Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាល​ជប៉ុន បានសម្រេច​ផ្តល់​ហិរញ្ញប្បទាន ឥត​សំណង​ចំនួន​ប្រមាណ ២,៧ លាន​ដុល្លារ​អាមេរិក និង​ឥណទាន​សម្បទាន​ប្រមាណ ២២៧ លាន​ដុល្លារ​អាមេរិក​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​

​ភ្នំពេញ ៖ ឆ្លើយតប​ទៅនឹង សំណើរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ដើម្បី​ពង្រឹង​ទំនាក់ទំនង​មិត្តភាព និង សហប្រតិបត្តិការ​រវាង​ជប៉ុន និង​ព្រះរាជាណាចក្រ​កម្ពុជា រដ្ឋាភិបាល​ជប៉ុន​បានសម្រេច​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ៣០០​លាន​យ៉េន​ប្រមាណ ២,៧ លាន​ដុល្លារ​អាមេរិក និង​ឥណទាន​សម្បទាន​ចំនួន ២៥ ប៊ី​លាន​យ៉េន ប្រមាណ ២២៧ លាន​ដុល្លារ​អាមេរិក​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ទី​១៖​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​។​ ​តាមរយៈ​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​“​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​” រដ្ឋាភិបាល​ជប៉ុន ផ្តល់​ថវិកា​៣០០​លាន​យ៉េន​(​ប្រមាណ ២,៧ លាន​ដុល្លារ​អាមេរិក​) ដល់​អគ្គស្នងការ​នគ​របាល​ជាតិ​និង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ ដើម្បី​ទិញ​សម្ភារ​។​
​កិច្ចសហប្រតិបត្តិការ​នេះ​មាន​គោលបំណង​ពង្រឹងសមត្ថភាព​របស់​អង្គភាព​ខាងលើ តាមរយៈ​ការផ្តល់​សម្ភារ​រួមមាន​យានយន្ត​សម្រាប់​ការពារ​សន្តិសុខ​ដើម្បី​ទុក​ការពារ​គណៈប្រតិភូ និង​ម៉ាស៊ីន​ត្រួតពិនិត្យ​កាំរស្មីអ៊ិច​សម្រាប់​ប្រើប្រាស់​នៅតាម​ព្រំដែន​គោក​។ សម្ភារ​ទាំងនេះ នឹង​ជួយ​ឲ្យ​ព្រឹត្តិការណ៍​ទ្រង់ទ្រាយ​ធំ ដូចជា​សន្និសីទ​អន្ដរជាតិ​នាពេលខាងមុខ​ប្រារព្ធ ធ្វើឡើង​ប្រកបដោយ​សុវត្ថិភាព និង​ដំណើរការ​ទៅ​យ៉ាង​រលូន​។​

​ទី​២៖ ឥណទាន​សម្បទាន​សម្រាប់​កម្មវិធី​គាំទ្រ​បន្ទាន់​ដើម្បី​ឆ្លើយតប​ទៅនឹង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩​។ ឥណទាន​សម្បទាន​សម្រាប់​កម្មវិធី​គាំទ្រ​បន្ទាន់​ដើម្បី​ឆ្លើយតប​ទៅនឹង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩ រដ្ឋាភិបាល​ជប៉ុន​ផ្តល់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ចំនួន​២៥ ប៊ី​លាន​យ៉េន​( ប្រមាណ ២២៧ លាន​ដុល្លារ​អាមេរិក​)​ដល់​កម្ពុជា​ដែល​កំពុង​រង​ផលប៉ះពាល់​ដោយ​ការរីក​រាលដាល​ជាស​កល​នៃ​វីរុស​កូ​វីដ​១៩​។
​តាមរយៈ​សហ​ហិរញ្ញប្បទាន​ជាមួយ​ធនាគារអភិវឌ្ឍន៍អាស៊ី ឥណទាន​នេះ​នឹង​ជួយ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​កូ​វីដ​១៩ រក្សា​លំនឹង​និង​ភាព​សកម្ម​នៃ​សកម្មភាព​សេដ្ឋកិច្ច​និង​សង្គម និង​ការពារ​កិច្ច​គាំពារ​សង្គម​។

​ឥណទាន​នេះ​គឺ​បន្ថែម​ពីលើ​ហិរញ្ញប្បទាន​ឥត​សំណង​៥ ប៊ី​លាន​យ៉េន​(​ប្រមាណ ៤៥ លាន​ដុល្លារ​អាមេរិក​) ដើម្បី​ឆ្លើយតប​ទៅនឹង ជំងឺ​កូ​វីដ​១៩ តាមរយៈ​ការធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​នូវ​មន្ទីរពេទ្យបង្អែក​ក្នុង​ខេត្តសៀមរាប ការផ្តល់​ឧបករណ៍ វេជ្ជសាស្ត្រ​នៅ​ទូទាំងប្រទេស និង​ជំនួយ​បច្ចេកទេស​។

​តាមរយៈ​ការប្រើប្រាស់​ឥណទាន​សម្បទាន​នេះ​ប្រកបដោយ​ប្រសិទ្ធភាព សេដ្ឋកិច្ច និង​សង្គម​របស់​ប្រទេស​កម្ពុជា​នឹង​ងើបឡើង​វិញ​យ៉ាង​ឆាប់រហ័ស​តាមរយៈ​ការពង្រឹង​ប្រព័ន្ធ​វេជ្ជសាស្ត្រ ការគាំទ្រ​ផ្នែក​សង្គម​សម្រាប់​ជនក្រីក្រ​និង​ងាយ​រងគ្រោះ និង​ផ្តល់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សហគ្រិន​រួមទាំង​សហគ្រាស​ធុន​តូច និង​មធ្យម​។​

​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​កំពុងតែបន្ត ការលើកកម្ពស់​គុណភាព​ជីវិត​របស់​ប្រជាជន ម្នាក់ៗ​ស្របគ្នា​នឹង​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ទាំងមូល​គឺមាន​សារសំខាន់​ណាស់​។ ជប៉ុន​មានបំណង​បន្ត​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​ដោយ​ប្រើប្រាស់​គ្រោងការណ៍​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​នានា​។​

​លិខិត​ប្តូរ​សារ​នៃ​គម្រោង​ទាំងនេះ​ត្រូវបាន​ចុះហត្ថលេខា​រវាង​ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃទី ៦ ខែវិច្ឆិកា​ឆ្នាំ ២០២០៕
​ដោយ​៖CEN

×