្ងៃ នៅថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ របស់លោក ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី នៅប្រទេសកម្ពុជា ភាគីទាំងពីរសង្ឃឹមថា និងបង្កើនចំណងមិត្តភាព និងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើឡើង។ បន្ថែមលើពីនេះ ក៏និងមានកិច្ចព្រមព្រៀងឬ អនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរផង។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា អំឡុងពេលមកដល់កម្ពុជា លោក ភីធើ ស៊ីចាតូ ចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ហើយក្រោយជំនួបសម្តែងការគួរសមនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងធ្វើជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខា លើឯកសារសំខាន់ៗ ចំនួនបី ដូចជា ៖
១- កិច្ចព្រមព្រៀងស្តីពីសេវាដឹកជញ្ជូនតាមផ្លូវអាកាសចរ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលហុងគ្រី។
២- អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការគ្រប់គ្រងធនធានទឹក រវាងក្រសួងធនធានទឹក និងឧតុនិយមនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃហុងគ្រី។
៣- អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្មហុងគ្រី។
គួរបញ្ជាក់ថា កម្ពុជាស្វាគមន៍ជានិច្ច រាល់កិច្ចសហប្រតិបត្តិការ និងការវិនិយោគនានា។ ក្នុងនោះកម្ពុជា មានតម្រូវការច្រើនលើបច្ចេកវិទ្យា និងឧបករណ៍កសិកម្ម ដែលសព្វថ្ងៃនេះកម្ពុជាកំពុងផ្តោតលើវិស័យកសិកម្ម។ ម្យ៉ាងវិញទៀត កម្ពុជាក៏កំពុងតែមានគំនិតកែប្រែពលកម្មទៅជាពលកម្មដែលមានជំនាញ សម្រាប់ទ្រទ្រង់ ដល់វិស័យកម្មន្ដសាលធុនស្រាល និងវិស័យកែឆ្នៃចំណីអាហារ ដែលកម្ពុជាមានស្រាប់ នូវវត្ថុធាតុដើម ប៉ុន្តែនៅខ្វះខាតបច្ចេកវិទ្យា៕ ដោយ ៖ CEN