Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ជា ចាន់តូ​៖ ការវិនិយោគ​របស់​សិ​ង្ហ​បុរី​ក្នុង​វិស័យ​ធនាគារ​បាន​ចូលរួមចំណែក​ជួយ​វិស័យ​ធនាគារ​នៅ​កម្ពុជា​កាន់តែ​មានការ​រីក​ចម្រើន​

ភ្នំពេញ ៖ ​ក្នុងជំនួប​សម្តែង​ការគួរសម​និង​ជម្រាបលា​មុននឹង​បញ្ចប់​អាណត្តិ លោកឯកអគ្គរដ្ឋទូត សាធារណរដ្ឋ​សិង្ហ​បុរី Michael Tan Keng Soing បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា ធនាគារជាតិ​នៃ​កម្ពុជា ដែល​បាន​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​បាន​បង្កលក្ខណៈ​អំណោយផល​ដល់​ពាណិជ្ជកម្ម​និង​ការវិនិយោគ នៃ​ប្រទេស​ទាំងពីរ​។

​លោក​អគ្គរដ្ឋទូត​ថ្លែង​ដូច្នេះ​កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា ក្នុងជំនួប​រវាង​លោក អគ្គរដ្ឋទូត និង លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា​ដើម្បី​សម្តែង​ការគួរ​សមនិង​ជម្រាបលា មុនពេល​ដែល​លោក​អគ្គរដ្ឋទូត​នឹង​បញ្ចប់​អាណត្តិ​នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ បន្ទាប់ពី​បាន​បំពេញបេសកកម្ម​រយៈពេល ៤ ឆ្នាំ នៅ​កម្ពុជា​រួចមក​។​

​លោក​អគ្គរដ្ឋទូត​ថ្លែងថា នៅក្នុង​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ សិង្ហ​បុរី​បង្កើន​ការវិនិយោគ​គួរឱ្យកត់សម្គាល់ ក្នុងនោះ ភាគហ៊ុន​ដែលមាន​ប្រភព​មកពី​សិង្ហ​បុរី រួមមាន នៅក្នុង​ធនាគារ ហ្វី​លី​ព ភីអិលស៊ី និង​ធនាគារ​ប្រៃសណីយ៍​កម្ពុជា ដែល​រួមចំណែក​ធ្វើឱ្យ​វិស័យ​ធនាគារ​កាន់តែ​មានការ​រីកចម្រើន​។

​ចំពោះ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ធនាគារកណ្ដាល​ទាំងពីរ លោក​ថា ធនាគារជាតិ​នៃ​កម្ពុ​ជាមាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​អាជ្ញាធរ​រូបិយវត្ថុ​សិង្ហ​បុរី (MAS) តាមរយៈ​ការផ្លាស់ប្តូរ​ព័ត៌មាន ការបណ្តុះបណ្ដាល​ធនធាន​មនុស្ស និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នានា​។

​គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ​២០១៩ កន្លងទៅ ធនាគារជាតិ​នៃ​កម្ពុជា និង​អាជ្ញាធរ​រូបិយវត្ថុ​សិង្ហ​បុរី បាន​ចុះ​អនុស្សរណៈ​យោគយល់​ស្តីពី កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​នវានុវត្តន៍​ហិរញ្ញវត្ថុ ដែល​ធ្វើឡើង​ក្នុង​គោល​បំណង​បង្កើតជា​ក្របខ័ណ្ឌ​សម្រាប់​កិច្ចសហប្រតិបត្តិការ​រ​វាង​ធនាគារកណ្តាល​ទាំងពីរ ដើម្បី​ជំរុញ​នវានុវត្តន៍​ហិរញ្ញវត្ថុ​ក្នុង​ទីផ្សារ របស់​សមី​ប្រទេស​។

​តាមរយៈ​អនុស្សរណៈ​នេះ ធនាគារកណ្តាល​ទាំងពីរ​អាច​ចែករំលែក​ព័ត៌មាន​ស្តីពី​និន្នាការ​និង​ការអភិវឌ្ឍ​ទីផ្សារ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដែល​កំពុង​រីកចម្រើន ក៏ដូចជា​បទ​ប្បញ្ញត្តិ​ទាក់ទង​នឹង​នវានុវត្តន៍​នៅក្នុង​សេវាកម្ម​ហិរញ្ញវត្ថុ​។

​លោក​ឯកអគ្គរដ្ឋទូត បាន​ថ្លែងអំណរគុណ​ដល់​ធនាគា​រ​ជាតិ​នៃ​កម្ពុជា ដែល​បាន​គាំទ្រ​ការរៀបចំ Fintech Festival នៅ​ប្រទេស​សិង្ហ​បុរី និង​បាន​អនុញ្ញាតឱ្យ​មន្ត្រីជាន់ខ្ពស់​របស់​ធនា​គារ​ជាតិ​នៃ​កម្ពុជា ធ្វើជា​វាគ្មិន តាម​ការអញ្ជើញ​របស់​សិង្ហ​បុរី ដើម្បី​ចែករំលែក​បទពិសោធន៍​របស់​កម្ពុជា​ក្នុង​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​។

​ម្យ៉ាងទៀត​លោក ឯកអគ្គរដ្ឋទូត ក៏បាន​ចូលរួម​អបអរសាទរ​និង​បង្ហាញ​នូវ​ការគាំទ្រ​ចំពោះ​គោលនយោបាយ​លើកកម្ពស់​ការប្រើប្រាស់​ប្រាក់រៀល​របស់​រាជរដ្ឋាភិបាល​និង​ធនាគារជាតិ​នៃ​កម្ពុជា ដែល​កន្លងមក​ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់ និង​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​គោលនយោបាយ​រូបិយវត្ថុ​នៅ​កម្ពុជា​។

​លោក​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​ជម្រាបជូន លោក​ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ពី​ស្ថានភាព​សេដ្ឋកិច្ច និង​វិស័យ​ធនាគារ​នៅ​កម្ពុជា ដែល​បន្ត​មាន​ប្រតិបត្តិការ​ជា​ប្រក្រតី និង​បានរួម​ចំណែក​ក្នុងការ​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ មកលើ​សេដ្ឋកិច្ចកម្ពុជា ក៏ដូចជា​ការចូលរួម​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក​។

​លោក ជា ចាន់តូ ក៏បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​សិង្ហ​បុរី ក៏ដូចជា​អាជ្ញាធរ​រូបិយវត្ថុ​សិង្ហ​បុរី ដែល​បាន​គាំទ្រ​កម្ពុជា ក៏ដូចជា ធនាគារជាតិ​នៃ​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​កសាង​សមត្ថភាព​របស់​មន្ត្រី​បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា​តាមរយៈ​ការផ្តល់​អាហារូបករណ៍ និង​វគ្គ​បណ្តុះបណ្តាល​ផ្សេងៗ ការចែករំលែក​បទពិសោធ​ក្នុង​វិស័យ​ធនាគារ ក៏ដូចជា​បាន​សហការ​រួមចំណែក​ក្នុង​ការជំរុញ​នវានុវត្តន៍​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។

​លោកទេសាភិបាល បាន​កោតសរសើរ​ការ​រួមចំណែក​របស់ លោក​ឯកអគ្គរដ្ឋទូត ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ ក៏ដូចជា​ធនាគារកណ្ដាល​ទាំងពីរ ក្នុង​រយៈពេល​ដែល​លោក​បាន​បំពេញបេសកកម្ម​នៅ​កម្ពុជា​៕ ដោយ ៖ CEN

×