Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រតិភូ​ពាណិជ្ជកម្ម​កម្ពុជា ចូលរួម​ពិធី​សម្ពោធ​ពិព័រណ៍​នាំចូល​អន្តរ​ជាតិចិន​លើក​ទី​៣ នៅ​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន តាមរយៈ​ប្រព័ន្ធ​វី​ឌី​អូ​អន​ឡាញ​

​ភ្នំពេញ​៖ លោក ឈួន ដា​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ដឹកនាំ​ប្រតិភូពាណិជ្ជកម្ម​កម្ពុជា ចូលរួម “​ពិធី​សម្ពោធ​ពិព័រណ៍​នាំចូល​អន្តរ​ជាតិចិន​លើក​ទី​៣ (The 3rd China International Import Expo) និង​វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ (Hongqiao International Economic Forum)” នៅ​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន ដែល​ប្រព្រឹត្តទៅ​តាមរយៈ​ប្រព័ន្ធ​វី​ឌី​អូ​អន​ឡាញ​។​

​ពិព័រណ៍​នាំចូល​អន្តរ​ជាតិចិន​លើក​ទី​៣ ធ្វើឡើង ក្រោម​អធិបតីភាព លោក ហាន ចឹ​ង ឧបនាយករដ្ឋមន្ត្រី​ចិន (Vice-Premier HAN Zheng) និង​ថ្លែង​សុន្ទរកថា​បើក​តាម​ប្រព័ន្ធ​វី​ឌី​អូ​ដោយ លោក ស៊ី ជីន​ពីង ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​មានការ​ចូលរួម​ពី នាយក​ដ្ឋ​មន្ត្រី ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី នៃ​បណ្តា​ប្រទេស​នានា​នៅក្នុង​តំបន់ និង​ពិភពលោក​។​

​នៅក្នុង​ឱកាស​នោះ លោក​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង បាន​ស្វាគមន៍​ប្រទេស​ចូលរួម​ទាំងអស់ ហើយ​បានប្រកាស​ពី​ភាពជោគជ័យ​របស់​ប្រទេស​ចិន​ចំពោះ​ការអនុវត្ត​នូវ​វិធានការណ៍​ជំរុញ​ពាណិជ្ជកម្ម ជាពិសេស​ការពង្រីក​ការនាំចេញ​-​នាំចូល​ផលិតផល​និង​សេវាកម្ម​គ្រប់​ប្រភេទ ដែល​ឯកឧត្តម​បានលើកឡើង​កាលពី​ឆ្នាំទៅ​។

​លោក បាន​ជំរុញ​ឲ្យ​ប្រទេស​ទាំងអស់ ចូលរួម​សហការគ្នា​ប្រយុទ្ធប្រឆាំង​និង​ដោះស្រាយ​បញ្ហា​ប្រឈម​រួម​នានា តាមរយៈ​ការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ការទំនាក់ទំនង​គ្នា​ដោយ​បើកចំហរ ហើយ​ប្រទេស​ចិន នឹងចូលរួម​យ៉ាងសកម្ម​បំផុត ដើម្បី​ជំរុញ​ឲ្យ​មាន​អនាគត​ដ៏​ត្រចះត្រចង់​មួយ​សម្រាប់​មនុស្សជាតិ​ទាំងមូល ក្នុង​គ្រា​ដែល​ពិភពលោក​ជួបនឹង​បញ្ហា​ជំងឺឆ្លង​កូ​វីដ​-១៩ នៅឡើយ​។

​លោក​បាន​លើកឡើងថា​៖«​នៅក្នុង​ជំហាន​បន្ទាប់ ប្រទេស​ចិន នឹង​បន្ត​ប្រកាន់ខ្ជាប់​នូវ​យុទ្ធសាស្ត្រ​បើកចំហរ កិច្ចសហប្រតិបត្តិការ និង​សាមគ្គីភាព ដើម្បី​លទ្ធផល​ឈ្នះ​-​ឈ្នះ​ទាំងអស់គ្នា​។ យើង នឹង​ពង្រីក​ការបើកចំហរ​គ្រប់​ជ្រុងជ្រោយ​ដោយ​មិន​ងាករេ និង​បើក​ច្រក​ដ៏​មាន​ប្រសិទ្ធភាព​ជាច្រើន​ទៀត​»​។​

​លោក​បន្តថា​៖«​ដើម្បី​ត​ភ្ជាប់​ទីផ្សារ​ក្នុងស្រុក​និង​ក្រៅ​ស្រុក ក៏ដូចជា​ចែករំលែក​ទីផ្សារ​និង​ដោះដូរ​គ្នា​នូវ​ប្រភពធនធាន​និង​ផលិតកម្ម​ជាច្រើន​មុខ ក្នុងទិសដៅ​ជំរុញ​ទីផ្សារ​ចិន​ចូលក្នុង​ទីផ្សារ​មួយ​សម្រាប់​ពិភពលោក ទីផ្សារ​មួយ​សម្រាប់​ការចែករំលែក​ទាំងអស់​គ្នា និង​ជាទី​ផ្សារ​មួយ​ដែល​ងាយស្រួល​អាច​ចូលរួមបាន​គ្រប់គ្នា​។ តាម​មធ្យោបាយ​នេះ យើង​អាច​នាំយក​នូវ​ថាមពល​វិជ្ជមាន​ទាំងអស់គ្នា ចូលទៅ​កាន់​សហគមន៍​អន្តរជាតិ​»​។​
​សូមជម្រាបថា នេះ​ជា​លើក​ទី​បី​ហើយ ដែល​កម្ពុជា​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​នាំចូល​អន្តរ​ជាតិចិន​ដ៏​ធំ​នេះ​។ កាលពី​ឆ្នាំ​២០១៩​កន្លងទៅ កម្ពុជា បានទទួល​ធ្វើ ជា​ប្រទេស​កិត្តិយស ក្នុង​ព្រឹត្តិការណ៍​នេះ ដោយបាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​និង​វេទិកា​សេដ្ឋកិច្ច​សំខាន់ៗ​ដឹកនាំ​ក្រុមហ៊ុន​ឯកជន​ធំៗ​ចូលរួម និង​មានការ​រៀបចំ​ពន្លា​ជាតិ​តាម​រចនាបទ​ខ្មែរ​ទំហំ ១៣៦​ម៉ែត្រការ៉េ ដើម្បី​ផ្សព្វផ្សាយ​ពី​សក្តានុពល​វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និង​វប្បធម៌​ជាតិ ផងដែរ​។
​សម្រាប់​ឆ្នាំ​២០២០​នេះ ដោយសារតែ​បញ្ហា​ជំងឺឆ្លង​កូ​វីដ​-១៩ កម្ពុជា ក៏ដូចជា​បណ្តា​ប្រទេស​ផ្សេងទៀត មិនអាច​រៀបចំ​ពន្លា​ជាតិ និង​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​ផ្ទាល់​ទេ ចូលរួម​តែ​វិស័យ​ឯកជន​ដែលមាន​ដៃគូ​និង​ផលិតផល​ស្រាប់​នៅ​ប្រទេស​ចិន និង​តំណាង​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន​តែប៉ុណ្ណោះ​៕
​ដោយ​៖CEN


×