ខេត្តស្វាយរៀង៖លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនាព្រឹកថ្ងៃ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីក្នុងពិធីចែកស្រូវពូជជូនប្រជាកសិករដែលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៥៥គ្រួសារ នៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ក្នុងមួយគ្រួសារទទួលបានពូជស្រូវស្រាលក្រអូបមិនប្រកាន់រដូវចំនួន ១០០គីឡូក្រាម។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក អភិបាលរងខេត្តលោក ទីប្រឹក្សាក្រសួងកសិកម្ម លោកប្រធានមន្ទីរកសិកម្មខេត្ត លោកអភិបាលស្រុកកំពង់រោទិ៍ អាជ្ញាធរពាក់ព័ន្ធ និងប្រជាកសិករជាច្រើនរូបទៀត។
មានប្រសាសន៍នៅក្នុងពិធីនេះលោកអភិបាលខេត្តបាន នាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់គ្រប់ពេលវេលា នូវសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។
លោកបានបន្តថា ក្នុងនាមរដ្ឋបាលខេត្តសូមសម្តែងការ សោកស្តាយចំពោះការបាត់បង់ ខូចខាតផលដំណាំ សត្វពាហនៈ ជាមួយបងប្អូនប្រជាកសិករ ដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង នារយៈពេលកន្លងមកជាពិសេសនៅភូមិធ្លកថ្មី ស្រុកកំពង់រោទិ៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ សម្តេចកិត្តិព្រឹត្តបណ្ឌិត និងលោក រដ្ឋមន្ត្រី វេង សាខុន ដែលពេលនេះលោក បាននាំយកពូជស្រូវដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មកចែកជូនបងប្អូនប្រជាពលរដ្ឋស្រុកកំពង់រោទិ៍នៅថ្ងៃនេះ។
លោកអភិបាលខេត្ត ក៏បានសំណូមពរ និងជំរុញដល់ប្រជាកសិករដែលទទួលបានស្រូវពូជ នៅថ្ងៃនេះត្រូវយកទៅប្រើប្រាស់បង្ក បង្កើនផលឲ្យចំទិសដៅ ដើម្បីជាទុនក្នុងរបរកសិកម្មតទៅមុខទៀត ទន្ទឹមនេះត្រូវការពារជានិច្ចនូវបញ្ហាជំងឺកូវីដ១៩ ដោយស្តាប់ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវរួមគ្នាគោរពច្បាប់ចរណ៍ផ្លូវគោក និងអប់រំណែនាំកូនចៅជៀសអោយឆ្ងាយពីបញ្ហាគ្រឿងញៀន។
បន្ទាប់ពីចែកស្រូវពូជដល់ប្រជាកសិករ លោក អភិបាលខេត្ត និងប្រតិភូអមដំណើរបានអញ្ជើញចុះពិនិត្យមើលការព្រោះស្រូវដោយប្រើម៉ាស៉ីន ព្រោះស្រូវផងដែរ៕ដោយ៖វ៉ៃកូ