បាត់ដំបង ៖ ការឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន៣នាក់ ធ្វើឡើងដោយមន្ត្រីអភិរក្សព្រៃឈើថៃ ដោយចោទប្រកាន់ថា ចូលទៅថៃគ្រោងកាប់ឈើ កាលពីវេលាថ្ងៃត្រង់ថ្ងៃទី៣ ខែវិច្ឆកា ឆ្នាំ២០២០ ត្រង់ចំណុចទឹកដីថៃក្នុងភូមិសាស្ត្រភូមិបានមួង ឃុំនឺនស៊ី ស្រុកបររ៉ៃ ខេត្តត្រាត ឈមគ្នានឹងតំបន់ស្រុកសំឡូត ខេត្តបាត់ដំបង ។
ពលរដ្ឋខ្មែរទាំងបីនាក់មានឈ្មោះសែម រដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ.ឈ្មោះអៀត សុខឃឿនភេទប្រុសអាយុ២៦ឆ្នាំនិងម្នាក់ទៀតឈ្មោះចាន់ សុខខា ភេទប្រុស អាយុ៣១ឆ្នាំទាំង៣នាក់រស់នៅក្នុងភូមិស្រែអណ្ដូង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ។
លោក ម៉ី ណាន់ នាយប៉ុស្តិ៍នគរបាលព្រំដែន ស្រុកសំឡូតបានបញ្ជាក់ នៅថ្ងៃទី ៤ ខែវិច្ឆកា ឆ្នាំ២០២០នេះថា ក្រុមការងារកំពុង សម្របសម្រួលនាំយកប្រជាពលរដ្ឋដែលប្រព្រឹត្តខុសច្បាប់នេះដើម្បីយកទៅអប់រំ ណែនាំនៅមូលដ្ឋានទឹកដីប្រទេសកម្ពុជាវិញ ។ ប៉ុន្តែខាងភាគីកងកម្លាំង ក៏ដូចជាមន្ត្រីជំនាញរបស់ថៃ បានបដិសេធចំពោះការស្នើសុំនេះដោយរក្សាទុក ដើម្បីអនុវត្តទោសតាមច្បាប់របស់ថៃសិន ៕ ដោយ៖CEN