ភ្នំពេញ៖ ថ្លែងបើកសិក្ខាសាលាផ្សព្វផ្សាយគម្រោងពិពិធកម្មកសិកម្មកម្ពុជា ជាលើកដំបូងនៅថ្នាក់រាជធានី លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរង និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា គម្រោងពិពិធកម្មកសិកម្មកម្ពុជា ទទួលបានការគាំទ្រហិរញ្ញប្បទានសរុប ១០១,៦៧លានដុល្លារអាមេរិក ដែលក្នុងនោះកម្ចីសម្បទានពីធនាគារពិភពលោកមានចំនួន ៩១,៦៧លានដុល្លារអាមេរិក និងថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា ចំនួន១០លានដុល្លារអាមេរិក។
នៅថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយគម្រោងពិពិធកម្មកសិកម្មកម្ពុជា លើកដំបូងនៅថ្នាក់រាជធានីក្នុងគោលបំណងដើម្បី ផ្សព្វផ្សាយព័ត៌មានគម្រោងទៅសហគមន៍កសិកម្ម ក្រុមផលិត កសិពាណិជ្ជករខ្នាតតូច និងមធ្យម អ្នកប្រមូលទិញកសិផល អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធនៅក្នុងតំបន់គោលដៅ ផ្សព្វផ្សាយព័ត៌មាននៃការគាំទ្រហិរញ្ញប្បទានរបស់គម្រោង។
លោកបណ្ឌិត សរ ចិត្រា បានបន្តថា ថវិកាទាំងនេះ នឹងប្រើប្រាស់ដើម្បីអនុវត្តគម្រោងក្នុងខេត្តគោលដៅចំនួន១៣ រាជធានី ខេត្ត រួមមាន៖ ខេត្តបាត់ដំបង សៀមរាប ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ និងកណ្តាល និងរាជធានីភ្នំពេញ។ លោកបណ្ឌិត សរ ចិត្រា បានបន្ថែមថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាស្ថាប័នដឹកនាំគម្រោង និងសម្របសម្រួលការអនុវត្ត ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ ជាស្ថាប័នអនុវត្តគម្រោង។
លោកបណ្ឌិតនាយកគម្រោងក៏បានគូសបញ្ជាក់នៅក្នុងសន្ទរកថារបស់លោកបន្ថែមថា អង្គការសកម្មភាពដើម្បីស្រាវជ្រាវ និងអភិវឌ្ឍន៍ (ARD) និងក្រុមហ៊ុន SBK ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជ្រើសរើសជាស្ថាប័នផ្តល់សេវាគាំទ្របច្ចេកទេស (Technical Service Provider-TSP) ដើម្បីគាំទ្រការរៀបចំសំណើពិពិធកម្មកសិកម្ម និងផែនការអាជីវកម្មរបស់សហគមន៍កសិកម្ម និងកសិពាណិជ្ជករខ្នាតតូច និងមធ្យមមាននៅ៥ខេត្តគោលដៅរបស់ARD រួមមានខេត្តកំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល និងរាជធានីភ្នំពេញ ក្នុងចំណោមគោលដៅរាជធានីខេត្តគោលដៅទាំង១៣ខេត្ត រូមមាន ខេត្តបាត់ដំបង សៀមរាប ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល និងរាជធានីភ្នំពេញ។
សូមបញ្ជាក់ផងដែរថា សិក្ខាសាលាផ្សព្វផ្សាយនៅថ្នាក់រាជធានីនេះ គឺជាការជូនដំណឹងដល់សហគមន៍កសិកម្ម ក្រុមផលិត កសិពាណិជ្ជករខ្នាតតូចនិងមធ្យម ហើយបន្ទាប់ពីសិក្ខាសាលានេះផងដែរ ក្រុមការងារគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការសកម្មភាពដើម្បីស្រាវជ្រាវ និងអភិវឌ្ឍន៍ (ARD) ស្ថាប័នពាក់ព័ន្ធ នឹងបន្តចុះផ្សព្វផ្សាយគម្រោងនេះនៅតាមបណ្តាឃុំ/សង្កាត់ និងស្រុក/ខណ្ឌនៃខេត្តរាជធានីបន្ថែមទៀត។ គម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ផ្តើមនិងបន្តអនុវត្តន៍សកម្មភាពរបស់ខ្លួនចាប់ពីឆ្នាំ២០១៩រហូតដល់ឆ្នាំ២០២៥៕ CEN