ខេត្ដស្វាយរៀង៖ លោក ហែម ពិសិដ្ឋ អភិបាលរង ខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានអញ្ជើញជាអធិបតី នៅក្នុងអង្គសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក និងឃុំ (២០២១-២០២៣) នៅថ្នាក់ក្រុង .ស្រុកឆ្នាំ២០២០ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាចន្ទ្រា ។
នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាក្នុងខេត្ត លោក គង់ វស្សា ប្រធានក្រុមប្រឹក្សាស្រុក លោក ថន ថាវុទ្ធា អភិបាលស្រុក លោកលោកស្រីអភិបាលរងស្រុក លោកនាយករដ្ឋបាលសាលាស្រុក លោកប្រធានអនុប្រធានការិយាល័យអង្គភាពចំណុះសាលាស្រុក កងកម្លាំងទាំងបី លោកមេឃុំ ស្មៀនឃុំទាំង៦ និង ព្រមទាំងតំណាងអង្គការដៃគូ និងអ្នកពាក់ព័ន្ធនានា សរុប ចំនួន ៦០នាក់ស្រី១៣ ។
លទ្ធផល នៃអង្គសិក្ខាសាលា មានដូចខាងក្រោម៖ នៅឆ្នាំ២០២១ខាងមុខ គម្រោងវិនិយោគស្រុក និងគម្រោងវិនិយោគទាំង០៦ឃុំ ក្នុងស្រុកមានចំនួន ១២២គម្រោង មានការសន្យាគាំទ្រ ចំនួន ៩១គម្រោង ស្មើនឹង ៧៤,៥៩% ក្នុងនោះមានការសន្យាគាំទ្រក្រៅគម្រោង មានចំនួន ៥៤គម្រោង ស្មើនឹង ៥៩,៣៤% ហើយមានការសន្យាគាំទ្រក្នុងគម្រោង មានចំនួន ៣៧គម្រោង ស្មើនឹង ៤០,៦៦% ។
ឆ្លៀតក្នុងឱកាសនោះដែរលោក ហែមពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង ក៏បានសំនូមពរឱ្យអស់លោកលោកស្រីមន្ត្រីរាជការសាលាស្រុក លោកមេឃុំក្រុមប្រឹក្សាឃុំស្មៀនឃុំ ត្រូវផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការ ឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៃរលកទី២ ដោយគោរព និងអនុវត្តឱ្យ បានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានា តាមការនែនាំរបស់ក្រសួងសុខាភិបាល និងសូមឱ្យប្រជាពលរដ្ឋ ទាំងអស់គ្នា ត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈការដាំដុះ ការចិញ្ចឹមសត្វ ជាដើម ចំណែកឯអាជ្ញាធរត្រូវតែពង្រឹងឱ្យមានប្រសិទ្ធិភាព ៕ ដោយ៖វ៉ៃកូ