ស្ទឹងត្រែង ៖ សិប្បកម្មកែច្នៃឈើកំពុងតែរីកកាន់តែធំ តាំងពីក្រុងរហូតដល់បណ្ដាស្រុកក្រុងទាំង ៥ ក្នុងខេត្តស្ទឹងត្រែង។ រីឯសកម្មភាពដឹកជញ្ជូនឈើចូលទៅកែច្នៃតាមសិប្បកម្មនានា ក៏កាន់តែកើតមានឡើងអនាធិបតេយ្យទាំងយប់ទាំងថ្ងៃ ក្រោយពីគណៈកម្មការបង្ក្រាបទប់ស្កាត់បទល្មើសធនធានធម្មជាតិថ្នាក់ជាតិលែងមានសកម្មភាព។
សិប្បកម្មទាំងធំទាំងតូចត្រូវបានគេបង្ហើបថា មានរហូតដល់ទៅរាប់សិបកន្លែងឯណោះ។ ចំពោះការប្រមូលទិញឈើវិញ សុទ្ធតែប្រភពខុសច្បាប់ដឹកតាមម៉ូតូរ៉ឺម៉កនិងរថយន្ត។
តាមប្រភពព័ត៌មានដែលបានពីអ្នករកស៊ីដឹកជញ្ជូនឈើ បានបង្ហើបប្រាប់ឲ្យដឹងថា សិប្បកម្មនៅក្នុងក្រុងស្ទឹងត្រែង គឺជាប្រភពសម្រាប់ស្តុកកែច្នៃឈើ ដើម្បីនាំចេញទៅក្រៅខេត្តនិងប្រទេសវៀតណាម។
ស្ត្រីខ្មែរវៀតណាមម្នាក់ឈ្មោះយាយបូង ដែលមានសិប្បកម្មធំមួយកន្លែងក្នុងក្រុងស្ទឹងត្រែង បានអះអាងថា សិប្បកម្មកែច្នៃឈើរបស់គាត់មានការអនុញ្ញាត ពីស្ថាប័នពាក់ព័ន្ធរយៈពេល២០ ឆ្នាំមកហើយ។
តាមការអះអាងទៀតថា បើសិនជាផុតសុពលភាពច្បាប់អនុញ្ញាត គាត់នឹងស្នើសុំជាបន្តទៀត។ ឈើដែលគាត់តម្រូវការសម្រាប់កែច្នៃភាគច្រើន ទិញពីដេប៉ូឈើ គឺជាឈើប្រភេទលេខ ២ មិនមែនជាឈើប្រណីតនោះទេ។ ដំណើរការសិប្បកម្មសព្វថ្ងៃនេះ សុទ្ធតែកម្មករជនជាតិខ្មែរ ដែលមានប្រមាណជា ១០ នាក់ប៉ុណ្ណោះ។
ស្ត្រីខាងលើបានអះអាងទៀតថា គាត់មិនបានប្រមូលទិញឈើប្រណីតឡើយ។ តែប្រភពផ្សេងបានឲ្យដឹងថា សិប្បកម្មទាំងអស់ក្នុងស្រុកទាំងក្នុងស្រុក និងសុទ្ធតែជាកន្លែងស្តុកកែច្នៃឈើប្រណិតគ្រឿងសង្ហារឹម រួចដឹកចេញតាមរថយន្តសាំយ៉ុង និងរថយន្តទំនើបៗ។
លោកអន ចាន់សុជាតិ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២០ថា សម្រាប់ទីតាំងសិប្បកម្ម នៅក្នុងខេត្តទាំងមូលមានច្បាប់អនុញ្ញាតត្រឹម ១០ កន្លែង។
លោកនាយខណ្ឌរដ្ឋបាលព្រៃឈើ បាននិយាយបន្ថែមនៅរសៀលថ្ងៃដដែលទៀតថា រាល់សិប្បកម្មដែលស្របច្បាប់មានការអនុញ្ញាតត្រឹមថ្នាក់ខេត្ត លុះត្រាតែមានប្រភពឈើច្បាស់លាស់ ក្នុងការកែច្នៃត្រឹមត្រូវ។
យោងតាមច្បាប់ស្តីពីព្រៃឈើ បានបញ្ជាក់ថា ច្បាប់អនុញ្ញាតបើកអាជីវកម្មកែច្នៃឈើបាន លុះត្រាតែម្ចាស់អាជីវកម្មមានប្រភពច្បាស់លាស់ ប្រមូលពីព្រៃសម្បទាន និងដីសង្គមកិច្ច ក្នុងការដឹកជញ្ជូនឈើយកមកកែច្នៃ ត្រួតពិនិត្យត្រឹមត្រូវពីមន្ត្រីជំនាញ។ ខុសពីនេះ ការដឹកជញ្ជូនឈើនៅខេត្តស្ទឹងត្រែង បែរជាអនាធិបតេយ្យទៅវិញ។
ពលរដ្ឋចាត់ទុកថា ការអនុញ្ញាតឲ្យមានសិប្បកម្មជាច្រើនកន្លែង ធ្វើសកម្មភាពទាំងយប់ទាំងថ្ងៃ គឺជាឆ្នាំងបាយរបស់សមត្ថកិច្ចពាក់ព័ន្ធ៕ដោយ៖សុខុម