ភ្នំពេញ៖ សមាជិករដ្ឋសភា ១២៣រូប មកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ីប៉ិច បានសម្រេចអនុម័តទាំងស្រុងលើ សេចក្តីព្រាង វិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ចំនួន៥មាត្រា ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ។
នៅថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៥ ដើម្បីពិភាក្សាសេចក្តីព្រាងច្បាប់មួយចំនួន ដោយនៅក្នុងនោះមាន ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា៣៤ថ្មី មាត្រា៤២ មាត្រា ៤៩ មាត្រា ៥៣ និងមាត្រា១១៨ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។
សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៥ ដែលដឹកនាំដោយ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែលមានវត្តមានសមាជិកសមាជិការដ្ឋសភា ចំនួន ១២៣រូប ចូលរួម បានអនុម័តរបៀបវារៈចំនួន៤ មកពិភាក្សានិងអនុម័ត ដែលមានទី១ ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា៣៤ថ្មី មាត្រា៤២ មាត្រា ៤៩ មាត្រា៥៣ និងមាត្រា១១៨ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ទី២ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្មក្រមព្រហ្មទណ្ឌ។ ទី៣ ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា២៦ មាត្រា២៧ថ្មី មាត្រា២៨ មាត្រា៣១ និងមាត្រា៣២ នៃច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រុមប្រឹក្សាធម្មនុញ្ញ និងទី៤ គឺ ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម៕ ដោយ៖បញ្ញាស័ក្តិ